លោក ហេង សួរ៖ កម្ពុជាចាត់ទុកកូវីដ១៩ ជាឃាតករ ដែលឆក់យកចំណូល និងការងាររបស់ពលរដ្ឋ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក ហេង សួរ៖ កម្ពុជាចាត់ទុកកូវីដ១៩ ជាឃាតករ ដែលឆក់យកចំណូល និងការងាររបស់ពលរដ្ឋ (Video inside)

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ បានលើកឡើងថា កម្ពុជាចាត់ទុកជំងឺកូវីដ-១៩ គឺជាឃាតករ ដែលឆក់យកចំណូល និងការងាររបស់ពលរដ្ឋ ហើយចំពោះជនណា ដែលមានចេតនាឃិបឃិតជាមួយឃាតករបិទមុខនេះ មិនត្រូវបានលើកលែងឡើយ។

លើសពីនោះទៀត លោក ហេង សួរ ក៏បានគូសបញ្ជាក់ថា ឥទ្ធិពលនៃជំងឺកូវីដ-១៩ គិតមកដល់ពេលនេះ មិនទាន់មានប្រទេសណាមួយ អាចវាយតម្លៃឲ្យពិតប្រាកដ ថាបញ្ចប់ទៅពេលណា ហើយបើកសេដ្ឋកិច្ចខ្លួនវិញ នៅពេលណានោះទេ ប៉ុន្ដែបើទោះបីប្រទេសទាំងនោះ បើសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញក៏ដោយក្ដី ក៏មិនប្រាកដថា មនុស្សម្នាក់ៗ នឹងមានការចាយវាយដូចមុនៗនោះឡើយ ដោយការចាយវាយរបស់មនុស្ស នឹងមានការប្រយ័ត្នប្រយែង។

ការលើកឡើង របស់លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «បច្ចុប្បន្នភាព នៃការធ្វើចត្តាឡីស័ក ចំពោះកម្មកររោងចក្រ បន្ទាប់ពីឈប់សម្រាកអំឡុងពេលបុណ្យចូលឆ្នាំ ហើយត្រឡប់ចូលបម្រើការងារវិញ» ដែលរៀបចំដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ។

លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅកម្ពុជាយើងចាត់ទុកជំងឺកូវីដ គឺជាឃាតករ គឺជាភេវរករ ដែលបានមកឆក់យកចំណូល ឆក់យកការងារ របស់បងប្អូន យើងអស់ជាច្រើន ចឹងការឃិបឃិតណាមួយ ជាមួយនិងឃាតករ ជាមួយនិងភេវរករបិទមុខនេះ យើងមិនគួរលើកលែងនោះទេ ហើយការមិនគោរព ទៅលើវិធាន សុខាភិបាលណាមួយ វាមិនមែនជារឿងរបស់បុគ្គលនឹងមួយទេ ប៉ុន្ដែវាខ្លាចទៅជាបន្ទុករបស់អ្នកដទៃផ្សេងទៀត ដែលនៅក្បែរគាត់ ដែលនៅក្នុងផ្ទះគាត់ ដែលនៅក្នុង សហគមន៍របស់គាត់ ដូច្នេះ យើងត្រូវមានវិធានការម៉ឺងម៉ាត់មួយ ចំពោះអ្នកដែលមិនគោរព ទៅតាមវិធានសុខាភិបាល»។

អ្នកនាំពាក្យក្រសួងការងារ ក៏បានឲ្យដឹងផងដែរថា នៅក្នុងច្បាប់ការងារ នៃប្រទេសកម្ពុជា ក៏បានចែងមួយយ៉ាងច្បាស់ដែរថា ជនទាំងឡាយណា ដែលបានល្មើស ទៅវិធានសុវត្ថិភាពសុខភាព អាចចាត់ទុកជាកំហុសធ្ងន់ ដែលអាចនាំឲ្យមានការបឈ្ឈប់ពីការងារ ដោយសារតែសុវត្ថិភាពសុខភាព វាជារឿងសំខាន់ ចឹងបានក្នុងច្បាប់កំណត់ថា ជាកំហុសធ្ងន់។

លោក ហេង សួរ បានលើកឡើងទៀតថា កូវីដ-១៩ គឺជាឃាតករលាក់មុខ ហើយក៏ជាភេវរករដ៏សាហាវ វាអាចសម្លាប់មនុស្សរាប់ម៉ឺននាក់ វាអាចធ្វើឲ្យមនុស្ស រាប់លាននាក់ ធ្លាក់ខ្លួនឈឺ ហើយត្រូវឲ្យរដ្ឋាភិបាល នៃប្រទេសជាច្រើន ត្រូវចំណាយលុយរាប់កោតដុល្លារ ដើម្បីទទួលព្យាបាល អ្នកដែលបានឆ្លងជំងឺកូវីដទាំងអស់នោះ។

លោកថា រដ្ឋាភិបាល នៃប្រទេសទាំងអស់នៅលើពិភពលោក ចាត់ទុកការប្រឆាំងជំងឺកូវីដ គឺជាវិធានការអតិភាពជាបំផុតចំពោះមុខ ហើយប្រទេសជាច្រើន បានដាក់ចេញវិធានការ រហូតទៅដល់ការដាក់ពន្ធនាគារ ព្រមទាំងពិន័យជាសាច់ប្រាក់ បន្ថែមពីលើពន្ធនាគារផងដែរ ចំពោះអ្នកទាំងឡាយណា ដែលមិនអនុវត្ដតាម វិធានសុខាភិបាល ដែលរដ្ឋនៃប្រទេសនីមួយៗ បានកំណត់។

គូសបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ ចំនួន២នាក់ទៀត បានជាសះស្បើយ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយ សរុបកើនដល់១១៩នាក់ ខណៈនៅសល់តែ៣នាក់ទៀតប៉ុណ្ណោះ ហើយមិនមានករណីឆ្លងថ្មីទេ។ ចំណែកអ្នកកំពុងសម្រាកព្យាបាល ទាំង៣នាក់ ក្នុងនោះ មានស្រ្តីម្នាក់ និងបុរស២នាក់ នៅតាមមន្ទីរពេទ្យរដ្ឋថ្នាក់ជាតិ និងថ្នាក់ខេត្ត៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.