WHO កោតសរសើរកម្ពុជា ឆ្លើយតបបានល្អក្នុងការទប់ស្កាត់មេរោគកូវីដ១៩

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

WHO កោតសរសើរកម្ពុជា ឆ្លើយតបបានល្អក្នុងការទប់ស្កាត់មេរោគកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ ប្រធានអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅកម្ពុជា លោកស្រី លី អៃឡែន កោតសរសើររាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល ឆ្លើយតបបានល្អក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺផ្លូវដង្ហើមបង្កដោយមេរោគកូរ៉ូណា ឬ Covid-19 ដែលជាបញ្ហារបស់ពិភពលោកនាពេលបច្ចុប្បន្ន។

លោកស្រីប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ក៏បានសរសើរផងដែរ ចំពោះការទប់ស្កាត់ និងការព្យាបាលជនជាតិចិនម្នាក់ ដែលកើតមានជំងឺកូវីដ១៩ ហើយចូលមកនៅខេត្តព្រះសីហនុ។ លោកស្រី ក៏បានសរសើរចំពោះចំណាត់ការរាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យនាវាទេសចរណ៍របស់សហរដ្ឋអាមេរិក Westerdam ចូលសំចត ក្រោយប្រទេស និងកោះចំនួន៦បដិសេធ ដោយខ្លាចឆ្លងកូវីដ១៩នេះ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីកូវីដ១៩ ដែលរៀបចំដោយក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ លោកស្រី លី អៃឡែន បានលើកឡើងយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា គឺបានធ្វើការយ៉ាងល្អ សម្រាប់ឆ្លើយតបករណីកើតឡើងដំបូង ទៅលើជនជាតិចិន និងករណីទាក់ទងទៅនឹងកប៉ាល់ Westerdam»។

បើទោះបីរហូតមកដល់ពេលនេះ កម្ពុជាមិនមានករណីឆ្លងវីរុសកូវីដ១៩ផ្សេងទៀតក៏ដោយ តែលោកស្រីតំណាងអង្គការសុខភាពពិភពលោក បានណែនាំឱ្យក្រសួងសុខាភិបាលកម្ពុជា ត្រៀមខ្លួនទប់ស្កាត់គ្រប់ពេលវេលា ខណៈប្រទេសជាច្រើននៅលើពិភពលោកបានឆ្លងនូវវីរុសនេះរួចទៅហើយ។

លោកស្រី លី អៃឡែន បានបន្ថែមថា ការត្រៀមរៀបចំខ្លួនសម្រាប់ជំងឺកូវីដ១៩នេះ គឺទាមទារឱ្យមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ, សហគមន៍ និងអ្នកសារព័ត៌មានផងដែរ។ លោកស្រីបញ្ជាក់ថា អ្នកសារព័ត៌មាន គឺអាចផ្ដល់នូវព័ត៌មាន ដែលជាព័ត៌មានពិត មានភស្ដុតាងបញ្ជាក់ច្បាស់លាស់ មិនមែនព័ត៌មានចចាមអារ៉ាមដែលបង្កើតឲ្យមានការភិតភ័យនោះទេ។

លោកស្រីក៏បានផ្តល់ដំបូន្មានទៅតាមសហគមន៍ផងដែរ ឱ្យត្រៀមខ្លួន និងចូលរួមទប់ស្កាត់ តាមរយៈការធ្វើអនាម័យត្រូវលាងសម្អាតដៃ ឱ្យបានញឹកញាប់, ពេលក្អកត្រូវពាក់ម៉ាស់ ឬខ្ទប់មាត់ ឬច្រមុះជាដើម។

លោកស្រីបានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក នៅតែបន្ដគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ព្រមទាំងធ្វើការជាមួយដៃគូអភិវឌ្ឍន៍ទាំងអស់ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញមានជំងឺកូវីដ១៩ នោះទេ។ ក្រសួងបានឲ្យដឹងទៀតថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តសំណាកបុគ្គល ដែលសង្ស័យសរុបចំនួន១៣៥នាក់ គិតមកត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ តែមិនទាន់រកឃើញអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានវីរុសកូវីដ១៩នោះឡើយ។

សូមរំលឹកថា កន្លងទៅមានជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ហើយបានរកឃើញផ្ទុកវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុ ប៉ុន្ដែដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ជនជាតិចិននោះត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv