លោក ហ៊ីង សុខសាន ហែកកេរ្តិ៍លោក សម រង្ស៉ី រឿងលាលែងពីប្រធានបក្សសង្គ្រោះជាតិ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក ហ៊ីង សុខសាន ហែកកេរ្តិ៍លោក សម រង្ស៉ី រឿងលាលែងពីប្រធានបក្សសង្គ្រោះជាតិ (Video inside)

(ភ្នំពេញ)៖ លោក សម រង្ស៉ី កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ បានសម្រេចលាលែងចេញពីតំណែងប្រធាន អតីតគណបក្សសង្គ្រោះជាតិ។ ការសម្រេចចិត្តលាលែងនេះ ត្រូវបានលោកអះអាងថា ធ្វើឡើងដើម្បីកុំឱ្យមានការរំលាយគណបក្សសង្គ្រោះជាតិ តាមអំណាចច្បាប់ស្តីពីគណបក្សនយោបាយនៅកម្ពុជា។

បន្ទាប់ពីការប្រកាសលាលែងរបស់លោក សម រង្ស៉ី ហើយនោះ នៅខែបន្ទាប់ពោលគឺនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ លោក កឹម សុខា ត្រូវបានគណបក្សបោះឆ្នោតគាំទ្រឱ្យឡើងធ្វើជាប្រធានបក្សជំនួសលោក សម រង្ស៉ី។

បើទោះបីមានការដោះដូរប្រធានបក្សក្រោមហេតុផលថា រក្សាវត្តមានបក្សសង្គ្រោះជាតិកុំឱ្យរំលាយតាមអំណាចច្បាប់ ស្តីពីគណបក្សនយោបាយនៅកម្ពុជាយ៉ាងណាក៏ដោយចុះ តែទីបំផុតគណបក្សនេះនៅតែត្រូវបានតុលាការកំពូលរបស់កម្ពុជា រំលាយចោលដដែលតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧។ ក្រសួងមហាផ្ទៃ បានចោទប្រកាន់គណបក្សនយោបាយនេះថា មានបំណងផ្តួលរំលំរាជរដ្ឋាភិបាល និងធ្វើខុសពីច្បាប់គណបក្សនយោបាយជាដើម។

មកដល់ពេលបច្ចុប្បន្នការរលំរលាយគណបក្សសង្គ្រោះជាតិនេះ បានក្លាយទៅជាប្រធានបទក្តៅគគុកមួយក្នុងការជជែកដេញដោលគ្នា រវាងអ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិរវាងអ្នកមានស្វាមីភក្តិជាមួយលោក កឹម សុខា និងអ្នកមានស្វាមីភក្តិជាមួយលោក សម រង្ស៉ី។

អ្នកមានស្វាមីភក្តិជាមួយលោក សម រង្ស៉ី គេបានចាត់ទុកការលាលែងរបស់លោក សម រង្ស៉ី ពីប្រធានបក្សថាជាភាពក្លាហានមួយ ដោយហ៊ានលះបង់សព្វបែបយ៉ាង ដើម្បីរក្សាវត្តមានបក្ស។ ពួកគេក៏បានវាយប្រហារទៅលើលោក កឹម សុខា ថាក្រាញននៀលជាមួយតំណែងបក្សមិនព្រមលាលែងរហូតបក្សត្រូវបានរំលាយ។

សម្រាប់អ្នកមានស្វាមីភក្តិ ស្ម័គ្រស្មោះនឹងលោក កឹម សុខា វិញគេមិនបានយល់បែបនោះឡើយ។ លោក ហ៉ីង សុខសាន អតីតប្រធានយុវជនអតីតគណបក្សសង្គ្រោះជាតិ ក្នុងវេទិការបស់ឌឹខេមបូឌែដេលី នៅរាត្រីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ បានចេញមកវាយប្រហារធ្ងន់ៗទៅលើលោក សម រង្ស៉ី ព្រមទាំទម្លាយអាថ៌កំបាំងមួយចំនួនជុំវិញការលាលែងពីតំណែងប្រធានគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៉ី ផងដែរ។

លោក ហ៉ីង សុខសាន បានហៅការនិយាយថា លោក សម រង្ស៉ី លាលែងពីប្រធានបក្សជាការលះបង់ ដើម្បីសង្គ្រោះបក្សនោះគ្រាន់តែជាសម្តីបោកប្រាស់ដើម្បីយកបុងតែប៉ុណ្ណោះ។ លោកបានបញ្ជាក់ថា តាមច្បាប់ស្តីពីគណបក្សនយោបាយរបស់កម្ពុជា បើទោះបីលោក សម រង្ស៉ី មិនលាលែងពីតំណែង ក៏លោកនឹងត្រូវបាត់បង់តំណែងដូចគ្នា ព្រោះតែលោកជាទណ្ឌិត។

លោក ហ៉ីង សុខសាន បញ្ជាក់យ៉ាងដូច្នេះ «ការនិយាយថា លោក សម រង្ស៉ី លាលែងដើម្បីសង្គ្រោះគណបក្សនេះ គឺគ្រាន់តែជាការយកបុង គ្រាន់តែជាការបកស្រាយមួយយកត្រូវ យកមុខយកមាត់តែប៉ុណ្ណោះ។ តែបើយើងមើលទៅលើមាត្រាច្បាប់១៨ថ្មី នៃច្បាប់ស្តីពីគណបក្សនយោបាយបានចែងថាម៉េច? ប្រធានគណបក្សបានបាត់បង់តួនាទីជាប្រធាន នៅពេលដែលខ្លួនជាទណ្ឌិត នៅពេលដែលខ្លួនស្លាប់ ឬក៏លាលែង។ អ៊ីចឹងនៅពេលនោះច្បាប់គណបក្សហ្នឹងចេញមក លោក សម រង្ស៉ី ជាទណ្ឌិត អ៊ីចឹងនៅពេលច្បាប់គណបក្សនយោបាយហ្នឹងចេញមកលោក សម រង្ស៉ី នឹងបាត់បង់ដោយស្វ័យប្រវត្តិហើយ នឹងបាត់បង់តំណែងជាប្រធានបក្សដោយស្វ័យប្រវត្តិហើយ ព្រោះគាត់ជាទណ្ឌិត។ ដូច្នេះហើយបានគាត់ធ្វើជាលាលែងមុនដើម្បីបញ្ឆោតគេ ហើយមកប្រើប្រាស់យកបុងអ៊ីចឹង។ ដូច្នេះអ្នកប្រើប្រាស់របៀបហ្នឹង កាលណាខ្ញុំបកស្រាយតាមផ្លូវច្បាប់ទៅវិញ គឺអ្នកហ្នឹងដូចជាបន្ទាប វាយតម្លៃ ឬដូចឱ្យគេបកអាក្រាតលោក សម រង្ស៉ី ទៅវិញទេ»។

លោក ហ៉ីង សុខសាន្ត ក៏បានរិះគន់ការសម្រេចចិត្តរបស់លោក សម រង្ស៉ី នាពេលនោះផងដែរថា ជាការសម្រេចដោយចាញ់ចិត្តសាស្ត្រនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានបក្សកាន់អំណាច៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.