វត្តសម្ដេចមុនី ខេត្តកំពង់ឆ្នាំង ជាអតីតទីកន្លែងធ្វើទារុណកម្ម សម្លាប់ពលរដ្ឋស្លូតត្រង់ ជិត២ម៉ឺននាក់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

វត្តសម្ដេចមុនី ខេត្តកំពង់ឆ្នាំង ជាអតីតទីកន្លែងធ្វើទារុណកម្ម សម្លាប់ពលរដ្ឋស្លូតត្រង់ ជិត២ម៉ឺននាក់ ក្នុងសម័យប៉ុលពត (Video inside)

(កំពង់ឆ្នាំង)៖ ពលរដ្ឋខ្មែរគ្រប់រូបនៅតែមានការចងចាំឥតភ្លេចឡើយ ចំពោះរបបប្រល័យពូជសាសន៍ ដែលជារបបវាលពិឃាតក្នុងរបបក្លែងក្លាយមួយ ដែលមានឈ្មោះថា កម្ពុជាប្រជាធិបតេយ្យ ដែលរបបនេះដឹកនាំប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់ដើមឆ្នាំ១៩៧៩ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ជាងបីលាននាក់ ត្រូវបានសម្លាប់ នៅគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។

ដោយឡែកនៅក្នុងវត្តមួយដែលមានឈ្មោះថា វត្តសម្ដេចមុនី ហៅវត្តសម្តេចតុ ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលត្រូវបានពួក ប៉ុល ពត យកធ្វើជា មណ្ឌល ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍មួយដ៏ធំជាងគេក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់អស់ប្រមាណជិត២ម៉ឺននាក់ ហើយអ្នកស្រុកនៅទីនោះ ដែលនៅមានជីវិតរស់មកដល់សព្វថ្ងៃនេះ ចងចាំមិនអាចភ្លេចបានឡើយ នូវប្រវត្តិអតីតកាលដ៏ខ្មៅងងឹតមួយនេះ។

វត្តសម្ដេចមុនី មានចំងាយប្រមាណជិត៤០គីឡូម៉ែត្រពីក្រុងកំពង់ឆ្នាំង វត្តនេះត្រូវបានពួក ប៉ុល ពត យកធ្វើជាគុកសម្រាប់ធ្វើទារុណកម្ម និងសម្លាប់អ្នកទោស យ៉ាងសាហាវ យង់ឃ្នងបំផុត នៅក្នុងរបបវាលពិឃាដ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

បើតាមការរៀបរាប់ ពីចាស់ទុំក្នុងភូមិ ដែលមានទីលំនៅក្បែរវត្ត និងធ្លាប់បានឃើញព្រឹត្តិការណ៍នៃការធ្វើទារុណកម្មទៅលើអ្នកទោសកាលពីជាង ៤០ឆ្នាំមុននោះ បានបញ្ជាក់ថា ពួក ប៉ុល ពត បានធ្វើទារុណកម្មមកលើអ្នកទោសនៅទីនេះមិនខុសគ្នានឹងការធ្វើទារុណកម្មនៅក្នុងគុកទួលស្លែងឯទីក្រុងភ្នំពេញនោះទេ ដូចជាការសួរចម្លើយ ដោយការដកក្រចកដៃ ក្រចកជើង, ចងព្យួរជើងឡើងលើជ្រមុជក្បាលចូលទឹកពាង, ការដាក់ខ្នោះជើងភ្ជាប់ទៅនឹងកំរាលឥដ្ឋ, និងដោយអំពើព្រៃផ្សៃផ្សេងៗទៀត។

ក្រោយពីពួកគេសួរចម្លើយចប់សព្វគ្រប់ គឺគេបាននាំយកទៅសម្លាប់ចោលនៅចំងាយប្រមាណជាង១គីឡូម៉ែត្រ ពីវត្តសម្ដេចមុនី ដែលមានរណ្តៅ ទុកដាក់សាកសពធំៗ ចំនួន៣រណ្តៅ ដែលត្រូវបានគេជីកត្រៀមទុករួចជាស្រេចនៅទីនោះផងដែរ។

លោកតា ជុន កែម អាយុ៧២ឆ្នាំ បច្ចុប្បន្នជាអាចារ្យវត្តសម្តេចមុនី បានប្រាប់ឱ្យដឹងថា នៅក្នុងឆ្នាំ១៩៧៥ ប្រជាជនទាំងអស់ត្រូវពួក ប៉ុល ពត ជម្លៀសចេញពីភូមិដ្ឋាន គ្មានសល់ម្នាក់ឡើយ នៅក្នុងភូមិនីមួយៗមានសភាពស្ងាត់ជ្រងំ សូម្បីតែនៅក្នុងវត្តសម្តេចតុនេះក៏គ្មានអ្នកណាម្នាក់នៅបានដែរ។

