សម្ដេចតេជោ ហ៊ុន សែន អះអាងឱ្យពលរដ្ឋនិងទេសចរដើរលេងក្នុងប្រទេសកម្ពុជាដូចធម្មតា

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន អះអាងឱ្យពលរដ្ឋនិងទេសចរដើរលេងក្នុងប្រទេសកម្ពុជាដូចធម្មតា កុំភ័យខ្លាចរឿងវីរុសកូរ៉ូណា (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធានាអះអាងចំពោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ សូមធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជាដូចធម្មតា ហើយសូមមានការកុំភ័យខ្លាចបញ្ហារីករាលដាលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី (2019-nCoV) ពិសេសត្រូវផ្ដល់សេវាកម្មទេសចរណ៍ដោយគ្មានការរើសអើង។

នាអំលុងពេលថ្លែងសារទៅកាន់ប្រជាពលរដ្ឋទូទាំងប្រទេស ពាក់ព័ន្ធនឹងជំងឺរលាកផ្លូវដង្ហើមថ្មី ដែលបានធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា «ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមចេញដើរលេងកម្សាន្តតាមធម្មតា ហើយសូមកុំយកឱកាសនេះសម្លាប់វិស័យទេសចរណ៍ជាតិឱ្យសោះ បើយើងនាំគ្នាភ័យខ្លាច ម៉ាក្រូសេដ្ឋកិច្ចរបស់យើងអាចនឹងរង្គោះរង្គើ ដោយសារតែការភ័យខ្លាចនោះ ហើយចរន្តទីផ្សាររបស់យើងនឹងត្រូវជាប់គាំង»។

សម្ដេចតេជោបានបង្គាប់ឱ្យផ្នែកទាំងឡាយដែលប្រតិបត្តិការលើវិស័យទេសចរណ៍ អាកាសយានដ្ឋាន កំពង់ផែ ផ្នែកសេវាកម្មស្នាក់នៅ និងដឹកជញ្ជូន ត្រូវដំណើរការការងាររបស់ខ្លួនតាមធម្មតា និងដោយគ្មានការរើសអើង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ត្រូវដំណើការផ្នែកសេវាកម្មធម្មតាដោយគ្មានការើសអើង ដូចជា សេវាកម្មទេសចរណ៍ ការដឹកជញ្ជូនផ្លូវអាកាស ដែលទាក់ទងសំខាន់ជាមួយព្រលានយន្តហោះ ការដឹកជញ្ជូនផ្លូវទឹក កំពង់ផែ សណ្ឋាគារ និងសេវាដឹកជញ្ជូន»។

ប្រមុខរាជរដ្ឋាភិបាលបានពន្យល់ទៅកាន់ប្រជាពលរដ្ឋ និងអ្នកវិភាគខុសគ្រប់គ្នាថា ប្រសិនបើកម្ពុជាបិទជើងហោះហើរត្រង់ គឺមិនអាចបិទជើងហោះហើរដែលមកពីប្រទេសចិននោះទេ គឺត្រូវបិទទាំងអស់ ព្រោះឥឡូវជំងឺបានឆ្លងទៅដល់ច្រើនប្រទេសហើយ ប៉ុន្តែប្រសិនបើបិទគ្រប់ប្រទេសបែបនេះ កម្ពុជាត្រូវស្ថិតជាប្រទេសឯកោ មិនខុសពីសម្លាប់ខ្លួនឯង និងផ្ដាច់ទំនាក់ទំនងការទូតជាមួយអន្តរជាតិនោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានបន្តថា កម្ពុជាមិនមែនជាប្រទេសអ្នកមានឡើយ តែរាជរដ្ឋាភិបាលមានការទទួលខុសចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ សម្ដេចតេជោថា «យើងមិនមែនជាអ្នកមាន តែមានការទទួលខុសចំពោះពលរដ្ឋរបស់យើង»។

ពាក់ព័ន្ធនឹងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ខាងលើនេះ ក្រសួងទេសចរណ៍ ក៏បានចេញវិធានការពង្រឹងឧស្សាហកម្មទេសចរណ៍ក្នុងប្រទេសយ៉ាងសកម្មផងដែរ ក្នុងនោះក្រសួងបានបើកកិច្ចប្រជុំមួយជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយរួមគ្នាជំរុញចលនាទេសចរណ៍ក្នុងប្រទេសឱ្យកាន់តែសកម្មឡើង៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv