អគ្គនាយកកៅស៊ូ៖ កម្ពុជាអាចប្រមូលផលជ័រកៅស៊ូនាំចេញបាន៣៥ម៉ឺនតោន នៅឆ្នាំ២០២០នេះ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អគ្គនាយកកៅស៊ូ៖ កម្ពុជាអាចប្រមូលផលជ័រកៅស៊ូនាំចេញបាន៣៥ម៉ឺនតោន នៅឆ្នាំ២០២០នេះ (Video inside)

(ភ្នំពេញ)៖ លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងឲ្យដឹងថា នៅឆ្នាំ២០២០នេះ កម្ពុជារំពឹងថានឹងអាចប្រមូលផលជ័រកៅស៊ូ និងនាំចេញបាន៣៥ម៉ឺនតោន។

ចំពោះតម្លៃកៅស៊ូវិញ លោកអគ្គនាយកបានបញ្ជាក់ថា នៅរយៈពេល២ខែចុងក្រោយនេះ តម្លៃជ័រកៅស៊ូបានរើបឡើងបន្តិច ក្នុងតម្លៃ១៤០០ដុល្លារក្នុងមួយតោន។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «វិធានការជំរុញផលិតផលកសិកម្មទៅកាន់ទីផ្សារពិភពលោក» ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោក ប៉ុល សុផា បានថ្លែងយ៉ាងដូច្នេះថា «បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីកៅស៊ូ ប្រមាណជាង៤១ម៉ឺនហិកតាទូទាំងប្រទេស ដែលរាយប៉ាយទៅលើ២០ខេត្ត។ សម្រាប់ផលិតផលកៅស៊ូបច្ចុប្បន្ន ប្រមូលផលលើផ្ទៃដី២៩ម៉ឺនហិកតា ដែលរំពឹងថាប្រមូលផលក្នុងឆ្នាំ២០២០នេះ នឹងសម្រេចបានប្រមាណ៣៥ម៉ឺនតោន។ ក្នុងរយៈពេល៦ខែកន្លងមកនេះ យើងបាននាំចេញចំនួនជាង១០ម៉ឺនតោនហើយ»។

លោកបន្តថា តម្លៃកៅស៊ូមានការវិវត្តន៍ប្រែប្រួលចុះឡើងខ្ពស់ គឺឆ្នាំ២០១១ កើនឡើងក្នុងតម្លៃខ្ពស់បំផុតរហូត ដល់ប្រមាណ៦ពាន់ដុល្លារក្នុង១តោន ហើយបានធ្លាក់ចុះមកវិញជាបន្តបន្ទាប់នៅឆ្នាំ២០១៥ សល់ត្រឹមតែ១២០០ដុល្លារក្នុងមួយតោន។ បច្ចុប្បន្ននេះតម្លៃកៅស៊ូបានកើនឡើងបន្តិច គឺកើនពី១៣០០ដុល្លារ ដល់ ១៤០០ដុល្លារក្នុង១តោន។

លោក ប៉ុល សុផា បានបញ្ជាក់ទៀតថា ទីផ្សារនាំចេញកៅស៊ូមិនមានការកកស្ទះទេ ដែលមានទីផ្សារដូចជាវៀតណាម ម៉ាឡេស៊ី សិង្ហបុរី ចិន និងប្រទេសអឺរ៉ុបមួយចំនួនទៀត។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២០នេះ កម្ពុជានាំចេញកៅស៊ូបាន១២៣,១៥១តោន កើនឡើង១៨ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។

តម្លៃលក់កៅស៊ូជាមធ្យមនៅឆមាសទី១ ឆ្នាំ២០២០ គឺមានតម្លៃ១,៣០៥ដុល្លារក្នុងមួយតោន បានថយចុះចំនួន៣៣ដុល្លារក្នុងមួយតោន ស្មើនឹង២.៤៧ភាគរយ ធៀបនឹងរយៈដូចគ្នាក្នុងឆ្នាំ២០១៩។ ដូច្នេះទំហំនៃការនាំចេញជ័រកៅស៊ូរបស់កម្ពុជា នៅឆមាសទី១ ឆ្នាំនេះ មានទឹកប្រាក់ជាង១៦០លានដុល្លារអាមេរិក៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.