ហុង ភារិន៖ «សៀវភៅដែលខ្ញុំចូលចិត្តអានបំផុត គឺទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯង ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ហុង ភារិន៖ «សៀវភៅដែលខ្ញុំចូលចិត្តអានបំផុត គឺទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯង និងចិត្តវិទ្យា» (Video inside)

(ភ្នំពេញ)៖ យុវនិស្សិតដែលធ្វើឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ លោក ហុង ភារិន បានប្រាប់ពីគន្លិះក្នុងការអានសៀវភៅ និងការជ្រើសរើសប្រភេទសៀវភៅ ដើម្បីឲ្យអ្នកអានទទួលបាននូវចំណេះដឹងថ្មីៗ និងមានការចងចាំបានល្អ ក្រោយពេលអានសៀវភៅនោះរួច ។

តាមរយៈកិច្ចសម្ភាសន៍ក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» របស់ Fresh News និង Khmertalking លោក ហុង ភារិន បានថ្លែង ថា រូបលោកគឺជាមនុស្សចូលចិត្តអានសៀវភៅជាទីបំផុត មានទាំងសៀវភៅជាភាសាខ្មែរ ភាសាថៃ និងភាសាអង់គ្លេស ហើយសៀវភៅទាំងនោះ សុទ្ធសឹងតែផ្ដល់នូវអត្ថប្រយោជន៍ និងចំណេះដឹងថ្មីដល់ខ្លួន។ ជាពិសេសធ្វើឲ្យការចងចាំរបស់លោក មានការវិវឌ្ឍន៍បានល្អ ក្រោយពីព្យាយាមអានក្នុងពេលវេលាសមស្របណាមួយ។

លោក ហុង ភារិន បានថ្លែងថា សៀវភៅដែលលោកចូលចិត្តអានបំផុត គឺទាក់ទងនឹងការអភិវឌ្ឍន៍ខ្លួនឯង និងចិត្តវិទ្យា។ លោក ព្យាយាមរកអ្វីដែលថ្មីៗ ពាក់ព័ន្ធនឹងការចងចាំនេះ ដើម្បីបង្ហាញក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកផ្សេងៗ។

លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ បើគិតពីចំនួនសៀវភៅ ដែលលោកបានអាន គឺលោករាប់មិនអស់នោះទេ ព្រោះវាមានចំនួនច្រើន ហើយលោកក៏លើកទឹកចិត្តដល់មនុស្សគ្រប់រូប ឲ្យងាកមកទទួលយកការអានសៀវភៅ ជំនួសឲ្យការស្ដាប់ ឬមើល ដើម្បីអភិវឌ្ឍន៍ខួរក្បាលខ្លួនឯងឲ្យបានល្អ និងផ្ដល់នូវចំណេះដឹងផ្សេងៗជាច្រើនដល់ខ្លួន។

សូមជម្រាបថា បន្ទាប់ពីមានឈ្មោះល្បី តាមរយៈការបញ្ចេញទេពកោសល្យពិសេស ក្នុងកម្មវិធី «Super 100», លោក ហុង ភារិន ដែលមានអាយុ២៣ឆ្នាំ បានត្រឡប់មកកាន់ទឹកដីមាតុភូមិ កាលពីពេលថ្មីៗនេះ ដើម្បីជួបជុំក្រុមគ្រួសារ និងអ្នកគាំទ្រ ដែលបានលើកទឹកចិត្តលោកតាំងពីនៅប្រទេសថៃ។ ការខិតខំប្រឹងប្រែងរបស់និស្សិត ហុង ភារិន បានចេញលទ្ធផលគួរជាទីមោទនៈ ចំពោះក្រុមគ្រួសារលោក និងប្រទេសជាតិទាំងមូល ដែលមានយុវជនមានទេពកោសល្យ ធ្វើឲ្យពិភពលោកបានស្គាល់កម្ពុជាកាន់តែច្រើន។

ក្រោយពីធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម និស្សិត ហុង ភារិន បានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅពីសាច់ញាតិ និងត្រូវបានអញ្ជើញឲ្យឡើងផ្ដល់បទសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍នានាជាច្រើន។ ក្រៅពីនោះលោក ហុង ភារិន ក៏បានជួបជាមួយមន្រ្តីធំៗរបស់ រាជរដ្ឋាភិបាល រហូតដល់ទទួលបានការអនុញាត ឲ្យចូលជួបសំណេះសំណាល ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនទៅថ្ងៃអនាគត ជូនដល់សម្ដេចតេជោ ហើយសម្ដេចតេជោ ក៏បានណែនាំ និងបំពេញក្ដីបំណងរបស់រូបគេ និងបងប្រុស ឲ្យសមតាមអ្វីដែលខ្លួនចង់បានទៀតផង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv