សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខ្ជាប់ខ្ជួន ហើយចិនបានគោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា (Video inside)

(ភ្នំពេញ)៖ ក្នុងពិធីអបអរសាទរពិធីរំលឹកខួបអនុស្សវរីយ៍លើកទី៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដែលបានធ្វើឡើងដោយស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារាត្រីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរនូវទំនាក់ទំនងស្មើភាពគ្នា រវាងកម្ពុជាកម្ពុជា-ចិន។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា-ចិន បានឈរលើមូលដ្ឋានស្មើភាពគ្នា និងមានការជឿជាក់លើគ្នាទៅវិញទៅមក ដើម្បីឧត្តមប្រយោជន៍រួម។ កម្ពុជាប្រកាន់នយោបាយ «ចិនមួយ» យ៉ាងខាប់ខ្លួនខណៈដែលចិនគោរពយ៉ាងម៉ឺងម៉ាត់នូវឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចបានសម្តែង នូវការអបអរសាទរ និងកោតសរសើររដ្ឋាភិបាល និងប្រជាជនចិនចំពោះសមិទ្ធផលដ៏អស្ចារ្យច្រើនឥតគណនា ដែលមហាមិត្តចិនសម្រេចបានជោគជ័យកន្លងមក ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់ បក្សកុម្មុយនីស្តចិន ចាប់តាំងពីឆ្នាំ១៩៤៩។ បច្ចុប្បន្នក្រោមមាគ៌ា ដឹកនាំដ៏ឈ្លាសវៃរបស់ ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ចិនសម្រេចបាននូវការអភិវឌ្ឍយ៉ាងធំធេង និងឆាប់រហ័សលើគ្រប់វិស័យ ហើយបានក្លាយ ជាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក។

សម្តេចក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះមហាមិត្តចិន ដែលជានិច្ចកាលតែងតែផ្តល់ការគាំទ្រចំពោះកម្ពុជា នាពេលកន្លងមក និងបច្ចុប្បន្ន។ កម្ពុជា និងចិនមានកិច្ចសហប្រតិ
បត្តិការល្អប្រកបដោយផ្លែផ្កា ទាំងក្នុងកម្រិតទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍ប្រជាជនយើងទាំងពីរ ក៏ដូចជាបុព្វហេតុ សន្តិភាព ស្ថិរភាព និងវិបុលភាពរួម នៅក្នុងតំបន់ និងពិភពលោក ។

កម្ពុជា និងចិនបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ បន្ទាប់ពីជំនួបទ្វេភាគីលើកទី១ រវាង ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ក្នុងអំឡុងពេលចូលរួមសន្និសីទ នៅទីក្រុងបានឌុង ខែមេសា ឆ្នាំ១៩៥៤ នៅប្រទេសឥណ្ឌូណេស៊ី។ បន្ទាប់មកទំនាក់ទំនងមិត្តភាពជាប្រវត្តិសាស្រ្តនេះ បានកសាងឡើងរួមគ្នារវាងព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង លោកប្រមុខរដ្ឋ ម៉ៅ សេទុង ក៏ដូចជាឥសស្សជនកម្ពុជា និងចិនជំនាន់មុនៗ និងបច្ចុប្បន្ន។

ចាប់តាំងពីឆ្នាំ១៩៩៩ មក សម្តេចតេជោ ហ៊ុន សែន បានទៅធ្វើទស្សនកិច្ចនៅប្រទេសចិនចំនួន១៩ លើក ហើយនេះបង្ហាញឱ្យឃើញថាកម្ពុជា និងចិនបានរួមគ្នាថែរក្សា អភិវឌ្ឍ និងបង្កើនចំណងមិត្តភាពរឹងមាំ និងកាន់តែរីកចម្រើនរហូតឈានដល់ការបង្កើត «ភាពជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា- ចិន» នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១០ កន្លងមក ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា៖ ក្នុងស្មារតីនេះ ការកែទម្រង់ និងការរីកចម្រើនយ៉ាងឆាប់រហ័ស លើគ្រប់វិស័យរបស់ប្រទេសចិន ពិតជាបានផ្តល់ផលប្រយោជន៍ជាច្រើន មិនត្រឹមតែប្រជាជនចិនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងមូល។ ជាការពិត គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលរដ្ឋាភិបាលចិន បានដាក់ចេញ ពិតជាបានពង្រីក និងលើកកម្ពស់ «ភាពជាដៃគូដែលមានប្រយោជន៍ទៅវិញទៅមក» «កិច្ចសហប្រតិបត្តិការឈ្នះឈ្នះ» និង «វិបុលភាពរួមគ្នា» រវាងបញ្ហាប្រទេសនៅតាមខ្សែក្រវាត់ និងផ្លូវតាមរយៈការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន និងប្រជាជនក៏ដូចជាសហប្រតិបត្តិការផ្នែកធុរកិច្ច វប្បធម៌ និងវិស័យសំខាន់ៗដទៃទៀតទាំងបច្ចុប្បន្ន និងអនាគត ។

សម្តេចជឿជាក់ថា មហាមិត្តចិននឹងក្លាយជាប្រទេសមហាអំណាចពិភពលោក ក្នុងវិស័យបច្ចេកទេស និងនវានុវត្តនៅឆ្នាំ២០៥០ ហើយជាបន្តបន្ទាប់ មិត្តចិននឹងបន្តសម្រេចបាននូវគោលដៅ ១០០ឆ្នាំទាំងពីរ ក្នុងការកសាងសង្គមប្រកបដោយវិបុលភាពកម្រិតមធ្យមលើគ្រប់វិស័យនៅឆ្នាំ២០២១ និងបន្តឆ្ពោះទៅសម្រេចបាននូវការកសាងប្រទេស ចិនជាប្រទេសសង្គមនិយមទំនើប រុងរឿងខ្លាំងក្លា ប្រជាធិបតេយ្យ មានវប្បធម៌ជឿនលឿន និងសុខដុមរមនា នៅឆ្នាំ ២០៤៩ ដូចដែលថ្នាក់ដឹកនាំចិន បានអនុវត្ត និងកំណត់ទិសដៅទុករួចមកហើយ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv