អភិបាលខេត្តត្បូងឃ្មុំ ធានាអះអាងថា មិនមានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជា តាមខេត្តត្បូងឃ្មុំនោះទេ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អភិបាលខេត្តត្បូងឃ្មុំ ធានាអះអាងថា មិនមានការនាំចូលជ្រូកពីវៀតណាមមកកម្ពុជា តាមខេត្តត្បូងឃ្មុំនោះទេ (Video inside)

(ភ្នំពេញ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ បានធានាអះអាងថា មិនមានការនាំចូលជ្រូកពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកមួយចំនួន នៃខេត្ដត្បូងឃ្មុំ ដូចពាក្យចចាមអារាម ដែលបានលិចលឺនោះទេ។

ការអះអាងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក ជាម ច័ន្ទសោភ័ណ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ។

ឆ្លើយតបនឹងសំនួរថា លឺចចាមរាមថា មាននាំចូលជ្រូក ពីខាងប្រទេសជិតខាង មកតាមច្រកមួយចំនួន តាមខេត្តត្បូងឃ្មុំ? លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមធានាថា មិនមានទេ [...] យើងមិនមានការនាំចូលទេ ហើយការនាំចូល ក៏មិនមានជាឆន្ទានុសិទ្ធិ សម្រាប់រដ្ឋបាលខេត្តត្បូងឃ្មុំដែរ គឺជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអ្នកចេញអាជ្ញាប័ណ្ណ»។

លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជក់ថា មន្ដ្រីជំនាញខេត្ត បានខិតខំប្រឹងប្រែងណាស់ ក្នុងការទប់ស្កាត់ការនាំជ្រូកពីប្រទេសវៀតណាម ហើយមានព័ត៌មានមួយចំនួន បានចុះផ្សាយថា រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រងើយកន្ដើយចំពោះបញ្ហានេះ មិនមែនជាការពិតនោះទេ។

ជាមួយគ្នានោះ អភិបាលខេត្តត្បូងឃ្មុំ ក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ព្រំដែននៅក្នុងខេត្តត្បូងឃ្មុំ មានរហូតដល់១៤៣គីឡូម៉ែត្រ ដែលជាប់នឹងខាងប្រទេសវៀតណាម។

ទន្ទឹមគ្នានោះ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងថា កាលពីឆ្នាំមុន មានបញ្ហានាំជ្រូក ពីប្រទេសវៀតណាមមែន ដោយសារតែកម្ពុជា មានការខ្វះខាត មិនអាចផ្គត់ផ្គង់ក្នុងស្រុកបាន ប៉ុន្ដែការនាំចូលនេះ មិនមានភាពទ្រង់ទ្រាយធំនោះឡើយ។

លោកសូមសំណូមពរ ដល់ប្រជាពលរដ្ឋ នៅក្នុងខេត្តត្បូងឃ្មុំ សូមមេត្ដាជួយបន្ថែមទៀត លើវិស័យកសិកម្ម ព្រោះថា ឥឡូវនេះនរណាក៏ត្រូវការកសិកម្មនរណាក៏ត្រូវការការហូបចុកដែរ។

លើសពីនោះទៀត លោក ជាម ច័ន្ទសោភ័ណ បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា ត្រូវចូលរួមចំណែក ដើម្បីលើកតម្កើនជីវភាពដល់បងប្អូនប្រជាពលរដ្ឋរបស់យើង ជាពិសេសកាត់បន្ថយភាពក្រីក្រ តាមរយៈវិស័យកសិកម្ម ព្រោះថា កសិកម្ម គឺជាមាសស។

លោក ជាម ច័ន្ទសោភ័ណ ក៏បានប្រាប់ទៅប្រធានមន្ទីរកសិកម្មខេត្ត ត្រូវធ្វើយ៉ាងណា រៀបចំនូវពូជបន្លែបង្ការមួយចំនួន ដើម្បីផ្ដល់ជូនដល់ប្រជាពលរដ្ឋបានដាំ ដើម្បីទ្រទ្រង់ជីវភាពនៅក្នុងគ្រួសារ បានធូរមួយកម្រិតផងដែរ។

គូសបញ្ជាក់ថា ខេត្តត្បូងឃ្មុំ មានកសិដ្ឋានចិញ្ចឹមជ្រូក១៩ ស្មើ៧៣ខ្នង កសិដ្ឋានចិញ្ចឹមមាន់៦៥ ស្មើ៨០ខ្នង។ សរុបទូទាំងខេត្ត មានគោ៨៨,០០០ក្បាល ក្របី២៤ ៧០០ក្បាល ជ្រូក៧២,០០០ក្បាល មាន់ ទា បក្សីផ្សេងៗ សរុប១,៥០០,០០០ក្បាល។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានបញ្ជាក់ឲ្យដឹងថា នៅរយៈពេល៥ខែ ដើមឆ្នាំ២០២០នេះ អគ្គនាយកដ្ឋាន ទទួលបានការ ស្នើសុំបង្កើតកសិដ្ឋាន២៣កន្លែង (ខ្នាតធំ៧កន្លែង ខ្នាតមធ្យម២កន្លែង និងខ្នាតតូច ១៤កន្លែង) បើធៀបនឹងឆ្នាំ២០១៩ ពេញមួយឆ្នាំទទួលបានការស្នើសុំបង្កើតកសិដ្ឋានចំនួន១០កន្លែង។

រីឯការនាំចូលមេជ្រូកពូជ មានចំនួន១៤,០០០ក្បាល ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០ ដែលមានការកើនឡើងខ្ពស់ បើធៀបនឹងឆ្នាំ២០១៩ គឺការនាំចូលមានត្រឹម ៧៨៤០ក្បាល និងកូនជ្រូកពូជ នាំចូលរយៈពេល៥ខែដើមឆ្នាំ២០២០ មានចំនួន ៨៨,៨៧០ក្បាល នាំចូលរយៈពេល៥ខែដើម ឆ្នាំ២០១៩។

លទ្ធភាពផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តាមរយៈការចិញ្ចឹមតាមកសិដ្ឋាន និងតាមគ្រួសារក្នុងឆ្នាំ២០២០ មានចំនួន ៥៨០០ក្បាលក្នុងថ្ងៃ និងមានការនាំចូលបំពេញបន្ថែម ចន្លោះពីចំនួន ២,៣៥០ក្បាល ទៅ ៤,៤០០ក្បាល/ថ្ងៃ ទៅតាមតម្រូវការតិច ឬច្រើន៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.