សម្តេចតេជោ ហ៊ុន សែន៖ ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនប្រមាណ៣០លានដុល្លារ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ ថវិកាសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនប្រមាណ៣០លានដុល្លារ បានពីសមាជិករបស់បក្ស ខណៈថ្ងៃទី២៨ ខែមិថុនាខាងមុខ នឹងធ្វើពិធីសូត្រមន្តឡើងអគារថ្មី (Video inside)

(កណ្ដាល)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានបញ្ជាក់ឲ្យដឹងថា ថវិកាសាងសង់អគារ ទីស្នាក់ការបក្សថ្មី ដែលមានតម្លៃចំនួនប្រមាណ៣០លានដុល្លារ គឺបានមកពីសមាជិក-សមាជិកា របស់គណបក្សប្រជាជនកម្ពុជាទាំងអស់ ហើយនៅថ្ងៃទី២៨ ខែមិថុនា ខាងមុខនេះ នឹងធ្វើពិធីសូត្រមន្តឡើងអគារថ្មី បន្ទាប់ពីចំណាយពេលសាងសង់ជាងពីរឆ្នាំ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃទី២៨នេះ គណបក្សប្រជាជនកម្ពុជា នឹងសូត្រមន្តឡើងអគារហើយ កុំអីយកថ្ងៃទី២៦ហើយ ចំថ្ងៃសុក្រ ប៉ុន្ដែថ្ងៃទី២៦ ជាប់ប្រជុំអាស៊ាន ទាំងព្រឹកទាំងល្ងាច [...] ឯថ្ងៃទី២៨ ចំថ្ងៃអាទិត្យ គឺចំថ្ងៃបុណ្យខួបគណបក្សប្រជាជន តែក៏ចំថ្ងៃសីលដែល»។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជិក-សមាជិកា គណបក្សប្រជាជន មានគ្រប់មជ្ឈដ្ឋានទាំងអស់ កម្មករ កសិករ ពាណិជ្ជករ និងសេដ្ឋី ដូច្នេះគ្មានអ្វីលំបាក ក្នុងការរកថវិកាត្រឹមប្រមាណ៣០លានដុល្លារ ក្នុងការសាងសង់អគារនោះទេ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានដៀមដាមទៅក្រុមប្រឆាំងថា ពួកគេបានកៀរគរថវិកាជាច្រើន ពីសមាជិកទៅធ្វើនេះ ធ្វើនោះ តែដូចជាមិនឃើញចេញលទ្ធផលទេ តើយកថវិកាទៅណា?

គូសបញ្ជាក់ថា អគារថ្មីនៃទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានបញ្ចុះបឋមសិលាសាងសង់ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨។ អគារនេះ មានបណ្ដោយ១៥០ម៉ែត្រ, ទទឹង ៧៤ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខ រហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។

ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង ៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់មហាជនអាចចតរថយន្តបាន ៣០០គ្រឿង។ នៅជាន់លើ គឺមានសាលសម្រាប់ប្រជុំ ជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួនប្រមាណជា១ម៉ឺននាក់។

អគារនេះ មានកម្ពស់៥ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង ៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។

អគារនេះ មានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យ ដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។ អគារនេះ ក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។

ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់ បានប្រមាណ ៣,៤៧៤នាក់ មានទីសម្រាកនៅសងខាង ដែលអាចដាក់មនុស្សបាន ៣,៤៧០នាក់ផងដែរ។

អគារទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំរាជរដ្ឋាភិបាល ត្រូវបានសាងសង់ឡើងជាមួយនឹងក្បូក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានភាពល្អប្រណិត។ ពីខាងក្រៅអគារទាំងមូល ត្រូវបានរំលេចទៅដោយពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះសបរិសុទ្ធសម្រាប់ជាតិ និងប្រជាជន។

អគារដ៏ធំស្កឹមស្កៃនេះ ត្រូវបានសាងសង់ឡើងរំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ និងមានសោភ័ណភាពល្អប្រណិតទាក់ទាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

ស្ថាបត្យករសាងសង់អគារនេះ បានគូសបញ្ជាក់ថា ត្រូវបានសាងសង់ឡើងក្រោមរចនាបថថ្មី ហៅថារចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នា។ រចនាបទទាំង៣នោះរួមមាន ទី១៖ រចនាបថប្រាសាទអង្គរវត្ត, ទី២៖ រចនាបថបន្ទាយស្រី និងទី៣៖ រចនាបថកណ្ដាល។ រចនាបទទាំង៣រួមបញ្ចូលគ្នាត្រូវបានហៅថា «រចនាបថរួមសម័យ»។

វត្តមានដ៏ឧត្តុងឧត្តម និងស្រស់ស្អាត នៃអគារទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ត្រូវបានរំលេចរូបរៀងឡើងក្នុងគម្រប់ខួប៦៩ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។

គណបក្សប្រជាជនកម្ពុជា ដែលចាប់បដិសន្ធិឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ បានក្លាយទៅជាគណបក្សនយោបាយមួយ ដែលបានបំពេញបេសកកម្ម យ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.