សម្តេចតេជោ ហ៊ុន សែន ទាមទាឱ្យ ប្រែត អាដាម បកស្រាយរឿងសិទ្ធិមនុស្សនៅអាមេរិក ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ទាមទាឱ្យ ប្រែត អាដាម បកស្រាយរឿងសិទ្ធិមនុស្សនៅអាមេរិក ដែលកំពុងធ្វើការបង្ក្រាបយ៉ាងសាហាវលើក្រុមបាតុករ (Video inside)

(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានរិះគន់លោក ប្រែត អាដាម ប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ដែលកំពុងសម្ងំស្ងាត់ឈឹង ចំពោះមុខបញ្ហាសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក។ សម្តេចបានទាមទារឱ្យប្រធានអង្គការសិទ្ធិមនុស្សដែលចេញមុខរិះគន់រឿងសិទ្ធិមនុស្សនៅកម្ពុជាជាញឹកញាប់រូបនេះ បកស្រាយឱ្យច្បាស់លាស់អំពីរឿងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិក ដែលកំពុងធ្វើការបង្ក្រាបយ៉ាងចាស់ដៃទៅលើហ្វូងបាតុករ។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅក្រុងព្រះសីហនុ នារសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រែត អាដាម ទៅណាហើយ អា Human Right Wacth ម៉េចមិនលឺសូរស្រែក សិទ្ធិមនុស្សទៅឯណា? ពេលកម្ពុជាទប់បាតុកម្ម គេថាកម្ពុជារំលោភសិទ្ធិមនុស្ស ដល់ពេលប្រទេសដទៃទប់បាតុកម្ម គេថាវិធានការការពារសណ្តាប់ធ្នាប់សង្គម ខុសគ្នាខ្លាំងម្ល៉េះ»។

សម្តេចបានបន្តថា៖ «ពេលកម្ពុជាមានវិធានការទប់ស្កាត់បាតុកម្ម គេថាកម្ពុជារំលោភលើសិទ្ធិបញ្ចេញមតិ លើសិទ្ធិតវ៉ា ក៏ប៉ុន្តែដល់ប្រទេសប្រជាធិបតេយ្យគេធ្វើវិញ គេទប់ដូចគ្នា ជួនកាលមានការប៉ះទង្គិចបង្ហូរឈាម គេថាវិធានការសណ្តាប់ធ្នាប់សង្គម ចុះកម្ពុជាក្រែងត្រូវការសណ្តាប់ធ្នាប់សង្គមដែរ ប្រែត អាដាម ត្រូវតែនិយាយ បើហ្អែងមិន និយាយថ្ងៃក្រោយហ្អែងកុំនិយាយប៉ះពាល់ខ្មែរ បើហ្អែកមិននិយាយស្រុកអាមេរិក។ ពួកសិទ្ធិមនុស្សទាំងឡាយនៅលើលោកកីយ៍ទៅណាអស់ហើយ ម៉េចក៏មិនស្ងាត់ឈឹង»។

គិតរហូតមកមកដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ មានមនុស្សយ៉ាងហោចណាស់ ៤ពាន់នាក់ ចូលរួមធ្វើបាតុកម្មតវ៉ា ទាមទាររកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd នៅទូទាំងសហរដ្ឋអាមេរិក រូវបានប៉ូលិសឃាត់ខ្លួន។ បាតុកម្មបានរីករាលដាលកាន់តែធំ ខណៈការបង្ក្រាបក៏កាន់តែខ្លាំងក្លាឡើង ដោយបច្ចុប្បន្នមាន ទីក្រុងយ៉ាងហោច៤០ បានដាក់ចេញបំរាមគោចរ ខណៈកងកម្លាំងឆ្មាំជាតិត្រូវបានចល័តនៅតាមទីក្រុងចំនួន១៥ រួមទាំងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ផងដែរ។បាតុកម្មនេះ ផ្តើមចេញពីអំពើហិង្សាមួយ ដែលបុរសស្បែកខ្មៅម្នាក់ឈ្មោះ George Floyd ត្រូវបានប៉ូលិសស្បែកសម្នាក់ យកជង្គង់សង្កត់ករហូតដល់ស្លាប់ កំឡុងការចាប់ខ្លួនដោយសារតែរឿងចាយលុយក្លែងក្លាយ ២០ដុល្លារ។

ពាក់ព័ន្ធនឹងករណីនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានខឹងសម្បារយ៉ាងខ្លាំងចំពោះក្រុមបាតុករ។ លោកត្រាំ ថែមទាំងបានព្រមានថា នឹងស្វាគមន៍ដោយឆ្កែកាច និងអាវុធទំនើប ប្រសិនបើបាតុករហ៊ានផ្លោះរបងចូលសេតវិមានរបស់លោក។

សម្រាប់សម្តេចតេជោ ហ៊ុន សែន, ការបង្ក្រាបនៅសហរដ្ឋអាមេរិក ក្នុងនាមប្រទេសប្រជាធិបតេយ្យ គឺជារឿងធ្ងន់ធ្ងរ និងក្តៅគគុក ដែល លោក ប្រែត អាដាម ត្រូវតែនិយាយ។ សម្តេចបញ្ជាក់់៖ «រឿងបង្ក្រាបបាតុករនៅអាមេរិកពេលនេះ បើ ប្រែត អាដាម មិននិយាយទេ ប្រែត អាដាម មិនមែនជាមនុស្សទេ»។

សម្តេចក៏បានបញ្ជាក់ទៀតថា «ករណីនេះមិនខុសពីប្រទេសចិន ដែល Lock down នៅខេត្តហឺប៉ី គេថាបំពារបំពានសិទ្ធិពលរដ្ឋ ដល់ប្រទេសខាងលិចបិទប្រទេស បិទទីក្រុង គេថាវិធានការការពារកូវីដ១៩ អញ្ចឹងម៉េចបានជាមានស្តង់ដារ២ ដល់ទៅ៣យ៉ាងដូច្នេះ»។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រដូចករណីបង្ក្រាបបាតុករនៅអាមេរិកពេលនេះ ទៅនឹងការទប់ស្កាត់បាតុកម្មហិង្សារបស់កម្ពុជា កាលពីឆ្នាំ២០១៣ ផងដែរ។ សម្តេចរំលឹកថា ពេលនោះក្រុមបាតុករដែលដឹកនាំដោយ អតីតមេបក្សប្រឆាំង បានបង្កការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន ហើយព្រមានចូលវិមានសន្តិភាពថែមទៀត ប៉ុន្តែមានអគ្គរដ្ឋទូតប្រទេសមួយ បែរស្នើតាមរយៈកូនរបស់សម្តេច ដោយមិនឱ្យសមត្ថកិច្ចបាញ់ទៅលើបាតុករ ដែលផ្លោះរបងនោះឡើយ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.