អាជ្ញាធរ និងសមត្ថកិច្ចចុះឆែកឆេរទីតាំងស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អាជ្ញាធរ និងសមត្ថកិច្ចចុះឆែកឆេរទីតាំងស្នាក់ការអតីតគណបក្សសង្គ្រោះជាតិ ដើម្បីរកភ័ស្ដុតាងបន្ថែមទៀត ក្រោយចាប់ខ្លួន ១០នាក់ (Video inside)

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ដឹកនាំដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះឆែកឆេរទីតាំងស្នាក់ការ អតីតគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដើម្បីរកភ័ស្ដុតាងបន្ថែមទៀត ក្រោយចាប់ខ្លួនមនុស្ស១០នាក់ ពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ។

លោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ ប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះដឹកនាំដោយលោក សេង ហ៊ាង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឆែកឆេររកភ័ស្ដុតាងបន្ថែមទៀត។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចដកហូតបានវត្ថុតាងមួយចំនួន សង្ស័យពាក់ព័ន្ធផែនការធ្វើរដ្ឋប្រហារ និងឈានដល់ការបិទទីស្នាក់ការជាបណ្ដោះអាសន្ន។

គួរជម្រាបថា លោក កូយ សៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ម្សិលមិញ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ១០នាក់ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់ជាមួយ ទណ្ឌិត សម រង្ស៉ី។

មនុស្សចំនួន១០នាក់នេះ ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ នាំខ្លួនទៅកាន់សាលាដំបូងរាជធានភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ និងចោទប្រកាន់ ពាក់ព័ន្ធលើករណី (រួមគំនិតក្បត់ជាមួយទណ្ឌិត សម រង្ស៉ី)។

សូមរំលឹកថា មនុស្សចំនួន១០នាក់ ដែលសុទ្ធសឹងជាអ្នកប្រចាំការយាមនៅទីតាំងអតីតទីស្នាក់ការគណបក្សសង្រ្គោះជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន នៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈអាជ្ញាធរចុះធ្វើរដ្ឋបាល ស្ថិតនៅចំណុចផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ ក្រុមទី១៣ ភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv