សម្ដេចតេជោ ហ៊ុន សែន កោតសរសើររបៀបធ្វើការរបស់សមាជិកឧត្តមប្រឹក្សាពិគ្រោះ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន កោតសរសើររបៀបធ្វើការរបស់សមាជិកឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ដែលល្អជាងបក្សប្រឆាំងអាណត្តិកន្លងទៅ (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ បានថ្លែងនូវការកោតសរសើរចំពោះរបៀបរបបនៃការធ្វើការ របស់សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ល្អប្រសើរ ជាងសមាជិកសភារបស់ក្រុមគណបក្សប្រឆាំងនាអាណត្តិកន្លងទៅ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បើទោះបីមិនមានពហុបក្សនៅក្នុងសភា តែសមាសភាពឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានរួមចំណែកយ៉ាងច្រើន ក្នុងការបម្រើសង្គម។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានបង្កើតឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ដោយមានការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ក្រោយពេលបោះឆ្នោតជាតិអាណត្តិទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មានសមាសភាពមកពីគណបក្សយោបាយចំនួន១៦ ក្នុងចំណោម គណបក្សនយោបាយចំនួន២០ ដែលបានចូលរួមការបោះឆ្នោត។

ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាយន្តការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោបាយជូនរាជរដ្ឋាភិបាលក្រៅក្របខណ្ឌសភា ក្នុងគោលដៅលើកស្ទួយប្រសិទ្ធភាពការងារ ដើម្បីជាប្រយោជន៍ដល់ការបម្រើសេវាប្រជាជន និងការអភិវឌ្ឍសង្គមប្រកបដោយសក្តានុពល។

ក្នុងឱកាសបិទសន្និបាតនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «បើនិយាយអំពីប្រសិទ្ធភាព និងកិច្ចការផ្ទាល់ដែលឯកឧត្តម លោកជំទាវ បានធ្វើដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាល គឺវាខុសគ្នាយ៉ាងច្រើនជាមួយសមាជិកសភា នៃបក្សប្រឆាំង ដែលតែងលើកតាំងសំណួរតាមរយៈសភា មកកាន់រាជរដ្ឋាភិបាល មកកាន់នាយករដ្ឋមន្ដ្រី ឬមកកាន់រដ្ឋមន្ដ្រីនានា ប៉ុន្ដែសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមានឱកាសធ្វើការផ្ទាល់ ជាមួយបណ្ដារដ្ឋមន្ដ្រី ធ្វើការផ្ទាល់ជាមួយនាយករដ្ឋមន្ដ្រី ហើយធ្វើការផ្ទាល់ជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិទៀតផង»។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា «ដូច្នេះចំណុចទាំងនេះ បើទោះបីថា ស្ថានភាពពហុបក្សមិនមាននៅក្នុងសភា ក៏ប៉ុន្ដែស្ថានភាពពហុបក្សនេះ បែរជាមកគៀកក្បាលម៉ាស៉ីន នៃអង្គការនីតិប្រតិបត្តិតែម្ដង។ ចំណុចនេះបានក្លាយទៅជាវប្បធម៌ នៃកិច្ចសហប្រតិបត្តិការរវាងបក្សនយោបាយ ដែលវាមិនចាំបាច់ទាល់តែជេរប្រទិចផ្ដាសសាគ្នា បានហៅថាបក្សប្រឆាំងនោះទេ»។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ការធ្វើនយោបាយដើម្បីបម្រើសង្គម មិនចាំបាច់ប្រកាន់បក្សនយោបាយនោះតូច ឬបក្សនយោបាយធំនោះទេ ពោលវាអាស្រ័យតែទៅលើឆន្ទៈតែប៉ុណ្ណោះ។

គួរជម្រាបថា ក្នុងរយៈពេល១៦ខែមកនេះ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានចុះបំពេញបេសកកម្មនៅទូទាំង២៥រាជធានី-ខេត្តជាង ៤០០លើក និងបានធ្វើរបាយការណ៍អមដោយភស្តុតាងលើបញ្ហានានា ដែលខ្លួនប្រមូលបានដាក់ជូនសម្តេចតេជោ ហ៊ុន សែន ជិត ២០០ករណី។ ក្នុងរបាយការណ៍ជិត២០០នេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ទទួលបានការឆ្លើយតបត្រឡប់មកវិញរបស់សម្តេចតេជោចំនួន៣២៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv