អ្នកជំងឺខ្មែរឥស្លាម ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅជាទីបំផុត...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកជំងឺខ្មែរឥស្លាម ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅជាទីបំផុត ក្រោយទទួលបានការសណ្តោសប្រណីជួយផ្តល់ថវិកាព្យាបាលជំងឺឥតគិតថ្លៃ (Video inside)

(ភ្នំពេញ)៖ ពិតជារំភើប និងរកពាក្យថ្លែងស្ទើរមិនចេញនោះទេ សម្រាប់ក្រុមគ្រួសារខ្មែរឥស្លាមដែលមានសមាជិកដ៏ធំមួយ មកពីស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចំពោះទឹកចិត្តមេត្តា និងមានការសណ្តោសប្រណីពីមេដឹកនាំប្រទេសរបស់ខ្លួន គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានផ្តល់ថវិកាទាំងស្រុងចំពោះការព្យាបាលជំងឺរ៉ាំរៃជាយូរឆ្នាំរបស់ខ្លួន។

លោក ឡៃ ម៉ាន អាយុ៥៣ឆ្នាំ មានប្រពន្ធឈ្មោះ ម៉ាត់ តេះ អាយុ៥៧ឆ្នាំ និងមានកូនចំនួន ៨នាក់ (ប្រុសម្នាក់ និងស្រី៧នាក់) ជាក្រុមគ្រួសារខ្មែរឥស្លាមរស់នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជួយផ្តល់ថវិកាព្យាបាលជំងឺបេះដូងរីក និងរលាកសួត ដែលគ្មានថវិកាគ្រប់គ្រាន់លើការព្យាបាល។

ការផ្តល់ថវិកា និងធានារ៉ាប់រងលើការព្យាបាលជូនលោក ឡៃ ម៉ាន ពីសំណាក់នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន នៅពេលនេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយសារកូនប្រសាររបស់លោកឈ្មោះ ផាន អាស៊ី អាយុ៣០ឆ្នាំ មុខរបរជាគ្រូបង្រៀននៅសាលាឥស្លាមមួយក្នុងស្រុកព្រៃនប់ បានប្រើ Account Facebook «Azii Kps» ចូលទៅ Comment នៅក្នុង Facebook សម្តេចដើម្បីសុំថវិកាព្យាបាលជំងឺឪពុកក្មេករបស់ខ្លួន។

លោក ផាន អាស៊ី បានសរសេរយ៉ាងដូច្នេះថា «សម្តេចពុកជាទីគោរព ឪពុករបស់ខ្ញុំមានជំងឺបេះដូងរីក និងរលាកសួត មន្ទីរពេទ្យតាមខេត្តចង់បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែគ្មានថវិកា មិនហ៊ានទៅទេ សូមសម្តេចមេត្តាករុណាផងបាទ»។

ក្រោយពេលឃើញសាររបស់លោក ផាន អាស៊ី ភ្លាម, សម្តេចតេជោក៏បានឆ្លើយតបទៅវិញថា «ពេទ្យកាល់ម៉ែតនឹងទាក់ទងទៅយកមកព្យាបាលជូន ដោយមិនបាច់បង់ថ្លៃទេ»។

ក្រោយមានបញ្ជាពីសម្តេចតេជោ, ខាងមន្ទីរពេទ្យកាល់ម៉ែត ក៏បានទាក់ទងទៅជនរងគ្រោះ និងបានដឹកមកព្យាបាលនៅមន្ទីរពេទ្យភ្លាមៗតែម្តង ដោយមានប្រពន្ធ កូនប្រុសបង្កើតម្នាក់ និងកូនប្រសារមកជាមួយ ដើម្បីកំដរមើលថែទាំអ្នកជំងឺ។

ជួបជាមួយអ្នកយកព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ អ្នកស្រី ម៉ាត់ តេស អ្នកជំងឺបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះថា «សម្ដេចលោកមកសួរសុខទុក្ខផ្ទាល់ ខ្ញុំអរគុណដល់អ្វីផ្ដូច ពុំបាននោះទេអរគុណខ្លាំងណាស់។ សម្ដេចលោកមានទឹកចិត្តល្អ ចេះមើលថែប្រជារាស្ដ្រ ចេះអាណិតស្រលាញ់ប្រជារាស្ដ្រ, ហើយសម្តេចពុកក៏បានឧបត្ថម្ភថវិកា៣ពាន់ដុល្លារបន្ថែមទៀតផងដែរ»។

ជាមួយគ្នានេះកូនប្រុសរបស់អ្នកជំងឺដែលចូល Comment ក្នុងទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា មូលហេតុដែលជំរុញឲ្យលោកហ៊ានចូល Comment គឺដោយក្ដីសង្ឃឹមថា សម្ដេចច្បាស់ជាមានចិត្តមេត្តាជួយដល់ឪពុករបស់លោកដែលមានជំងឺ ខណៈក្រុមគ្រួសាររបស់លោកកំពុងជួបការខ្វះខាតមិនមានលទ្ធភាព ដើម្បីព្យាបាលឪពុកនោះឡើយ។

លោកបានបន្ថែមទៀតថា ក្រោយ Comment ប្រហែល១០នាទីស្រាប់តែពេលនោះ សម្ដេចធ្វើការឆ្លើយតប ដោយឲ្យខាងមន្ទីរពេទ្យកាល់ម៉ែតទាក់ទងទៅលោក និងបញ្ជូនឪពុកដែលកំពុងតែមានជំងឺមកព្យាបាលដោយមិនបង់ថ្លៃ។ លោកក៏បានបង្ហាញនូវក្ដីរំភើបរីករាយ ចំពោះទឹកចិត្តដ៏ធំធេងរបស់សម្ដេចចំពោះប្រជាពលរដ្ឋ។

លោកគ្មានអ្វីក្រៅពីការថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចំពោះទឹកចិត្តនេះឡើយ និងសូមគោរពជូនពរឲ្យសម្ដេច មានសុខភាពល្អរឹងមាំ ដើម្បីបន្ដដឹកនាំនាវាកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ពេលជនរងគ្រោះ ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ និងបន្ទាប់ពីប្រកាសបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែតនោះ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះសួរសុខទុក្ខដោយផ្ទាល់ចំពោះអ្នកជំងឺរូបនេះតែម្តង៕

សូមទស្សនាវីដេអូ ដែលជនរងគ្រោះនិងក្រុមគ្រួសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន៖

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv