សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី និងជ្រើសរើសក្រុមហ៊ុន៤ ដើម្បី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី និងជ្រើសរើសក្រុមហ៊ុន៤ ដើម្បីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដែលជាចែកជា៤តំបន់ ( Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែតុលា ឆ្នាំ២០១៩នេះ មុនបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រី បានបន្ដប្រកាសថា ក្រោយដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រី ហើយនៅពេលរដ្ឋគ្រប់គ្រងមានស្ថិរភាពនោះ រដ្ឋនឹងធ្វើការជ្រើសរើសក្រុមហ៊ុនផ្សេងគ្នាចំនួន៤ ដើម្បីប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។ ចំណែកថ្លៃសំរាមក៏នឹងដកចេញពីវិក្កយបត្រអគ្គិសនីផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ចាប់តាំងពីទទួលបានសិទ្ធិនៅឆ្នាំ២០០២ ក្រុមហ៊ុនស៉ិនទ្រី មិនទាន់បំពេញកាតព្វកិច្ចបម្រើប្រជាពលរដ្ឋ ឲ្យស្របតាមការរីកចម្រើនរបស់រដ្ឋនោះឡើយ ហើយការដកសិទ្ធិគ្រប់គ្រងសំរាម ពីក្រុមហ៊ុនស៊ិនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្រោយការដកហូតសិទ្ធិនេះ ក្រុមហ៊ុនស៉ិនទ្រី នឹងទទួលបានការប៉ះប៉ូវសមស្រប និងយុត្តិធម៌ ហើយធានាធនធានរូបវ័ន្ដ និងធនធានមនុស្សទាំងអស់របស់ក្រុមហ៊ុនបច្ចុប្បន្ន នឹងត្រូវដាក់ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពស្វយ័តរបស់រដ្ឋមួយ លក្ខណៈបណ្ដោះអាសន្ន ដើម្បីធានានិរន្ដភាព នៃការសម្អាតរាជធានីភ្នំពេញជូនប្រជាពលរដ្ឋ។

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាល បានគូសរំលេចថា កន្លងទៅសម្ដេចធ្លាប់បានសម្រេចឲ្យបែងចែកជា៤តំបន់ នៃការទាញយកសំរាមទៅដាក់ ក៏ប៉ុន្ដែរយៈពេល សឹងពេញមួយឆ្នាំទៅហើយ មិនទាន់មានកន្លែងណាមួយ បានយកសំរាមទៅដាក់ទេ ដូច្នេះការដកហូតសិទ្ធិពីក្រុមហ៊ុនឯកជនមួយនេះ មកឲ្យអង្គភាពរដ្ឋគ្រប់គ្រង ជាបណ្ដោះអាសន្ន គឺជាការចាំបាច់ ដូច្នេះត្រូវធ្វើសកម្មភាពបន្ទាន់ដើម្បីឈានទៅរកការគ្រប់គ្រង គ្រប់មធ្យោបាយ ក៏ដូចជាកម្លាំងមនុស្ស ដើម្បីដោះស្រាយក្នុងមួយរយៈឆ្លើយតបទៅ នឹងការចង់បានរបស់ប្រជាពលរដ្ឋ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា បន្ទាប់ពីដំណើរការ នៃអង្គភាពស្វយ័តនេះមានស្ថិរភាពហើយ រាជរដ្ឋាភិបាល នឹងរៀបចំឲ្យមានការដេញថ្លៃ ប្រកួតប្រជែង និងមានតម្លាភាពស្វែងរកក្រុមហ៊ុន ឲ្យបានយ៉ាងតិច៤ ធ្វើការប្រមូលសំរាមនឹងសម្អាតទីក្រុងឲ្យបានប្រសើរទាំងគុណភាព និងបរិមាណ ដែលប្រជាពលរដ្ឋអាចទទួលយកបាន។ រាជរដ្ឋាភិបាលរំពឹងថា យន្ដការថ្មីនេះ នឹងជួយបង្កើតការងារជូនបងប្អូនកម្មករជាច្រើនបន្ថែមទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ចំណុចនេះសូមបញ្ជាក់ថា យើងយកមកគ្រប់គ្រងទាំងមូលសិន ហើយមានស្ថិរភាពហើយ យើងចាប់ផ្ដើមអាចរៀបចំបែងចែកជា៤តំបន់ តែមួយក្រុមហ៊ុនមិនគ្រប់គ្រាន់ទេ ក្រុងភ្នំពេញពីមុននេះមានតែជាង៣០០គីឡូម៉ែត្រការ៉េទេ ឥលូវក្រុងភ្នំពេញ របស់យើងឡើងទៅដល់ជាង៦០០គីឡូម៉ែត្រការ៉េទៅហើយ ចឹងទេសមត្ថភាពក្រុមហ៊ុនស៉ិនទ្រី តែមួយគឺមិនគ្រប់គ្រាន់ទេ ដាច់ខាតគឺមិនគ្រប់គ្រាន់ ចឹងទេយើងត្រូវរកក្រុមហ៊ុនដាក់ឲ្យដេញថ្លៃក្នុងនោះរាប់ទាំងក្រុមហ៊ុនស៉ិនទ្រី ក៏អាចមានសិទ្ធិចូលដេញថ្លៃវិញផងដែរ ប៉ុន្ដែមិនអនុញ្ញាតឲ្យទាំងអស់ទេ។ យើងអាចនឹងរំពឹងគិតអំពីរបៀបដោះស្រាយកម្មកររបស់យើង អាចមានចំនួនកម្មករកើនឡើង ដែលអាចរួមចំណែកដោះស្រាយការងារធ្វើ»។

ទន្ទឹមនឹងការដកសិទ្ធិប្រមូលសំរាមពីក្រុមហ៊ុនស៉ិនទ្រីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យដកតម្លៃសំរាមចេញពីវិក្ក័យបត្ររបស់អគ្គិសនីផងដែរ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។ សម្ដេចតេជោ បានហៅការដកតម្លៃសំរាម ចេញពីវិក្ក័យបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយ ដែលគ្មានការដោះស្រាយ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការដកថ្លៃសំរាមចេញពីវិក្កយបត្រអគ្គិសនី មិនត្រឹមតែឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋនោះទេ ប៉ុន្តែវាជាការចាំបាច់ដើម្បីកុំឲ្យបញ្ហាសំរាមនេះក្លាយទៅជាកត្តា ដែលប្រជាជនមើលមិនឃើញពីការវិវត្តន៍ជាវិជ្ជមាននៃការកែទម្រង់របស់អគ្គិសនីកម្ពុជា ដែលបានខិតខំកែលម្អសេវាបម្រើអតិថិជនរបស់ខ្លួន រួមទាំងការបញ្ចុះថ្លៃអគ្គិសនីជាបន្តបន្ទាប់រួចហើយ។

ក្រៅពីការអនុវត្តនៅក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញហើយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានណែនាំឲ្យខេត្តផ្សេងៗ ដែលមានភ្ជាប់ថ្លៃសំរាម ជាមួយវិក្ក័យបត្រអគ្គិសនី ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv