សម្តេចតេជោ ហ៊ុន សែន រំលឹកថាសម្តេចជាមនុស្សទីមួយ ដែលបង្កើតក្រសួងការបរទេស...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន រំលឹកថាសម្តេចជាមនុស្សទីមួយ ដែលបង្កើតក្រសួងការបរទេស ខណៈមានអាយុមិនដល់២៧ឆ្នាំ (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានរំលឹកកាលពី៤១ឆ្នាំមុន ដល់ជូនមន្ត្រីទូត ឯកអគ្គរាជទូត និងឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាតិមិត្តថា សម្តេចជាមនុស្សទីមួយ ដែលបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយផ្ទាល់ជាមួយមនុស្សត្រឹម តែ៣នាក់ប៉ុណ្ណោះ ខណៈមានអាយុមិនទាន់ដល់២៧ឆ្នាំនោះផង។

ការំលឹកបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព។

បិតាស្ថាបនិកសន្តិភាព សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ចំណុចនេះ ខ្ញុំចាំថា ៤១ឆ្នាំមុន គឺនៅពេលនេះហើយ ដែលជាពេលវេលា នៃការចាប់ផ្តើម របស់ខ្ញុំក្នុងការរៀបចំក្រសួងការបរទេសមួយ ដែលចាប់ផ្តើមពីត្រឹមមនុស្ស៣នាក់ តែប៉ុណ្ណោះ ខ្លួន១នាក់ អ្នកបើកឡាន១នាក់ និងកងការពារ១នាក់ ប៉ុណ្ណោះ អត់មានធនធានមនុស្សទេ ទីក្រុងគ្មានមនុស្សនៅ ស្ថានប័នទាំងអស់ របស់ជាតិត្រូវបានបង្កើតឡើងវិញ [...] ខ្ញុំជាអ្នកបង្កើតក្រសួងការបរទេសមុនគេ ក្នុងឋានៈជារដ្ឋមន្ត្រីការបរទេសនៅពេលនោះ ដែលមានអាយុវ័យមិនទាន់ដល់២៧ឆ្នាំផងនោះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីអតីតកាល នៅពេលដែលបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គឺហូបបាយលាយ ជាមួយពោត នៅពេលនោះសម្តេចបានដើរប្រមូលអ្នកការទូតកម្ពុជាជាច្រើនមកធ្វើការជាមួយ ហើយសូម្បីតែនាយកខុទ្ទកាល័យ និងលេខាផ្ទាល់ របស់សម្តេច គឺលោក ចម ប្រសិដ្ឋ មានតែកងខ្មៅជិះតែប៉ុណ្ណោះ ប៉ុន្តែ៤១ឆ្នាំ ក្រោយមកនេះ មន្ត្រីការទូតរបស់កម្ពុជា មានភាពសំបូរបែប ម្នាក់ៗមានរថយន្តជិះ និងស្លៀកពាក់ល្អៗ ដើម្បីមកបំពេញការងាររៀងៗខ្លួន។ ដូច្នេះ ក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចនៅតែចងចាំពីភាពកម្សត់កម្រ ដែលបានឆ្លងកាត់ពីអតីតកាល រហូតប្រែក្លាយកម្ពុជាឱ្យមានភាពសម្បូរសប្បាយ និងរីកចម្រើនដូចសព្វថ្ងៃនេះ។

«ក៏ប៉ុន្តែ ខ្ញុំនៅនឹកអនុស្សាវរីយ៍ដែលយើងចងក្នុងរយៈពេល៤១ឆ្នាំមុន ហើយខ្ញុំជាមនុស្សតែ១នាក់គត់ ដែលនៅក្នុងរដ្ឋាភិបាល មិនដាច់រយៈពេល៤១ឆ្នាំ ចាប់ពីរដ្ឋមន្ត្រីការបរទេស ពីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស ហើយធ្វើជានាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស បន្ទាប់មកផ្ទេរឱ្យអ្នកដទៃ ដូច្នេះ ខ្ញុំពិតជាមានមោទនភាព ចំពោះការវិវឌ្ឍន៍ឈានឡើងនៃធនធានមនុស្សរបស់កម្ពុជា និយាយជារួម និងនិយាយដោយឡែកមន្ត្រីការទូតកម្ពុជា»។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា ក្នុងពេលចេញទៅបំពេញការងារលើកដំបូងជាអ្នកការទូតកម្ពុជា នៅទីក្រុងមូស្គូ ធ្វើឱ្យសម្តេចសម្រាន្ត មិនលក់លើយន្តហោះ ព្រោះគិតថាប្រទេសកម្ពុជាតូច រុស្ស៉ីធំ សម្តេចក្មេង រដ្ឋមន្ត្រីការបរទេសរុស្ស៉ីធំ។ តែចុងក្រោយសម្តេចបានគិតថា កម្ពុជាទោះតូច តែជាប្រទេសមួយ ហើយសម្តេចក្មេង តែជាតំណាងឱ្យប្រទេសមួយ។ បន្ថែមពីនេះ មន្ត្រីការទូតកម្ពុជានាពេលនេះ គឺសំណាងខ្លាំងណាស់ តែជំនាន់សម្តេចធ្វើការទូតមានប្រាក់ត្រឹម ៥០ដុល្លារប៉ុណ្ណោះដាក់តាមខ្លួន ទោះបីមកបំពេញការងារតិចថ្ងៃ ឬយូរថ្ងៃក៏ដោយ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv