សម្តេចតេជោ ហ៊ុន សែន៖ បើសិនមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ជារឿងល្អ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ បើសិនមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិន ជារឿងល្អសម្រាប់សេដ្ឋកិច្ចពិភពលោក (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា បើសិនមានការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងប្រទេសចិន ដូចការប្រកាសរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក គឺជារឿងល្អសម្រាប់សេដ្ឋកិច្ចនៅលើពិភពលោក។

ការលើកឡើងបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ ក្នុងនោះនារី ១,៣៨០នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា សម្រាប់ឱកាសបុណ្យឆ្លងឆ្នាំសកល ដែលនឹងឈានចូលមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ នៅលើពិភពលោកទាំងមូលបានលេចចេញឡើងនូវព័ត៌មានល្អៗជាច្រើន ដែលអាចនឹងធ្វើឱ្យពិភពលោកទាំងមូលទទួលបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកកាន់តែល្អ ទោះបីបច្ចុប្បន្ននេះ ស្ថានភាពនៅក្នុងប្រទេសមួយចំនួនក៏ជួបនឹងរឿងអាក្រក់ផងដែរ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយបើយោងទៅលើអ្វីដែលប្រធានាធិបតីអាមេរិក បាននិយាយថានឹងមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក-ចិន អានោះវាកាន់តែជាសារនយោបាយមួយល្អ បើសិនរឿងនេះវាក្លាយជាការពិត ដែលជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន ត្រូវបានកាត់បន្ថយ ជំនួសវិញទៅដោយកិច្ចព្រមព្រៀង ពាណិជ្ជកម្មមួយ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថានឹងចុះហត្ថលេខាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង អញ្ចឹងមុនដាច់ឆ្នាំនេះ យើងឃើញថា មានព័ត៌មានល្អៗជាច្រើនបានចេញមក»។

ពាក់នឹងកិច្ចចុះព្រមព្រៀងពាណិជ្ជកម្មរវាងអាមេរិក និងចិននេះដែរ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ សង្គ្រាមពាណិជ្ជកម្មដូងប្រេង របស់ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ជាមួយសហភាពអឺរ៉ុប ក៏បានកើតឡើងដែល ដោយប្រទេសទាំងនោះ បានដាក់ពាក្យប្តឹងគ្នា ទៅវិញទៅមក រហូតមានការហាមឃាត់ទំនិញរបស់អឺរ៉ុប មិនឱ្យចូលក្នុងទីផ្សារឥណ្ឌូនេស៊ី ដើម្បីឆ្លើយតបចំពោះអឺរ៉ុប ចំពោះការរឹតបន្តឹងការនាំចូលដូងប្រេងរបស់ឥណ្ឌូនេស៊ី ទៅសហភាពអឺរ៉ុប នេះគឺជាក្តីកង្វល់មួយ ហើយមិនងាយបញ្ចប់ឡើយ។

សម្តេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលកាដូរបស់កូរ៉េខាងជើង សម្រាប់ថ្ងៃបុណ្យគ្រិស្តម៉ាស់ របស់បច្ចឹមប្រទេស។ សម្តេចតេជោ ក៏បានចោទជាសំណួរថា តើកាដូរបស់កូរ៉េខាងជើង ជាការបាញ់ម៉ីសីល ឬជាសារនយោបាយ ដែលអាចនឹងឈាន ដល់កិច្ចព្រមព្រៀងណាមួយ រវាងអាមេរិក និងកូរ៉េខាងជើង ហើយឈានទៅដល់ការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង ជាមួយនឹងកាសប្រកាសឥរិយាបថអាមេរិក បន្ធូរបន្ថយស្ថានភាពខ្លះដែលបង្កើតនូវជំនឿទុកចិត្តគ្នា វាគឺជារឿងល្អផងដែរ។

បុន្មានថ្ងៃមុខនេះ វាជារឿងល្អណាស់ ដែលដៃគូសន្ទនារបស់អាស៊ានទាំង៣ រួមមាន៖ ចិន ជប៉ុន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នានៅប្រទេសចិន បើចិន ជប៉ុន និងកូរ៉េខាងត្បូង អីឡូវហ្នឹង៣នាក់នឹងត្រូវរ៉ូវគ្នា ដែលអនុវត្តន៍ពហុភាគីនិយមបន្តក៏បាន ក៏បានកាត់បន្ថយនូវការលំបាក នៃសង្គ្រាមពាណិជ្ជកម្ម រវាងសហរដ្ឋអាមេរិក និងចិន និងរវាងសហរដ្ឋអាមេរិក ជាមួយប្រទេសមួយចំនួនផ្សេងទៀត ដែលបង្កលក្ខណៈងាយស្រួល សម្រាប់អាស៊ាន ផងដែរ។ ការជួបគ្នារវាងចិន ជប៉ុន និងកូរ៉េខាងត្បូង នឹងជះឥទ្ធិពលល្អ សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ី។ នេះជាការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បាននិយាយថាលោក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងចូលរួមក្នុងពិធី ចុះហត្ថលេខាមួយ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់ទីមួយដែលភាគីទាំង២ បានឯកភាពគ្នានៅក្នុងខែធ្នូនេះ។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនបញ្ជាក់លម្អិតពីកាលបរិច្ឆេទនៃការរៀបចំពិធីចុះហត្ថលេខានោះទេ។ ប៉ុន្តែតំណាងពាណិជ្ជកម្មអាមេរិក លោក Robert Lighthizer បានឱ្យដឹងកាលពីថ្ងៃទី១៤ ខែធ្នូថាកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទីមួយ អាចនឹងត្រូវបានចុះហត្ថលេខា នៅក្នុងសប្ដាហ៍ដំបូង នៃខែមករា ឆ្នាំ២០២០៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv