សម្ដេចតេជោ ហ៊ុន សែន ស្នើកូរ៉េខាងត្បូងជួយសាងសង់ស្ពាន ភ្ជាប់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន ស្នើកូរ៉េខាងត្បូងជួយសាងសង់ស្ពាន ភ្ជាប់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ, តាមការសិក្សាស្ពាននេះចំណាយថវិកា ពី៤០ ទៅ៥០លានដុល្លារ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានស្នើឲ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ជួយសាងសង់ស្ពានឆ្លងទន្លេមួយ ដែលតភ្ជាប់ពីជ្រោយចង្វារ រាជធានីភ្នំពេញ ទៅតំបន់ស្វាយជ្រុំ ស្ថិតក្នុងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកការដ្ឋានស្តារ និងសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា តាមការសិក្សាគម្រោងសាងសង់ស្ពានភ្ជាប់ពីជ្រោយចង្វារ ទៅស្វាយជ្រុំ ចំណាយថវិកាចន្លោះពី ៤០លានដុល្លារ ទៅ៥០លានដុល្លារ ដែលចំនួននេះតិចតួច បើធៀបនឹងគម្រោងថវិកាដែលកូរ៉េផ្តល់កម្ចីដល់កម្ពុជាចន្លោះឆ្នាំ២០១៩-២០២៣ ដែលមានចំនួនរហូតដល់៧០០លានដុល្លារ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានអះអាងទៀតថា នៅចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ប្រធានទី​ភ្នាក់ងារ​សហប្រតិបត្តការ​អន្តរជាតិ​កូរ៉េ (កយកា ឬ KOICA) នឹងមកទស្សនកិច្ចនៅកម្ពុជា ហើយសម្ដេចនឹងណែនាំឲ្យអញ្ជើញលោក ទៅសិក្សាផ្ទាល់នៅទីតាំងនោះតែម្ដង។ សម្ដេចថា បច្ចុប្បន្នតំបន់អរិយក្សត្រ ជាតំបន់ទីក្រុងរណប និងជាតំបន់សេដ្ឋកិច្ចមួយដ៏សំខាន់។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំបានស្នើឯកឧត្តមប្រធានាធិបតីកូរ៉េ ម៉ូ ជេអ៉ីន ពិចារណាជួយកសាងស្ពាននៅកន្លែងណាមួយ ហើយបើយើងគ្រោងទុក គឺស្ពានតភ្ជាប់ជ្រោយចង្វារ ទៅស្វាយជ្រុំរបស់ខេត្តកណ្ដាល។ ប្រធានកយកា នឹងមកទស្សនកិច្ចនៅចុងខែកុម្ភៈនេះ ហើយពេលនោះ អាចនាំប្រធានកយកាទៅមើលតែម្ដង ដើម្បីឲ្យគាត់សិក្សា ព្រោះឥលូវនេះត្រើយម្ខាងខាងអរិយក្សត្រ វាជាតំបន់អភិវឌ្ឍន៍ទៅជាក្រុងរណបមួយដ៏ធំ នៅកន្លែងនោះ»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលកម្ពុជា ក៏មានគម្រោងសិក្សាសាងសង់ស្ពានមួយទៀត ពីតំបន់ក្ដីតាកុយ ផ្លូវជាតិលេខ១ ទៅត្រើយម្ខាងផងដែរ ព្រោះដើម្បីកាត់បន្ថយការចំណាយពេលនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បន្នអ្នកនៅតំបន់ក្ដីតាកុយ បើចង់ធ្វើដំណើរឆ្លងទៅត្រើយម្ខាង ត្រូវជិះសាឡាង ឬទូកដរ។

សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាលនឹងបញ្ចប់ស្ថានភាព នៃការឆ្លងទូកដរ នៅក្បែរៗរាជធានីភ្នំពេញ នៅពេលខាងមុខ តាមរយៈការធ្វើស្ពានឆ្លងកាត់ទន្លេនេះ។ បន្ថែមពីនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋទទួលបានផលប្រយោជន៍ ពីការវិនិយោគរបស់រាជរដ្ឋាភិបាលយ៉ាងច្រើន នៅពេលមានផ្លូវស្រួល និងមានស្ពានល្អសម្រាប់ធ្វើដំណើរ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv