អគ្គនាយក SECC៖ វិស័យអចលនទ្រព្យ សណ្ឋាគារ និងធានារ៉ាប់រង នឹងឈានចូលក្នុងទីផ្សារមូលបត្រ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អគ្គនាយក SECC៖ វិស័យអចលនទ្រព្យ សណ្ឋាគារ និងធានារ៉ាប់រង នឹងឈានចូលក្នុងទីផ្សារមូលបត្រ បន្ទាប់ពីវិស័យធនាគារ (Video inside)

(ភ្នំពេញ)៖ លោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា (SECC) បានបង្ហើបឲ្យដឹងថា បច្ចុប្បន្នគណៈកម្មការមូលបត្រកម្ពុជា បាន និងកំពុងជំរុញ និងគៀរគរវិស័យផ្សេងៗចូលក្នុងវិស័យមូលបត្រកម្ពុជា ដោយក្នុងនោះនឹងមានក្រុមហ៊ុនមកពីវិស័យអចលនទ្រព្យ, វិស័យសណ្ឋាគារ និងវិស័យធានារ៉ាប់រង ដែលអាចនឹងឈានជើងចូល ក្នុងវិស័យមូលបត្រកម្ពុជា ក្នុងពេលខាងមុខ។

លោក ស៊ូ សុជាតិ បានបញ្ជាក់ថា «ការចាប់ផ្ដើមដំបូងក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលបានគាំទ្រដំណើរការទីផ្សារ តាមរយៈការដាក់ក្រុមហ៊ុនរដ្ឋមួយចំនួន ដើម្បីចុះបញ្ជីក្នុងទីផ្សារមូលបត្រ ហើយបន្ទាប់ពីមានក្រុមហ៊ុនរដ្ឋក៏មានក្រុមហ៊ុនឯកជន ចាប់ផ្ដើមចាប់អារម្មណ៍លើវិស័យនេះជាបន្ដបន្ទាប់ ដោយមានវិស័យធនាគារ និងវិស័យមិនមែនធនាគារ»។

ការបញ្ជាក់របស់លោក ស៊ូ សុជាតិ ធ្វើឡើងក្នុងកិច្ចសម្ភាសន៍ «ភ្ញៀវពិសេសប្រចាំសប្ដាហ៍» របស់ទូរទូស្សន៍ Fresh News ក្រោមប្រធានបទស្ដីពី «វិស័យមូលបត្រនៅពេលកម្ពុជា ជួបប្រទះនូវវិបត្តិកូវីដ១៩»។

លោក ស៊ូ សុជាតិ ឲ្យដឹងថា គណៈកម្មការមូលបត្រកម្ពុជា តែងតែសម្លឹងមើល លើក្រុមហ៊ុនទាំងឡាយណា ដែលមានភាពរួចរាល់ ជាក់ស្ដែងដូចវិស័យហិរញ្ញវត្ថុ គឺជាវិស័យមួយ ដែលក្រុមហ៊ុនមានភាពរួចរាល់មុនគេ តាំងពីផ្នែករបាយការណ៍ហិរញ្ញវត្ថុ, ផ្នែកអភិបាលកិច្ចសាជីវកម្មជាដើម។ ដូច្នេះបានជាអ្នកទាំងអស់គ្នាឃើញថា ផ្នែកហិរញ្ញវត្ថុបានឈានជើងចូលទីផ្សារមូលបត្រមុនគេ។

លោកបញ្ជាក់ថា «បន្ទាប់ពីវិស័យធនាគារ គណៈកម្មការមូលបត្រកម្ពុជា ក៏ដូចជាផ្សារមូលបត្រ បានសម្លឹងឃើញវិស័យ៣ រួមមាន វិស័យធានារ៉ាប់រង, វិស័យអចលនទ្រព្យ ខ្ញុំគិតថាប្រហែលជាចុងឆ្នាំ២០២០នេះ យើងនឹងទទួលបានសំណើពីក្រុមហ៊ុនអចលនទ្រព្យ មកបោះផ្សាយលក់មូលបត្របំណុល និងមូលបត្រកម្មសិទ្ធិ និងវិស័យសណ្ឋាគារ ជាវិស័យដែលកំពុងជំរុញក្នុងការចូលលើទីផ្សារមូលបត្រកម្ពុជា ដោយវិស័យទាំង៣នេះ នឹងឈានជើង ចូលក្នុងទីផ្សារមូលបត្រ ក្នុងពេលឆាប់ៗខាងមុខនេះ»។

លោកបន្ថែមថា តាមរយៈការចុះបញ្ជីរបស់ធនាគារអេស៊ីលីដា សញ្ញាដែលល្អសម្រាប់ទីផ្សារ គឺមិនត្រឹមតែចំនួនក្រុមហ៊ុនចុះបញ្ជីទេ តែគុណភាពរបស់ក្រុមហ៊ុនចុះបញ្ជី នឹងធ្វើឲ្យទីផ្សារដំណើរការទៅបានល្អ។ ជាក់ស្ដែងលទ្ធផលដែលធនាគារអេស៊ីលីដា បានចុះបញ្ជី ស្ថានភាពនៃការជួញដូរ គឺមានភាពពុះកញ្ជ្រោលមែនទែន ដោយសារគុណភាពក្រុមហ៊ុនបោះផ្សាយ ដែលមានភាគហ៊ុនមួយ ដែលវិនិយោគិនចង់បាន ទាំងនេះដែលធ្វើឲ្យទីផ្សារមានភាពសកម្ម។

លោក ស៊ូ សុជាតិ ឲ្យដឹងទៀតថា គណៈកម្មការមូលបត្រកម្ពុជា មិនត្រឹមតែបង្កើនក្រុមហ៊ុនចុះបញ្ជីប៉ុណ្ណោះទេ ប៉ុន្ដែក៏បានសម្លឹងមើលក្រុមហ៊ុន ចុះបញ្ជីដែលមានគុណភាព ដូចជាធនាគារអេស៊ីលីដាបន្ថែមប្រមាណ៣-៤ក្រុមហ៊ុនទៀត ហើយទាំងនេះនឹងធ្វើឲ្យទីផ្សារកាន់តែសកម្មខ្លាំងឡើងៗ។

លោកអគ្គនាយករូបនេះ ក៏បានអំពាវនាវចំពោះក្រុមហ៊ុនចុះបញ្ជីទោះច្រើនក្ដី ឬតិចក្ដី ដែលយកភាគហ៊ុនមកដាក់លក់លើទីផ្សារ នឹងជួយបង្កើនទំនុកចិត្តរបស់ក្រុមហ៊ុនពីសាធារណជន មិនត្រឹមតែទទួលបានហិរញ្ញប្បទានទេ ក្រុមហ៊ុននឹងធ្វើឲ្យសាធារណជន មានទំនុកចិត្តច្បាស់លាស់៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.