អ្នករកស៊ីល្បីឈ្មោះវិស័យអចលនទ្រព្យ ប្រាប់អំពីហេតុផលដែលកម្ពុជា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នករកស៊ីល្បីឈ្មោះវិស័យអចលនទ្រព្យ ប្រាប់អំពីហេតុផលដែលកម្ពុជា ទទួលបានលំហូរវិនិយោគចិន ច្រើនជាងប្រទេសផ្សេង

(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា មានអ្នកវិនិយោចិនច្រើនជាងអ្នកវិនិយោនៃបណ្ដាប្រទេសផ្សេងនោះ លោកឧកញ៉ា នួន រិទ្ធី អ្នករកស៊ីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាមួយរូប បានប្រាប់អំពីហេតុផលដែលនាំឲ្យកម្ពុជា ចាប់បានអ្នកវិនិយោគចិនមកច្រើន។

លោកបញ្ជាក់ថា កត្តាដែលនាំឲ្យវិនិយោគិនចិន មានលំហូរច្រើននៅកម្ពុជា ច្រើនជាងវិនិយោគផ្សេងៗទៀត គឺដោយសារតែកម្ពុជាមានស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ល្អ ជាប្រទេសមានកំណើនសេដ្ឋកិច្ចលូតលាស់ខ្លាំង ហើយជាពិសេសនោះ មានគោលនយោបាយល្អ សម្រាប់ទាក់ទាញវិនិយោគ និងមានភូមិសាស្ត្រអំណោយផលផងដែរ។

ឆ្លើយតបនឹងសំនួរ ថាតើកម្ពុជារើសអើងអ្នកវិយោគផ្សេង ចាប់យកវិនិយោគិនចិនមែនឬ? លោកឧកញ៉ា នួន រិទ្ធី បានឆ្លើយថា នេះជាការចោទប្រកាន់ របស់អ្នកដែលមាននិន្នាការផ្ទុយពីកម្ពុជា ឬក៏អាចច្រណែននឹងលទ្ធផល ដែលប្រទេសកម្ពុជា កំពុងទទួលបានផលវិជ្ជមាន អំពីការទូតរបស់ប្រមុខរដ្ឋាភិបាល ដែលមានចក្ខុវិស័យគ្រប់ជ្រុងជ្រោយ។

លោកបន្ថែមថា «យើងឃើញកាលានុវត្ដភាព របស់ប្រទេសកម្ពុជា មិនមែនជាភាពចៃដន្យនោះទេ គឺជាយុទ្ធសាស្ដ្រទាំងអស់ យើងឃើញថាមានប្រទេសណា ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេស បើកក្រុមហ៊ុនជាភាគហ៊ុន ១០០ភាគរយរបស់ខ្លួនឯង គឺពុំមានទេ។
មានតែប្រទេសកម្ពុជាទេ ផ្ដល់ភាពងាយស្រួល គ្រប់សព្វបែបយ៉ាង ដល់បណ្ដាលប្រទេសវិនិយោគ។ យើងឃើញហើយថា នៅក្នុងការបើកច្រកស្រូបទាញទាំងអឺរ៉ុប និងបណ្តាលប្រទេសផ្សេងៗទៀត គឺយើងមានយុទ្ធសាស្ដ្រគ្រប់ជ្រុងជ្រោយ នៅក្នុងការទាក់ទាញវិនិយោគ គឺយើងមិនបានបង្ហាញថា យើងរើសអើងនិន្នាការណាមួយនោះទេ»។

អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ដែលស្ថិតនៅក្នុងចំណោមប្រទេសអាស៊ាន ហើយនៅចំកណ្ដាលប្រទេសអាស៊ាន ដែលជាគោលដៅផលិតដើម្បីចែកចាយ នៅក្នុងបណ្ដាប្រទេសអាស៊ាន ក៏ដូចជាការនាំចេញទៅប្រទេសដៃគូ ដូចជាអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដែលមានការសហការជាមួយកម្ពុជា។

លោកឧកញ៉ា នួន រិទ្ធី បានបន្ថែមទៀតថា យុទ្ធសាស្ដ្រ និងភូមិសាស្ដ្រនយោបាយកម្ពុជាល្អ ដោយក្នុងនោះកម្ពុជា ក៏នៅក្នុងផែនការតភ្ជាប់វិថីសូត្រមាសរបស់ចិនផងដែរ, កម្ពុជាមានភាពងាយស្រួល ទាំងភូមិសាស្ដ្រដឹកជញ្ជូន ផ្លូវដែកក៏មាន ផ្លូវគោកក៏មាន ផ្លូវទឹកក៏មាន ផ្លូវអាកាសក៏មាន រួមទាំងកំពង់ផែទឹកជ្រៅទៀតផង។

លោកបន្តថា «កត្ដាមួយទៀតចម្ងាយចរ ពីប្រទេសកម្ពុជាទៅក្នុងតំបន់អាស៊ាន ឬមិនលើសពីរយៈពេល២កន្លះនោះទេ ហើយចម្ងាយចរពីភ្នំពេញ ទៅទីក្រុងពាណិជ្ជកម្មសំខាន់ៗ របស់ប្រទេសចិន ក៏មិនលើសពី៣ម៉ោងដែរ។ ចំណុចទាំងអស់នេះ ហើយបានជាកម្ពុជា មានការស្រូបទាញអ្នកវិនិយោគចិនច្រើនជាង វិនិយោគទុនណាទាំងអស់ ដោយសារតែភូមិសាស្ដ្រកម្ពុជា នៅជិតប្រទេសចិន»៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv