សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍ចំនួន៥ ឲ្យធនាគារជាតិនៃកម្ពុជាអនុវត្តន៍ ដើម្បី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវអនុសាសន៍ចំនួន៥ ឲ្យធនាគារជាតិនៃកម្ពុជាអនុវត្តន៍ ដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ - ១០ តុលា ២០១៩)។

ដោយមើលឃើញថា រូបិយវត្ថុក្នុងវិស័យសេដ្ឋកិច្ច គឺជាឧបករណ៍គោលនយោបាយ ជំរុញកំណើនសេដ្ឋកិច្ច ពង្រឹងភាពធន់នៃសេដ្ឋកិច្ច ទៅនឹងហានិភ័យនានានោះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវអនុសាសសន៍សំខាន់ៗចំនួន៥ ដើម្បីឱ្យធនាគារជាតិនៃកម្ពុជា ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ សម្រេចបាននូវសមិទ្ធផលសំខាន់ៗបន្ថែមទៀត។

អនុសាសសន៍សំខាន់ៗចំនួន៥ របស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលមានដូចជា៖

ទី១៖ ធនាគារជាតិនៃកម្ពុជា រួមជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាបន្តរក្សារូបិយវត្ថុជាតិ ប្រកបដោយស្ថិរភាព និងទំនុកចិត្ត តាមរយៈការប្រើប្រាស់ប្រាក់រៀល ឱ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់អត្តសញ្ញាណ និងអធិបតេយ្យជាតិ ជាមួយនឹងការបង្កើនប្រសិទ្ធភាពគោលនយោបាយ
រូបិយវត្ថុ សារពើពន្ធ និងហិរញ្ញវត្ថុ ។ ជាមួយគ្នានេះ សម្តេចស្នើឱ្យបង្កើតគោលនយោបាយថ្នាក់ជាតិ រយៈពេលវែងមួយ សំដៅលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ប្រកបដោយភាពប្រុងប្រយ័ត្ន មានសង្គតិភាព និងផ្អែកលើយន្តការទីផ្សារ។

ទី២៖ ធនាគារជាតិនៃកម្ពុជា ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការគាំទ្រ និងអនុវត្តផែនការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រ ស្តីពីបរិយាប័ន្ននៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងសង្គតិភាពសំដៅគាំទ្រ កំណើនសេដ្ឋកិច្ចជាតិ បន្តរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង ស្របតាមយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល។

ទី៣៖ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធ ត្រូវបន្តគាំទ្រការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដែលធ្វើឱ្យសេវាហិរញ្ញវត្ថុនៅកម្ពុជា កាន់តែមានភាពទំនើប ងាយស្រួល ទទួលបានតម្លៃទាប និងប្រសិទ្ធភាពខ្ពស់។ ត្រូវធ្វើការត្រួតពិនិត្យអំពីហានិភ័យ នៃបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ ដើម្បីរក្សាបាននូវស្ថិរភាព និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ នៅកម្ពុជា។

ទី៤៖ ធនាគារជាតិនៃកម្ពុជា ស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានហិរញ្ញវត្ថុ ត្រូវបន្តលើកកម្ពស់ការយល់ដឹង ផ្នែកហិរញ្ញវត្ថុ ដល់ប្រជាជន ត្រូវបន្តចូលរួមបង្កើនការយល់ដឹង និងពង្រឹងវប្បធម៌ឥណទាន ដល់អ្នកដែលកំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសនៅតាមជនបទ ដើម្បីទប់ស្កាត់នូវហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ នាបច្ចុប្បន្ន និងអនាគត។

ទី៥៖ ធនាគារជាតិនៃកម្ពុជា អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធទាំងអស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពនូវការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ដើម្បីការពារវិស័យហិរញ្ញវត្ថុ ធនាគារ ប្រកបដោយតម្លាភាព និងអភិបាលកិច្ចល្អ។

ជាមួយគ្នានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាបានរក្សា ស្ថិរភាពតម្លៃប្រាក់រៀល ដែលប្រែប្រួលក្នុងរង្វង់តែ១% ប៉ុណ្ណោះ ជាមួយនឹងការបង្កើនទុនបម្រុងអន្តរជាតិ ឱ្យស្ថិតក្នុងកម្រិតខ្ពស់ ដែលលទ្ធផលទាំងនេះ បង្ហាញពីប្រសិទ្ធភាពនៃការគ្រប់គ្រង បរិមាណផ្គត់ផ្គង់ប្រាក់រៀល និង ការគរពូនទ្រព្យសម្បត្តិជាតិឱ្យបានល្អប្រសើរ ដើម្បីរក្សាស្ថិរភាពថ្លៃ ដោយអត្រាអតិផរណា មានកម្រិតទាបប្រមាណ ៣% ។

សម្តេចតេជោ បានថ្លែងទៀតថា វិស័យធនាគារបានពង្រីកការផ្តល់សេវាហិរញ្ញវត្ថុ ទៅដល់ប្រជាជនទូទាំងប្រទេសជាពិសេសប្រជាជនក្រីក្រ សម្រាប់លើកស្ទួយជីវភាពរស់នៅ ឱ្យកាន់តែប្រសើរឡើង ដែលក្នុងនោះ ប្រជាជនពេញវ័យប្រមាណ ៧១% កំពុងទទួលបានសេវាហិរញ្ញវត្ថុ ហើយការផ្តល់ហិរញ្ញប្បទាន តាមរយៈប្រព័ន្ធធនាគារបានកើនឡើង ដល់១១៥% នៃ ផលិតផលក្នុងស្រុកសរុប (ផសស) សម្រាប់បំពេញសេចក្តីត្រូវការ ពង្រីកឤជីវកម្មលើគ្រប់វិស័យ ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តាមរយៈឥណទានវិស័យធនាគារ, ប្រជាជនកម្ពុជាមានឱកាសពង្រីក ឤជីវកម្មរបស់ខ្លួន មានជីវភាពរស់នៅល្អប្រសើរ ឤចទិញលំនៅដ្ឋានបានសមរម្យ ដែលជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងភាពសុខដុមរមនារបស់សង្គមជាតិទាំងមូល៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv