សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ចូលរួមបរិច្ចាគ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

TOP NEWS: សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេស ចូលរួមបរិច្ចាគដល់មន្ទីរពេទ្យកាល់ម៉ែត តាមរយៈប្រធានមន្ទីរពេទ្យដោយផ្ទាល់ទូរស័ព្ទ៖ 012 877 877

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសអំពាវនាវឲ្យបងប្អូនជនរួមជាតិ និងមិត្តបរទេសចូលរួមបរិច្ចាគដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែត ឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ការចូលរួមរបស់សប្បុរសជននឹងមានប័ណ្ណថ្លែងអំណគុណដែលចុះហត្ថលេខាដោយសម្តេចផ្ទាល់តែម្តង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍តាម Facebook នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា «បងប្អូនជនរួមជាតិ ក៏ដូចជាមិត្តបរទេសដែលចង់រួមបរិច្ចាគ ដល់មន្ទីរពេទ្យពេទ្យកាល់ម៉ែតសុំទាក់ទងចូលតាមរយៈលោក ឈាង រ៉ា ប្រធានមន្ទីរពេទ្យកាល់ម៉ែតទូរស័ព្ទលេខ 012 877 877។ គ្រប់ការចូលរួមរបស់ សប្បុរសជននឹងមាន ប័ណ្ណថ្លែងអំណគុណដែលចុះហត្ថលេខាដោយខ្ញុំជានាយករដ្ឋមន្ត្រីផ្ទាល់»។

កាលពីព្រឹកមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថវិកាជាង ៦៤លានដុល្លារអាមេរិកហើយ ដែលប្រមូលបានពីសប្បុរសជននានា ដើម្បីសាងសងអគារ និងបំពាក់ឧបករណ៍ គ្រឿងបរិក្ខារនានានៅមន្ទីរពេទ្យកាល់ម៉ែត។ សម្តេចតេជោ បានបញ្ជាក់ថា បូកសរុបទាំងកញ្ចប់ថវិការដ្ឋ ៣០លានដុល្លារផង ថវិកាសម្រាប់សាងសង់អគារ បំពាក់ឧបករណ៍ និងគ្រឿងបរិក្ខានានាមានជាង៩៤លានដុល្លារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានបរិច្ចាគថវិកា ដើម្បីសង្រ្គោះជិវិតមនុស្ស។ សម្តេចតេជោ សង្ឃឹមថា នឹងមានសប្បុរសជនផ្សេងទៀតបន្តការចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិ ដែលមានលក្ខណៈទំនើប និងពហុឯកទេស។

សូមរំលឹកថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០លានដុល្លារអាមេរិក សម្រាប់សាងសង់អគារព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែតដែលកំពុងដំណើរការសាងសង់។ អគារព្យាបាលជំងឺនេះ មានកម្ពស់ ១២ជាន់ ដែលបច្ចុប្បន្នមន្ទីរសាងសង់ បានប្រមាណ ១៧ភាគរយរួចហើយ។ អគារមន្ទីរពេទ្យនេះ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៣៩លាន៧សែនដុល្លារអាមេរិក។

ក្រៅពីបញ្ចេញថវិកាជាតិ ៣០លានដុល្លារសាងសង់អគារហើយនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវបន្ថែមដល់សប្បុរសជនចូលរួមបរិច្ចាគថវិកា សម្រាប់បំពាក់សម្ភារបរិក្ខារ ឧបករណ៍ផ្សេងៗនៅក្នុងអាគារថ្មី និងអគារចាស់ផងដែរ។ គោលបំណងរបស់សម្តេចតេជោ គឺធ្វើឱ្យមន្ទីរពេទ្យនេះ ក្លាយទៅជាមន្ទីរពេទ្យបង្អែករបស់ជាតិកម្ពុជា ដែលទំនើបសម្រាប់ជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv