សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះទឹកអាងវារីអគ្គិសនី រក្សាបាន១០០% សម្រាប់ផលិតថាមពលអគ្គិសនីក្នុងរដូវប្រាំង

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

(ប្រសាសន៍ដើម) សម្ដេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះទឹកអាងវារីអគ្គិសនី រក្សាបាន១០០% សម្រាប់ផលិតថាមពលអគ្គិសនីក្នុងរដូវប្រាំង, ការប្រើប្រាស់អគ្គិសនីមិនខ្វះខាតទេ (Video inside)

(កំពត)៖ ថ្លែងចេញពីខេត្តកំពត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានគូសបញ្ជាក់ថា ប្រៀបធៀបកាលពីខែវិច្ឆិកា ឆ្នាំមុន វារីអគ្គិសនីបានប្រើប្រាស់ទឹកអស់៣០ភាគរយ តែនៅក្នុងឆ្នាំនេះរក្សាទឹកក្នុងអាងវារីអគ្គិសនី បាន១០០ភាគរយ ដើម្បីធានាថា មានទឹករុញតួប៊ិន សម្រាប់ផលិតថាមពលអគ្គិសនី ក្នុងរដូវប្រាំង។

ការគូសបញ្ជាក់យ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតស៊ីម៉ង់ត៍ក្រុមហ៊ុន ស៊ីម៉ង់ត៍ ថៃ ប៊ុនរ៉ុង ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទុង ខេត្តកំពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រៀបធៀបឆ្នាំទៅក្នុងខែវិច្ឆិកាដូចគ្នា យើងបានប្រើប្រាស់ទឹកក្នុងអាងវារីអគ្គិសនីអស់៣០ភាគរយទៅហើយ ប៉ុន្ដែឆ្នាំនេះគឺរយៈពេលដូចគ្នា យើងរក្សាទឹក ក្នុងអាងវារីអគ្គិសនី១០០ភាគរយ ដើម្បីធានាថា យើងនឹងមានទឹករុញតួប៊ិន ជាបន្ដបន្ទាប់ ដោយមិនមានការខ្វះខាត...ចឹងទេ សូមអរគុណការពន្យល់របស់ឯកឧត្ដម ស៊ុយ សែម»។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា «ខ្ញុំមានការបារម្ភ ដែលខ្ញុំបានសន្យាជាមួយនិងអ្នកទីក្រុងភ្នំពេញថា ខិតខំធ្វើយ៉ាងម្ដេច កុំឲ្យកាត់ភ្លើងអ្នកទីក្រុងភ្នំពេញ ប៉ុន្ដែឥលូវនេះ យើងមានប្រភពពីវារីអគ្គិសនី ក៏នៅសល់ទឹកច្រើន យើងមានប្រភពផ្សេងទៀត ដែលផលិតដោយធ្យូងថ្ម ដោយពន្លឺព្រះអាទិត្យ និងដោយការនាំចូលពីវៀតណាម ថៃ និងឡាវ»។

នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានឲ្យដឹងផងដែរថា យើងក៏មានបម្រុងអគ្គិសនីនៅជិតទីក្រុងភ្នំពេញ ចំនួន៤០០មេហ្គាវ៉ាត់ ក៏ប៉ុន្ដែរយៈពេលនៃការសាងសង អាចនឹងត្រូវពន្យាពេលរហូតទៅដល់ ខែមិថុនា ទើបអាចសាងសងរួច ក៏ប៉ុន្ដែតាមការអះអាង របស់រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល ធានាថា ភ្លើងរបស់យើង គឺមានប្រើគ្រប់គ្រាន់ ដែលយើងយកពីប្រភពនេះ ប្រភពនោះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យើងក៏ត្រូវធ្វើផែនការមួយទៀត តាមរយៈអគារជាច្រើនដែលកំពុងសាងសង មិនទាន់បានមកចុះកិច្ចព្រមព្រៀង ដើម្បីផ្គត់ផ្គង់អគ្គិសនីនៅឡើយទេ ដូច្នេះត្រូវតែឲ្យអ្នកដែលកសាងនៅអគារទាំងនោះ មកធ្វើផែនការផ្គត់ផ្គង់អគ្គិសនីជាមួយនិងក្រុមហ៊ុនអគ្គិសនីកម្ពុជា ទើបយើងអាចដឹងពីតម្រូវការ។

បើតាមលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០១៩នេះ កម្ពុជាមានវារីអគ្គិសនីចំនួន០៧, អគ្គិសនីដុតធ្យូងថ្មចំនួន០២ អគ្គិសនីដើរដោយថាមពល ពន្លឺព្រះអាទិត្យចំនួន០២, ខ្សែបញ្ជូនអគ្គិសនីជាតិតភ្ជាប់ទៅខេត្តផ្ទាល់ចំនួន២០ និងមិនផ្ទាល់ចំនួន០៥, ការផ្គត់ផ្គង់អគ្គិសនី បានគ្របដណ្តប់លើភូមិចំនួន៩៣% នៃចំនួនភូមិទូទាំងប្រទេស និងលំនៅដ្ឋាន ដែលបានតភ្ជាប់ អគ្គិសនីប្រើប្រាស់ បានចំនួន៧៤% នៃលំនៅដ្ឋានសរុបនៅកម្ពុជា៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv