លោក ហ៉ីង សុខសាន ទម្លាយរឿង សម រង្ស៉ី រៀបចំផែនការកម្ចាត់លោក កឹម សុខា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក ហ៉ីង សុខសាន ទម្លាយរឿង សម រង្ស៉ី រៀបចំផែនការកម្ចាត់លោក កឹម សុខា កាលពីឆ្នាំ២០១៤

(ភ្នំពេញ)៖ ព្រឹត្តិការណ៍នយោបាយនៅកម្ពុជាក្រោយការបោះឆ្នោតនីតិកាលទី៥ឆ្នាំ២០១៣ ប្រហែលជាប្រជាពលរដ្ឋខ្មែរជាម្ចាស់ឆ្នោតមិនទាន់ភ្លេចនៅឡើយទេ។ លទ្ធផលបោះឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨កៅអី និងគណបក្សសង្គ្រោះជាតិកើតពីបណ្តុំគណបក្ស សម រង្ស៉ី របស់លោក សម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ទទួលបាន ៥៥កៅអី។

លទ្ធផលឆ្នោតនេះបានធ្វើឱ្យគណបក្សសង្គ្រោះជាតិងរងក់មិនព្រមទទួលយកលទ្ធផលបោះឆ្នោត មិនព្រមចូលសភា ហើយយកចិញ្ចឹមផ្លូវធ្វើជាចំណាប់ខ្មាំងនៃក្បួនបាតុកម្មទាមទារសើរើលទ្ធផលឆ្នោត និងចុងក្រោយទាមទារឱ្យទម្លាក់សម្តេចតេជោ ហ៊ុន សែន ពីតំណែងនាយករដ្ឋមន្ត្រី។

លុះដល់ឆ្នាំ២០១៤ ទើបមានការសម្របសម្រួល និងចរចាផ្នែកនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដោយមានសម្បទានអំណាចមួយចំនួននៅក្នុងរដ្ឋសភា ទើបគណបក្សសង្គ្រោះព្រមចូលអង្គុយធ្វើការនៅក្នុងវិមានរដ្ឋសភា។

ដំណើរការចរចានាពេលនោះ ត្រូវបានគេដឹងថា ជាការបើកការចរចាគ្នារវាងសម្តេចតេជោ ហ៊ុន សែន និង លោក សម រង្ស៉ី រហូតមានការពិសារអាហារលក្ខណៈគ្រួសារមេដឹកនាំបក្សទាំងពីរថែមទៀតផង។

កាលណោះមានចម្ងល់ និងការភ្ញាក់ផ្អើលជាខ្លាំងចំពោះការសម្រេចចិត្តរបស់គណបក្សសង្គ្រោះជាតិក្នុងការព្រមព្រៀងចូលធ្វើការនៅក្នុងវិមានរដ្ឋសភានេះ ព្រោះដើមឡើយពួកគេបានបង្ហាញជំហរដាច់ណាត់ថាមិនចូលធ្វើការនៅសភាជាមួយគណបក្សប្រជាជនកម្ពុជា ដែលគេនាំគ្នាហៅថាជាសភា «ចោរ» នោះឡើយ។

លោក ហ៉ីង សុខសាន ដែលជាប្រធានយុវជននៃគណបក្សសង្គ្រោះជាតិកាលពីពេលនោះ បានធ្វើការរំលើកបើកកកាយនូវអាថ៌កំបាំងមួយចំនួននៃដំណើររឿងយល់ព្រមចូលសភានេះ។

ក្នុងបទសម្ភាសន៍ជាមួយព័ត៌មានឌឹខេមបូឌែរដេលី នារាត្រីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោក ហ៉ីង សុខសាន មនុស្សកូតារបស់លោក កឹម សុខា បើកកកាយឱ្យដឹងថា ការសម្រេចចិត្តចូលសភានាពេលនោះ គឺជាជំហររបស់លោក សម រង្ស៉ី និងមនុស្សជំនិតរបស់លោក សម រង្ស៉ី ខណៈដែលលោក កឹម សុខា បានជំទាស់មិនទាន់ព្រមចូលនៅឡើយទេ ព្រោះទាមទារលក្ខខណ្ឌមួយចំនួនមិនទាន់បាននៅឡើយ។ បើតាមលោក ហ៉ីង សុខសាន លក្ខខណ្ឌដែលគណបក្សសង្គ្រោះជាតិទាមទារនាពេលនោះមានដូចជាតំណែងប្រធានរដ្ឋសភា និងការចង់ដាក់លោកស្រី ពង់ ឈាវកេត ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតជាដើម។

លោក ហ៉ីង សុខសាន បានទម្លាយឱ្យដឹងថា បន្ទាប់ពីមានការចរចាជាសម្ងាត់រវាងសម្តេចតេជោ ហ៊ុន សែន និងលោក សម រង្ស៉ី នោះ លោក សម រង្ស៉ី ក៏បានសម្រេចចិត្តចូលរដ្ឋសភា ទាំងលោក កឹម សុខា មិនទាន់ដឹងរឿងអ្វីទាំងអស់។ លោក ហ៉ីង សុខសាន បានរំលឹកថា នៅពេលនោះ លោក កឹម សុខា និងរូបលោក កំពុងទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា ត្រូវបានលោក សម រង្ស៉ី បង្ខំឱ្យវិលចូលស្រុកវិញ ដើម្បីពិភាក្សាលើការងារចូលរដ្ឋសភានេះ។

