អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ប្រជាពលរដ្ឋកុំភ័យខ្លាចក្នុងការទទួលទាន និងចិញ្ចឹមត្រីទីឡាប់យ៉ា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ៖ ប្រជាពលរដ្ឋកុំភ័យខ្លាចក្នុងការទទួលទាន និងចិញ្ចឹមត្រីទីឡាប់យ៉ា ព្រោះជាត្រីមានត្រូវការខ្លាំង នៅលើទីផ្សារពិភពលោក (Video inside)

(កំពង់ស្ពឺ)៖ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានពន្យល់លម្អិតទាក់ទងនឹងបញ្ហានៃការចិញ្ចឹម និងទទួលទានត្រីទីឡាប់យ៉ាក្រហម ដល់ប្រជាកសិករកម្ពុជា ដោយសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានភ័យខ្លាច ក្នុងការទទួលទាន និងចិញ្ចឹមត្រីប្រភេទនេះ ដោយយល់ថា ទទួលទានត្រីទីឡា ប់យ៉ាក្រហម នឹងកើតជំងឺមហារីកជាដើម ប៉ុន្ដែជាក់ស្ដែងត្រីប្រភេទបែរ ជាកំពុងត្រូវប៉ាន់លើទីផ្សារពិភពលោក។

ការពន្យល់របស់លោក កៅ ថាច ធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមកម្មវិធីផ្សព្វផ្សាយស្ដីពី «លទ្ធភាពឥណទាន ដល់កសិករចិញ្ចឹមសត្វ វារីវប្បកម្ម ដាំបន្លែផ្លែឈើ និងសហគ្រាសកែច្នៃ ផលិតផលកសិកម្ម» នៅខេត្តកំពង់ស្ពឺ។

លោក កៅ ថាច ថ្លែងឲ្យដឹងថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនហ៊ានទទួលទានត្រីទីឡាប់យ៉ាក្រហមនោះទេ ដោយមានជំនឿថា ទទួលទានត្រីប្រភេទនេះ នឹងបង្កឲ្យកើតជំងឺមហារីក ប៉ុន្ដែបើតាមអ្នកវិទ្យាសាស្រ្ដផ្នែកត្រី នៅវិទ្យាស្ថាន AIT បានបង្ហាញថា ត្រីទីឡាប់យ៉ាក្រហមនេះ មិនមានបង្កឲ្យកើតជំងឺផ្សេងៗឡើយ ប៉ុន្ដែផ្ទុយមកវិញត្រីប្រភេទនេះ ជាប្រភេទត្រីដែលមានវីតាមីនខ្ពស់។

លោកបានបន្ដថា «ត្រីទីឡាប់យ៉ាក្រហមប្រភេទនេះ ត្រូវបាននាំយកទៅលក់លើទីផ្សារពិភពលោក ប្រមាណ៦.៩ពាន់លានតោនក្នុងមួយឆ្នាំ ដែលបរទេសបានចាត់ទុកត្រីប្រភេទនេះ ជាសត្វមាន់ដែលចិញ្ចឹមក្នុងទឹក។ ប៉ុន្ដែចំពោះប្រជាកសិករយើងវិញ បែរជាជឿគេរហូតដល់លែងហ៊ានហូប បើបងប្អូនបានទៅលេងប្រទេសថៃវិញ ឃើញថាថៃគេនិយមទទួលទានត្រីក្រហមនេះណាស់»។

លោកបានបន្ថែមថា នេះជាវិទ្ធង្សសេនាសេដ្ឋកិច្ច ដែលធ្វើឲ្យប្រជាពលរដ្ឋមិនហ៊ានទទួលទាន កសិករមិនហ៊ានចិញ្ចឹម ព្រោះមិនមានតម្រូវការ។ ប្រទេសដែលចិញ្ចឹមត្រីទីឡាប់យ៉ាក្រហមនេះ ច្រើនជាងគេរួមមាន៖ ប្រទេសចិន, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, សិង្ហបុរីជាដើម។

លោកបានបញ្ជាក់ថា «បើតាមគេប្រាប់ខ្ញុំកន្លងមកថា ត្រីប្រភេទនេះត្រូវបានចូលមកប្រទេសថៃ និងសំបូរខ្លាំងនៅក្នុងឆ្នាំ១៩៧៩ តាមរយៈអ្នកវិនិយោគជប៉ុន ដែលបានយកត្រី៦ក្បាលយកមកថ្វាយស្ដេច [.....] បន្ទាប់ពីសោយហើយឃើញថា មានរសជាតិឆ្ងាញ់ទើបធ្វើឲ្យអ្នកវិទ្យាសាស្រ្ដថៃ បង្កាត់ពូជត្រីប្រភេទនេះឡើង ដើម្បីផ្គត់ផ្គង់តម្រូវការ»។

លោក កៅ ថាច ឲ្យដឹងទៀតថា ជាការពិតហើយការចិញ្ចឹមត្រីខ្លះអាចមានបញ្ហា មិនខុសអ្វីពីបងប្អូនទៅចាប់ត្រី ក្នុងស្រែមកទទួលទានក៏មានខ្លះពុលដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.