ដល់ឆ្នាំ១៩៧៦ ពួកគេបានយកវត្តសម្តេចតុ និងវត្តគ្រួស ដែលមានទីតាំងនៅក្បែរគ្នា ស្ថិតក្នុងឃុំខុនរ៉ង ស្រុកបរិបូរណ៌នេះ ធ្វើជាគុកទាំង២វត្ត ដោយឡែកវត្តគ្រួស គេដាក់តែអ្នកទោសស្រាលៗ រីឯវត្តសម្តេចតុ គេយកដាក់អ្នកមានទោសធ្ងន់ និងទីកន្លែងសម្រាប់ធ្វើទារុណកម្ម មុននឹងយកអ្នកទោសទាំងនោះចេញពីទីនេះទៅសម្លាប់ ហើយអ្នកទោសនៅទីនេះផងដែរ ត្រូវបានគេយកមកពីតាមបណ្តាស្រុកទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង ហើយក៏មានយកមកពីតាមបណ្ដាខេត្តមួយ ចំនួនមកដាក់នៅទី នេះ ផងដែរ។

តាមការបញ្ជាក់ពីសាក្សីដែលបានមកដល់ទីតាំងវត្តនេះដំបូងគេ ក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ បានឱ្យដឹងថា នៅក្នុងបរិវេណវត្តសម្តេចតុនេះ សុទ្ធសឹងជារណ្តៅកប់ សាកសពជនរងគ្រោះ និងជាទីកន្លែងសម្រាប់ធ្វើទារុណកម្មមនុស្សតាមបែបផ្សេងៗគ្នា និងនៅចំងាយប្រមាណជាង១គីឡូម៉ែត្រខាងជើងវត្តសម្តេចតុ មានរណ្តៅដាក់ សពធំៗចំនួន៣ ដែលនៅក្នុងរណ្តៅ បានបន្សល់ទុកនូវគ្រោងឆ្អឹង និងលលាដ៍ក្បាលរបស់សាកសពជនរងគ្រោះ ជាច្រើនដែលបច្ចុប្បន្នត្រូវបានព្រះសង្ឃ និងអាជ្ញាធរ ប្រមូលយកពីក្នុងរណ្ដៅមករៀបចំតម្កល់ទុកដាក់ក្នុងស្តូបមួយខ្លង ដើម្បីទុកគោរពបូជា ដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទាំងអស់នោះផងដែរ។ ដោយឡែក ក្នុងព្រះវិហារវត្តសម្តេចតុវិញ គឺមានអ្នកទោសស្លាប់រាប់សិបនាក់ ដែលស្លាប់ដោយជើងរបស់ពួកគេជាប់ទៅនឹងខ្នោះដែកដែលមើលទៅគួរឲ្យព្រៃផ្សៃជាទីបំផុត។

បើតាមការឲ្យដឹងពីអ្នកដែលបានដឹងពីប្រវត្តិទីកន្លែងវត្តសម្ដេចតុ ដែលត្រូវបានក្រុម ប៉ុល ពត យកធ្វើជាទីតាំងសម្រាប់ធ្វើទារុណកម្មដល់ប្រជាពលរដ្ឋខ្មែរ ខាងលើនេះ បានឲ្យដឹងថា អ្នកទោសដែលត្រូវគេសម្លាប់នៅក្នុងវត្តសម្តេចតុនេះ មានប្រមាណជិត២ម៉ឺននាក់ នេះបើយោងតាមបញ្ជីស្នាមដែលពួក ប៉ុល ពត បានកត់ត្រាឈ្មោះ អ្នកទោសទាំងអស់ដែលពួកគេយកមកដាក់គុកនៅវត្តសម្តេចតុនេះ។

នាពេលបច្ចុប្បន្ន វត្តសម្តេចតុ ត្រូវបានរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ទុកជាទីដ្ឋានគោរពវិញ្ញាណខ័នអ្នកស្លាប់ក្នុងរបបវាលពិឃាដជារៀងរាល់ឆ្នាំ ព្រោះនៅក្នុងវត្តនេះ មានសាងសង់ជាស្តូបរក្សាធាតុរបស់អ្នកស្លាប់មួយចំនួន និងធាតុមួយចំនួនធំ ព្រមទាំងវត្ថុតាងធ្វើទារុណកម្មនាសម័យនោះ ត្រូវបានយក ទៅរក្សា ទុកនៅវត្តជើងឯកនាទីក្រុងភ្នំពេញ។

ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងគ្រប់រូប សុទ្ធតែស្គាល់វត្តសម្តេចតុនេះគ្រប់ៗគ្នា ព្រោះវាជាទីកន្លែងគោរពបូជាផ្នែកសាសនានៃយើងផង និងជាទីតាំងប្រវត្តិសាស្រ្ត ដែលពួកបនប្រល័យពូជសាសន៍ បានបន្សល់ទុកនូវភាពខ្លោចផ្សា មហាវិនាសកម្មដែលញាំងឱ្យបេះដូងកូនខ្មែរគ្រប់ជំនាន់ ចងចាំមិនអាចបំភ្លេចបានផងដែរ៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.