សម្ដេចតេជោ ហ៊ុន សែន៖ ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌដទៃ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចតេជោ ហ៊ុន សែន៖ ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌដទៃ ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស (Video inside)

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានលើកឡើងថា ក្របខ័ណ្ឌគ្រូពេទ្យ និងគ្រូបង្រៀន ទទួលបានប្រាក់បៀវត្សរ៍ខ្ពស់ជាងក្របខ័ណ្ឌផ្សេងៗទៀត ដោយសារតែក្របខ័ណ្ឌពីរនេះ ត្រូវព្យាបាលជំងឺ និងបណ្ដុះបណ្ដាលធនធានមនុស្ស។

ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតពេទ្យ ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រី ក្របខណ្ឌក្រសួង ស្ថាប័នផ្សេង មិនច្រណែនគ្រូពេទ្យ និងគ្រូបង្រៀននោះទេ ព្រោះពួកគេសុទ្ធតែមានកូនទៅរៀន ហើយក៏មានសាច់ញាតិមានជំងឺ ត្រូវទៅរកការព្យាបាលពីគ្រូពេទ្យ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ឥឡូវសូមបញ្ជាក់ជូន មានតែក្របខ័ណ្ឌពីរទេដែលខ្ពស់ជាងគេ គឺក្របខ័ណ្ឌពេទ្យ និងក្របខណ្ឌគ្រូបង្រៀន ប្រាក់ខែដូចគ្នា ច្រើនជាងទាហាន ច្រើនប៉ូលិស ច្រើនជាងក្របខ័ណ្ឌអីដ៏ទៃ។ ប៉ុន្ដែខ្ញុំសង្ឃឹមថា ទាហានក៏ដោយ ប៉ូលិសក៏ដោយ និងមន្ដ្រីរាជការដ៏ទៃក៏ដោយ មិនច្រណែនជាមួយគ្រូពេទ្យ និងគ្រូបង្រៀនទេ ដោយសារតែអ្នកទាំងអស់ត្រូវការគ្រូពេទ្យព្យាបាល កូនចៅត្រូវទៅរៀនសូត្រ»។

លើសពីនេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់គ្រូពេទ្យទាំងអស់ មិនថាកំពុងតែបម្រើការងារនៅពេទ្យឯកជន ឬពេទ្យនោះទេ ត្រូវតែយកតម្លៃអាយុជីវិតរបស់អ្នកជំងឺជាធំ មិនត្រូវយកតម្លៃលុយជាធំនោះឡើយ ពិសេសអ្នកដែលនៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយអ្វីដែលសម្ដេចចង់បាន គឺក្រមសីលធម៌របស់គ្រូពេទ្យ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់ថា រហូតមកដល់ពេលនេះ នៅតែបន្ដមានការរិះគន់ទៅលើកាយវិការ ឬពាក្យសម្ដីរបស់គ្រូពេទ្យ មិនសមរម្យទៅលើអ្នកជំងឺដែលមកទទួលសេវា។ ត្រង់ចំណុចនេះ សម្ដេចតេជោ បានសង្កត់ធ្ងន់ឲ្យគ្រូពេទ្យទាំងអស់ ត្រូវតែកែប្រែឥរិយាបថ និងត្រូវធ្វើអ្វីទៅតាមវិជ្ជាជីវៈ និងក្របសីលធម៌ជាគ្រូពេទ្យ។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន គ្រប់ពេទ្យទាំងអស់ ពិសេសមន្ទីរពេទ្យរដ្ឋ មិនត្រូវធ្វើការបែងចែកអ្នកជំងឺមាន ឬអ្នកជំងឺក្រនោះទេ ប្រសិនបើមិនប្រកាន់ការបែងចែកបែបនេះ បើទោះបីរាជរដ្ឋាភិបាលបំពាក់នូវឧបករណ៍ទំនើបៗ នៅក្នុងមន្ទីរពេទ្យក៏ដោយ ក៏ការព្យាបាលនៅតែមិនមានប្រសិទ្ធភាពដដែល។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី សង្ឃឹម និងជឿជាក់ថា គ្រូពេទ្យនៅកម្ពុជាទាំងអស់ នឹងអាចធ្វើការកែប្រែបាននូវអ្វីដែលជាការខ្វះខាត ហើយទទួលការរិះគន់នេះ។ សម្ដេចបានគូសបញ្ជាក់ទៀតថា អ្នកជំងឺ គឺត្រូវការថ្នាក់ថ្នមណាស់ពីគ្រូពេទ្យ ដូច្នេះហើយបើពាក្យសម្ដីរបស់គ្រូពេទ្យល្អ កាយវិការល្អ បើទោះបីមិនទាន់បានព្យាបាល ក៏មានអារម្មណ៍ថាធូរស្រាលដែរ ហើយនេះក៏ជាការលើកទឹកចិត្តមួយដ៏សំខាន់ទៅអ្នកជំងឺ៕* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv