សម្ដេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលកាដូររបស់កូរ៉េខាង សម្រាប់ថ្ងៃបុណ្យគ្រិស្តម៉ាស់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន កំពុងរង់ចាំមើលកាដូររបស់កូរ៉េខាង សម្រាប់ថ្ងៃបុណ្យគ្រិស្តម៉ាស់របស់បច្ចឹមប្រទេស (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩នេះបានប្រកាសថា សម្ដេចកំពុងរង់ចាំមើលកាដូររបស់កូរ៉េខាងត្បូង ផ្ញើទៅកាន់ពិភពលោក សម្រាប់ថ្ងៃបុណ្យគ្រិស្ដម៉ាស់ ឬបុណ្យណូអ៊ែលរបស់បច្ឆឹមប្រទេស ខណៈនៅបែកអាមេរិកកំពុងត្រៀមរៀបចំបុណ្យនេះ។

ក្នុងឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ដោយជោគជ័យមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ប្រមាណ២៧៩០នាក់ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កាដូររបស់លោក គីម ជុងអ៊ុន អាចជាការបាញ់សាកល្បងមីស៉ីល ឬជាសារនយោបាយដើម្បីផ្ដើមការចរចាជាមួយអាមេរិក។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ថ្ងៃនេះរង់ចាំមើល តើកូរ៉េខាងជើង បានផ្ដល់កាដូណូអែលយប់មិញខ្ញុំក៏តាមមើលដែរ ក្រែងកាដូរណូអ៊ែលវាកើតឡើងពេលយប់ ប៉ុន្ដែខ្ញុំគិតថា កាដូរណូអ៊ែលប្រហែលមិនកើតពេលយប់ទេ បើកើតកើតពេលថ្ងៃ ព្រោះណូអ៊ែលនៅអាមេរិក លូវកំពុងតែយប់។ មិនដឹងថា តើកូរ៉េខាងជើងមានកាដូរសម្រាប់ពិភពលោក ជាកាដូរអ្វីតាមដានក្នុងថ្ងៃនេះ ជួនកាលមីស៊ីលចេញ៣គ្រាប់ ប៉ុន្ដែជួនកាលអត់មាន ជួនកាលចេញជាសារអីមួយល្អទៅវិញ ក៏អាចថាបាន»។

ជាមួយគ្នានេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា កាដូរដែលផ្ដល់ដោយកូរ៉េខាងជើងនេះ ក៏ធ្វើឲ្យសហរដ្ឋអាមេរិក ប្រកាសត្រៀមរួចជាស្រេច ដើម្បីនឹងរកវិធីទប់ទល់ ប៉ុន្ដែប្រសិនបើកាដូរនេះ គឺជាសារនយោបាយរបស់លោក គីម ដែលផ្ដើមចរចាឡើងវិញរវាងកូរ៉េខាងជើង និងអាមេរិក ហើយឈានទៅដល់ការរំលាយអាវុធនុយក្លេអ៊ែរទាំងស្រុង គឺជារឿងល្អសម្រាប់ពិភពលោកទាំងមូល។

ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ សម្រាប់កាដូរនេះគេមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ហើយសម្ដេចតេជោ ហ៊ុន សែន ក៏ប្រាប់ឲ្យតាមដានទាំងអស់គ្នា នៅរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ ខណៈសម្ដេចសង្ឃឹមថា កាដូរនេះគឺជារឿងល្អ មិនមែនជាការបាញ់មីស៉ីលឡើយ។

គួរជម្រាបថា ក្រសួងការពារជាតិអាមេរិក បានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកំពុងត្រៀមលក្ខណៈជានិច្ច ចំពោះការជូនកាដូបុណ្យណូអែល របស់កូរ៉េខាងជើង ខណៈប៉ុន្មានម៉ោងទៀត ទើបផុតថ្ងៃគ្រីស្មាស់នៅអាមេរិក។ នេះបើតាមការដកស្រង់ ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានយុនហ៉ាប់ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែធ្នូ ឆ្នាំ២០១៩។

«កាដូបុណ្យណូអែល» របស់ទីក្រុងព្យុងយ៉ាង ត្រូវមនុស្សភាគច្រើនរំពឹងថា គឺជាការបាញ់គ្រាប់មីស៊ីលផ្លោងឆ្លងទ្វីប (ICBM) បន្ទាប់ពីកូរ៉េខាងជើង ទើបតែបានធ្វើតេស្តដ៏សំខាន់ចំនួនពីរលើកដែលគេជឿថា ជាការសាកល្បងម៉ាស៊ីនគ្រាប់រ៉ុក្កែត នៅកន្លែងបង្ហោះផ្កាយរណប នាពេលកន្លងទៅក្នុងខែធ្នូនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិ លោក ដេវ អ៊ីសប៊ឺន (Dave Eastburn) បាននិយាយថា «អាមេរិក និងសម្ព័ន្ធមិត្តរបស់យើងនៅជុំវិញពិភពលោក ត្រៀមលក្ខណៈជានិច្ច ដើម្បីការពារខ្លួនឯងក្នុងឱកាសថ្ងៃបុណ្យគ្រីស្មាស់»។ ដោយឡែកកាលពីចន្លោះថ្ងៃអង្គារ និងថ្ងៃពុធសប្តាហ៍នេះ អាមេរិកបានធ្វើការហោះហើរយន្តហោះស៊ើបការណ៍ចំនួន ០៤គ្រឿង នៅលើឧបទ្វីបកូរ៉េ ដើម្បីត្រៀមឆ្លើយតបចំពោះ សកម្មភាពបង្កហេតុរបស់កូរ៉េខាងជើង។

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានប្រកាសផ្អាកជាបណ្តោះអាសន្ន នូវសកម្មភាពធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលផ្លោងឆ្លងទ្វីប ICBM នៅខែមេសា ឆ្នាំ២០១៨ មុនពេលលោកត្រៀមចូលរួមកិច្ចប្រជុំកំពូលទ្វេភាគី ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅខែមិថុនា ឆ្នាំដដែល។ ប៉ុន្តែក្រោយពីកិច្ចចរចានុយក្លេអ៊ែរ រវាងប្រទេសទាំងពីរបានជាប់គាំង ទីក្រុងព្យុងយ៉ាងបានបាញ់ តេស្តប្រព័ន្ធបាញ់មីស៊ីលរយៈចម្ងាយខ្លី ជាបន្តបន្ទាប់ចាប់តាំងពីខែឧសភាមក ហើយបានគំរាមជូនកាដូគ្រីស្មាស់ ដល់សហរដ្ឋអាមេរិកថែមទៀត៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv