សម្តេចតេជោ ហ៊ុន សែន៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ «បើខ្ញុំជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញ ខ្ញុំនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារតែភាពខ្ជីខ្ជា»

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាតាមរយៈការ Comment នៅលើ Facebook នាយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះបានថ្លែងថា បើសម្តេចជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីវិញ ពេលនេះសម្តេចនឹងដករដ្ឋមន្រ្តីក្រសួងសុខាភិបាលចោលតែម្តង ដោយសារតែភាពខ្ជីខ្ជា ខ្វះការការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍៤១ប្រទេស។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសលទ្ធផលថ្មីមួយទៀត ចំពោះការពិនិត្យសុខភាពស្រ្តីចំណាស់ ជនជាតិអាមេរិកាំងដែលធ្វើដំណើរតាមនាវា Westerdam ចូលចតនៅកម្ពុជា ហើយហោះទៅកាន់ប្រទេសម៉ាឡេស៊ីនោះឡើងវិញឃើញថា «អវិជ្ជមាន» ពោលគឺមិនមានមេរោគកូរ៉ូណាថ្មី (COVID-19) ឡើយ ដែលលទ្ធផលនេះខុសពីលទ្ធផលពិនិត្យកាលពី៥ថ្ងៃមុន ដែលខ្លួនបានរកឃើញថា ស្រ្តីខាងលើមានមេរោគកូរ៉ូណាថ្មី បណ្តាលឱ្យអ្នកដំណើរជាច្រើនត្រូវខកខានដំណើរវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

សម្តេចតេជោ ហ៊ុន សែន បានចូលទៅ Comment នៅលើ Facebook របស់នារីម្នាក់ឈ្មោះ «Khek Khemrath» ដោយសរសេរថា៖ «ហេតុតែពូស្រែកម្តងហើយម្តងទៀត ក៏ព្រោះតែចង់ឱ្យភាពយុត្តិធម៌ សម្រាប់កម្ពុជាយើងផង សម្រាប់មនុស្សជាង២០០០នាក់ នៅលើនាវាផងពិសេស យុត្តិធម៌សម្រាប់ស្ត្រីជនជាតិអាមេរិក ដែលគេចាត់ទុកថាឆ្លងជំងឺ COVID-19។ ទម្រាំបានយុត្តិធម៌វិបត្តិមនុស្សធម៌ បានកើតឡើងអស់មួយសប្តាហ៍។ បើពូជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីវិញពូនឹងដករដ្ឋមន្ត្រីសុខាភិបាលចោល ដោយសារការធ្វើការខ្ជីខ្ជាខ្វះ ការទទួលខុសត្រូវដែលធ្វើប៉ះពាល់ដល់ជាតិសាសន៍ ៤១ប្រទេស។ ប្រទេសយើងក្រតែយើងមានការទទួលខុសត្រូវលើកិច្ចការមនុស្សធម៌នេះ»។

សូមបញ្ជាក់ថា ស្រ្តីជនជាតិអាមេរិកាំង ដែលជាអ្នកដំណើតាមនាវា Westerdam ដែលក្រសួងសុខាភិបាលម៉ាឡេស៊ី ពិនិត្យឃើញមានករណីកូរ៉ូណាថ្មី (Covid-19) ពេលដែលចាកចេញពីនាវា ហោះចេញពីកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៥ ខែកុម្ភៈនោះ ពេលនេះត្រូវបានលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី Wan Azizah Wan Ismail ចេញមកប្រកាសថា ពេលនេះស្រ្តីនោះពុំផ្ទុកមេរោគ Covid-19 ទេ។

កន្លងទៅ សម្តេចតេជោ ហ៊ុន សែន និងកម្ពុជាបានប្រតិកម្មយ៉ាងខ្លាំងចំពោះការប្រកាសរបស់ក្រសួងសុខាភិបាលម៉ាឡេស៊ី ដែលថាខ្លួនរកឃើញករណីជំងឺកូរ៉ូណាថ្មី នៅលើខ្លួនជនជាតិអាមេរិកាំងនេះ ហើយថែមទាំងទាមទារឱ្យម៉ាឡេស៊ី ពិនិត្យឱ្យបានច្បាស់លាស់ឡើងវិញ ដោយសារតែកម្ពុជា បានសហការជាមួយអង្គការសុខភាពពិភពលោក (WHO) ពិនិត្យសុខភាពអ្នកដំណើរទាំងអស់នៅលើកប៉ាល់ Westerdam មុននឹងអនុញ្ញាតឱ្យចុះចេញពីនាវា ហើយហោះចេញពីកម្ពុជា ឃើញថា មិនមាននរណាម្នាក់ មានមេរោគកូរ៉ូណាថ្មីនោះទេ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv