សម្ដេចក្រឡាហោម ស ខេង មានជំនឿលើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្ដេចក្រឡាហោម ស ខេង មានជំនឿលើរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក្នុងការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញនូវការជឿជាក់លើ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធការងារដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ នាពេលបច្ចុប្បន្ន។

ក្នុងពិធីប្រកាសចូលកាន់តំណែង អគ្គនាយកថ្មី នៃអគ្គនាយកដ្ឋានពន្ធនាគារ, សម្ដេចក្រឡាហោម ស ខេង បានណែនាំរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ឲ្យជំរុញការដោះស្រាយសំណុំរឿងកកស្ទះនេះ ផ្ដោតសំខាន់ទៅលើសំណុំរឿងណា ដែលមានអ្នកជាប់ឃុំក្នុងពន្ធនាគារ ខណៈសំណុំរឿងដែលមិនមានអ្នកនៅឃុំ ត្រូវទុកមួយអន្លើរសិន។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំមានជំនឿទៅលើ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ លើយុទ្ធនាការដោះស្រាយសំណុំរឿងកកស្ទះ តែមិនដឹងថា ការដោះស្រាយសំណុំរឿងកកស្ទះនេះ វាអាចជួយសម្រាលដល់អ្នកជាប់ឃុំនៅក្នុងពន្ធនាគារដែរ ឬទេ? ខ្ញុំក៏បានរំលឹក ឯកឧត្តម កើត រិទ្ធ ដែរថា សំណុំរឿងកកស្ទះមនុស្សនៅក្រៅឃុំកុំអាលសិន ត្រូវជំរុញសំណុំរឿងដែលកកស្ទះ ហើយមនុស្សនៅជាប់ឃុំ»។

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ទៀតថា សំណុំរឿងដែលមិនមានអ្នកជាប់ឃុំ មិនទាន់ជាអាទិភាពនៅឡើយទេ ពោលអាទិភាពចម្បង គឺសំណុំរឿងទាំងឡាយណាដែលមានអ្នកជាប់ឃុំក្នុងពន្ធនាគារ។ ការធ្វើបែបនេះ សំដៅសម្រួលដល់ ភាពចង្អៀនណែន នៅក្នុងពន្ធនាគារនាពេលបច្ចុប្បន្ន។

គួរជម្រាបថា បើតាមតួលេខដែលបង្ហាញដោយក្រសួងមហាផ្ទៃ នាពេលកន្លងទៅ បានឲ្យដឹងថា បច្ចុប្បន្នមានអ្នកជាប់ឃុំ ក្នុងពន្ធនាគារប្រមាណជាង៣ម៉ឺននាក់ ក្នុងនោះស្រីជាង៣,០០០នាក់ ភាគច្រើនជាបទល្មើសគ្រឿងញៀន។

កាលពីអំឡុងខែឧសភា ឆ្នាំ២០២០កន្លងទៅ ក្រសួងយុត្តិធម៌ បានបើកយុទ្ធនាការដោះស្រាយ ការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីជម្រះរាល់សំណុំរឿងទាំងឡាយណា ដែលបានកកស្ទះ។ មួយវិញទៀត ដើម្បីជួយសម្រួលដល់ ភាពចង្អៀនណែនក្នុងពន្ធនាគារផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.