លោក ហ៉ីង សុខសាន បានទម្លាយទៀតថា ដោយសារតែលោក កឹម សុខា រារែកក្នុងការចូលរដ្ឋសភានាពេលនោះ លោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ដែលជាមនុស្សជំនិតរបស់លោក សម រង្ស៉ី បានមកបង្ខំលោក កឹម សុខា និងគំរាមថា បើលោក កឹម សុខា មិនចូល គឺខាងលោក សម រង្ស៉ី នឹងចូលហើយ។

ត្រង់ចំណុចនេះ លោក ហ៉ីង សុខសាន បបួលលោក អេង ឆៃអ៊ាង និងលោក យឹម សុវណ្ណ ស្បថឱ្យស្លាប់ចោលប្រពន្ធកូនថែមទៀតផង បើមនុស្សទាំងពីររូបហ៊ានប្រកែកថា មិនបានគំរាមលោក កឹម សុខា ទេនោះ។

រឿងកាន់តែធ្ងន់ធ្ងរជាងនេះទៀត បន្ទាប់ពីលោក កឹម សុខា នៅតែរារែកមិនព្រមចូលសភាតាមការចង់បានរបស់លោក សម រង្ស៉ី នោះ ពួកគេក៏បានរៀបចំល្បិចកល ដើម្បីកម្ចាត់លោក កឹម សុខា ថែមទៀតផង។ ព្រឹត្តិការណ៍នោះ គឺកើតមានឡើងនៅខែកក្កដា ឆ្នាំ២០១៤ គឺក្រុមលោក សម រង្ស៉ី បានរៀបចំសេនារិយោធ្វើបាតុកម្ម ដើម្បីរុញការទទួលខុសត្រូវឱ្យលោក កឹម សុខា។

លោក ហ៉ីង សុខសាន បានរំលឹកថា នៅខែកក្កដា ឆ្នាំ២០១៤ នោះ លោក សម រង្ស៉ី ដែលជាប្រធានបក្ស បានចេញទៅក្រៅប្រទេស ដូច្នេះការទទួលខុសត្រូវបក្ស គឺត្រូវធ្លាក់មកលើលោក កឹម សុខា ជាអនុប្រធាន។ ពេលនោះ លោកស្រី មូរ សុខហួរ បានទទូចសុំលោក កឹម សុខា ម្តងហើយម្តងទៀត ដើម្បីធ្វើបាតុកម្ម តែលោក កឹម សុខា បានបដិសេធជានិច្ច។

ដោយមិនអាចហាមឃាត់នឹងការទទូចនេះបាន លោក កឹម សុខា បានរុញឱ្យលោក ស្រី មូរ សុខហួរ សុំការអនុញ្ញាតពីលោក សម រង្ស៉ី បើលោក សម រង្ស៉ី អនុញ្ញាតក៏ធ្វើចុះ ហើយបើធ្វើ ធ្វើក្នុងនាមជាអ្នកតំណាងរាស្ត្របានហើយ កុំធ្វើក្នុងនាមបក្ស។

លុះនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ លោកស្រី មូរ សុខហួរ និងតំណាងរាស្ត្រមួយចំនួនទៀត ដែលជាកូតារបស់លោក សម រង្ស៉ី បានធ្វើបាតុកម្ម ហើយឈានដល់ការផ្ទុះហិង្សាវាយសន្តិសុខខណ្ឌដូនពេញជាច្រើននាក់ឱ្យរងរបួស។ ក្រោយផ្ទុះហិង្សានេះ លោកស្រី មូរ សុខហួរ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ព្រមទាំងយុវជនគាំទ្រគណបក្សសង្គ្រោះជាតិមួយចំនួនទៀតត្រូវចាប់ខ្លួនផងដែរ។

លោក ហ៉ីង សុខសាន បានលើកឡើងថា ការធ្វើបាតុកម្មនេះជាសេណារិយោរៀបចំឡើងដោយលោក សម រង្ស៉ី ដែលចង់រុញការទទួលខុសត្រូវមកឱ្យលោក កឹម សុខា ជាអ្នកទទួលខុសត្រូវ ហើយប្រឈមទៅនឹងការជាប់ពន្ធនាគារ។ លោក ហ៉ីង សុខសាន បានលើកឡើងថា កាលណោះសមត្ថកិច្ចមិនចាំលោក កឹម សុខា ក្នុងនាមជាប្រធានបក្សស្តីទី ជាអ្នកទទួលខុសត្រូវលើបក្ស គឺប្រហែលមកពីការសន្ទនាតាមទូរស័ព្ទរវាងលោកស្រី មូរ សុខហួរ និងលោក កឹម សុខា ត្រូវបានគេលប់ស្តាប់ ហើយបានឮពីការរក្សាជំហរដាច់ណាត់របស់លោក កឹម សុខា មិនឱ្យធ្វើបាតុកម្មនោះមិនមានការចាប់ខ្លួន។

លោក ហ៉ីង សុខសាន បានសន្និដ្ឋានថា ពេលនោះបើសិនលោក កឹម សុខា មានការឯកភាពណាមួយឱ្យលោកស្រី មូរ សុខហួរ ធ្វើបាតុកម្មច្បាស់ណាស់សមត្ថកិច្ចនឹងចាប់ខ្លួនលោក កឹម សុខា តែការសន្ទនាតាមទូរស័ព្ទត្រូវបានគេដឹងទើបមិនមានការចាប់ខ្លួន។

បើតាមលោក ហ៉ីង សុខសាន ការរៀបចំផែនការចង់រុញលោក កឹម សុខា ចូលពន្ធនាគារនេះ គឺដើម្បីកុំឱ្យនៅធ្វើជាឆ្អឹងទទឹងកចំពោះការសម្រេចចូលរដ្ឋសភារបស់លោក សម រង្ស៉ី នាពេលនោះ៕
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.