ស្នងការខេត្តព្រះសីហនុ ច្រានចោលទាំងស្រុងចំពោះវីដេអូ ដែលសែងជនជាតិចិនទៅមន្ទីរពេទ្យ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

BREAKING NEWS: ស្នងការខេត្តព្រះសីហនុ ច្រានចោលទាំងស្រុងចំពោះវីដេអូ ដែលសែងជនជាតិចិនទៅមន្ទីរពេទ្យ ដោយសារឆ្លងជំងឺ កូរ៉ូណា, តាមពិតជនរងគ្រោះមានជំងឺក្រពះធ្ងន់ធ្ងរ (Video inside)

(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សូមប្រកាសតាមរយៈបណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ដោយប្រកាសទាត់ចោលទាំងស្រុងនូវវីដេអូមួយ ដែលត្រូវបានគេចែកចាយតាមបណ្តាញសង្គម ករណីមានជនជាតិចិនម្នាក់ ត្រូវបានជនជាតិចិនដូចគ្នាសែងដាក់រថយន្ត ដើម្បីបញ្ជូនទៅកាន់មន្ទីរពេទ្យហើយថា ជនរងគ្រោះបានឆ្លងវីរូសថ្មី Coronavirus។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា ករណីនេះមិនពិតទេ គឺជនរងគ្រោះមានជំងឺក្រពះធ្ងន់ធ្ងរ (ដាច់សរសៃក្រពះ) មិនមានការឆ្លងជំងឺប្រភេទថ្មី កូរ៉ូណានោះទេ។ លោកស្នងការបានបញ្ជាក់យ៉ាងដូច្នេះថា «ជនរងគ្រោះមកពីខេត្តក័រចូវ ហើយយប់មិញ គាត់មានអការៈធ្ងន់ធ្ងរដាច់សរសៃក្រពះនៅមុខកាស៊ីណូអន្តរជាតិក្វាងទុង ហុងកុង ត្រូវបានសាច់ញាតិ និងមិត្តិភក្តិរបស់បញ្ជូនទៅកាន់មន្ទីរពេទ្យអ៉ីខាង ដើម្បីសង្គ្រោះ។ រហូតមកដល់ពេលនេះជនរងគ្រោះមានសភាពធូរស្រាលហើយ»។

សូមបញ្ជាក់ថា វីដេអូមួយនេះ ត្រូវបានគេចែកចាយតាមបណ្តាញសង្គម Facebook នាំឲ្យមានការយល់ច្រឡំយ៉ាងខ្លាំងថា ជំងឺរលាកសួតប្រភេទថ្មី កូរ៉ូណា កំពុងកើតឡើងយ៉ាងខ្លាំងនៅខេត្តព្រះសីហនុ ដូច្នេះសូមប្រជាពលរដ្ឋបញ្ឈប់ការចែកចាយវីដេអូ ឬរូបភាពដែលមិនពិត និងមិនមានប្រភពច្បាស់លាស់តទៅទៀត។

ដោយឡែកជនជាតិចិនម្នាក់ ដែលផ្ទុកវីរុសកូរ៉ូណា នៅខេត្តព្រះសីហនុ, ត្រូវបានលោកបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ថ្លែងប្រាប់នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅវេលាម៉ោង១២៖៥០នាទីថ្ងៃត្រង់ទី២៨ ខែមករា ឆ្នាំ២០២០នេះថា ស្ថានភាពជនរងគ្រោះ មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរទេ ខណៈក្រុមគ្រូពេទ្យកំពុងយកចិត្តទុកដាក់ថែទាំខ្ពស់បំផុត។

លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មលើយុទ្ធនាការការពារ និងទប់ស្កាត់ជំងឺផ្លូវដង្ហើមប្រភេទថ្មី បានថ្លែងប្រាប់យ៉ាងដូច្នេះថា «ស្ថានភាពអ្នកជម្ងី ជនជាតិចិនឈ្មោះ ចា ជិនហួរ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ សម្រាកនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលមានផ្ទុកវីរុសណូវែលកូរូណា មានសុខភាពជាធម្មតា មិនមានការវិវត្តន៍ធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់ទេ។ គ្រូពេទ្យនៃមន្ទីរពេទ្យខេត្តបានយកចិត្តទុកដាក់ថែរទាំខ្ពស់បំផុត»។

សូមជំរាបថា អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ថា ចំនួនមនុស្សស្លាប់ដោយសារវីរុសផ្លូវដង្ហើម កូរ៉ូណាថ្មី (Coronavirus) បានកើនឡើងដល់១០៦នាក់ហើយ ខណៈមនុស្សចំនួនលើសពី៤០០០នាក់ទៀតឆ្លង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv