សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ពត្រៀមខ្លួនរួចជាសម្រេច ដើម្បីនាំខ្លួនទណ្ឌិត សម រង្ស៊ី យកមក

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចពិជ័យសេនា ទៀ បាញ់៖ កងទ័ពត្រៀមខ្លួនរួចជាសម្រេច ដើម្បីនាំខ្លួនទណ្ឌិត សម រង្ស៊ី យកមកកាត់ទោសតាមច្បាប់ (Video inside)

(ភ្នំពេញ)៖ ជាថ្មីម្តងទៀត! សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានប្រកាសថា កងទ័ពនៅតែត្រៀមអនុវត្តដីការបស់តុលាការប្រឆាំងនឹងទណ្ឌិត សម រង្ស៊ី និងអតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ រួមនឹងសមាជិកឧទ្ទាម ដែលបានរៀបចំផែនការវិលត្រលប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ។

ការប្រកាសពីជំហរដាច់ណាត់ដើម្បីអនុវត្តច្បាប់ចំពោះក្រុមក្បត់ជាតិរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងក្រោយបញ្ចប់ដំណើរទទួលដំណើរនិវត្តន៍កងវិស្វកម្មលេខ៥៩៤ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល នារសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា «កម្ពុជាមិនអាចទុកឱ្យក្រុមជនក្បត់ជាតិ សាសនា ព្រះមហាក្សត្រ បង្កភាពអសន្តិសុខ និងចលាចលផ្សេងៗ ដើម្បីបង្អាក់ដំណើររីកចម្រើនរបស់កម្ពុជា ជាដាច់ខាត»។

នៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានហៅសកម្មភាពរបស់ទណ្ឌិត សម រង្ស៊ី និងបក្ខពួកថា ជាសកម្មភាពដ៏ធ្ងន់ធ្ងរ ដែលបានប្រមាថព្រះមហាក្សត្រ និងជាសកម្មភាពធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ចំពោះការប្រកាសរបស់ទណ្ឌិត សម រង្ស៊ី ដោយមានទាំងផែនការបង្ក អសន្តិសុខក្នុងប្រទេស ដោយការធ្វើចលនាកៀរគរពលករនៅថៃ ចូលកម្ពុជាមកគាំទ្រចលនា របស់ខ្លួនធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់នោះ កងទ័ពកម្ពុជាក៏បានត្រៀមរួចរាល់ ចាត់វិធានការតាមផ្លូវច្បាប់ ទៅលើសកម្មភាពដែលមានគោលដៅ បំផ្លាញសុខសន្តិភាពនេះ។

សូមបញ្ជាក់ថា ទណ្ឌិត សម រង្ស៊ី បានប្រកាសវិលចូល ប្រទេសកម្ពុជាវិញ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ ក្នុងគោលដៅធ្វើរដ្ឋប្រហារខុសច្បាប់ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ក្រោយប្រកាសវិលចូលប្រទេស លោកបានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួន ពីរាជរដ្ឋាភិបាល ទៅចុះចូលជាមួយខ្លួនដោយប្រកាសថា នឹងផ្តល់ថវិកាលើកទឹកចិត្តដល់ពួកគេ មិនតែប៉ុណ្ណោះ មេដឹកនាំក្រុមឧទ្ទាមថែមទាំង អំពាវនាវប្រឆាំងរដ្ឋធម្មនុញ្ញ ដោយបង្គាប់ឱ្យព្រះមហាក្សត្រដាក់រាជ្យ ដើម្បីរំលាយរបបរាជានិយមថែមទៀតផង។

សាររបស់ជនក្បត់ជាតិ សម រង្ស៊ី ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ស្ថាប័នតុលាការ កងកម្លាំងសមត្ថកិច្ច និងកងទ័ពគ្រប់លំដាប់ថ្នាក់ ចាត់ទុកថាជាអំពើល្មើសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលបង្កគ្រោះថ្នាក់ ភាពវឹកវរដល់ប្រទេសជាតិ និងប្រជាពលរដ្ឋ ហើយប្រកាសចាត់វិធានការតាមច្បាប់ និងតួនាទី ដើម្បីការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គម។

ជាមួយគ្នានេះ ស្ថាប័នមានសមត្ថកិច្ច បានព្រមានថាអ្នកចូលរួម និងគាំទ្រដល់ផែនការរដ្ឋប្រហាររបស់ទណ្ឌិត សម រង្ស៉ី នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់ពីបទ «រួមគំនិតក្បត់» ដែលប្រឈមនឹងការដាក់ពន្ធនាគារពី១៥ រហូតដល់៣០ឆ្នាំ។ ទោះជាយ៉ាងនេះក្តី សម្រាប់អ្នកដែលចូលសារភាព ទទួលស្គាល់កំហុសនឹងត្រូវអនុញ្ញាតឱ្យរួចទោសឡើងវិញ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv