លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក វ៉ា គឹមហុង៖ បារាំង មិនខ្វល់រឿងទាមទារទឹកដីខ្មែរក្រោមទេ
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានលើកឡើងថា រឿងទាមទារទឹកដីខ្មែរកម្ពុជាក្រោមកុំរំពឹងបារាំង ឬអង្គការសហប្រជាជាតិឈឺឆ្អាល ឬជួយតាមការពឹងពាក់របស់កម្ពុជា។

ទឹកដីខ្មែរក្រោម បើទោះបីបាត់បង់នៅក្នុងប្រវត្តិសាស្ត្រយូរឆ្នាំមកហើយក្តី នៅតែមានមនុស្សចំនួនអះអាងថា ខ្មែរអាចទាមទារមកវិញបាន ហើយបារាំង អតីតម្ចាស់អាណានិគម ជាប្រទេសដ៏សំខាន់ក្នុងការជួយទាមទារទឹកដីនេះ។

ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីចូលបំភ្លឺការងារកំណត់ព្រំសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ម្សិលមិញនេះ លោកទេសរដ្ឋមន្ត្រី វ៉ា គឹមហុង បានលើកឡើងថា បារាំងមិនមករញ៉េរញ៉ៃក្នុងរឿងរបស់ខ្មែរនោះទេ។

លោក វ៉ា គឹមហុង ក៏បានរំលឹកថា កាលពីទសវត្សរ៍ឆ្នាំ៥០ នៅពេលរដ្ឋាភិបាលវៀតណាមខាងត្បូង របស់ ង៉ោ ឌិនយៀម ទាមទារយកកោះមួយចំនួនរបស់ខ្មែរនៅមុខកែប និងកំពត រាជរដ្ឋាភិបាលបានស្វែងរកបារាំងក្នុងនាមជាម្ចាស់អាណានិគមលើដែនដីនេះ តែបារាំងមិនបានធ្វើដឹងឮនោះឡើយ។

ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន លោកទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង «យើងមិនដឹងរឿងពិត នៃនយោបាយបារាំងទេ ព្រោះគេឲ្យយើងឯករាជ្យរួចរាល់ហើយ តាំងពីឆ្នាំ១៩៥៣ ដូច្នេះគេអត់មករញ៉ែរញ៉ៃ ជាមួយយើងទៀតទេ នេះសូមជម្រាបឲ្យច្បាស់ គេអត់ចង់មករញ៉ែរញ៉ៃយើងទៀតទេ»។

លោក វ៉ា គឹមហុង បានបញ្ជាក់បន្ថែមថា «យើងតវ៉ានៅឆ្នាំ៥០ប្លាយ នៅពេលណុងប្រធានាធិបតី ង៉ោ ឌិនយៀម (ប្រធានាធិបតីវៀតណាមខាងត្បូង) ទាមទារយកកោះយើងច្រើនណាស់នៅមុខកែប មុខកំពត។ យើងធ្វើការតវ៉ាទាំងអស់ ឱ្យបារាំងក្នុងនាមជាអតីតអាណានិគមសូមឱ្យលោកជួយដោះស្រាយ គេអត់មានជួយធ្វើឱ្យយើងទេ។ យើងចោទថា បាត់ដោយសារបារាំងធ្វើអ៊ីចេះធ្វើអ៊ីចុះ គេឆ្លើយមកវិញថា បារាំងមិនបានគិតថា គេបានទទួលិខិតតូបករណ៍ពីរដ្ឋាភិបាលក្នុងការឱ្យដីកូសាំងស៊ីនមកឱ្យបារាំងនោះទេ។ ដីកូសាំងស៊ីន បារាំងមិនមែនបានមកពីស្តេចខ្មែរយើងទេ គឺបានមកពីព្រះចៅអាណាម»។

ពាក់ព័ន្ធការទាមទឹទឹកដីខ្មែរក្រោមក៏មានមតិមួយចំនួនទៀតលើកឡើងថា ហេតុអ្វីក៏ស្វែងរកការជួយអន្តរជាតិពីអង្គការសហប្រជាជាតិ?

ឆ្លើយតបការលើកឡើងនេះ ទេសរដ្ឋមន្ដ្រី វ៉ា គឹមហុង បានបញ្ជាក់ថា រឿងអង្គការសហប្រជាជាតិនេះ កម្ពុជាធ្លាប់មានប្រវត្តិម្ដងរួចមកហើយ កាលមានបញ្ហាជាមួយប្រទេសថៃ ដែលកាលនោះអង្គការសហប្រជាជាតិ មិនអាចជួយអ្វីកម្ពុជាបានឡើយ ដោយគ្រាន់តែឲ្យកម្ពុជា ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នាទីក្រុងឡាអេ ប្រទេសហូឡង់។

លោក វ៉ា គឹមហុង «កុំរំពឹងថាព្រំដែនទាំងមូល កម្ពុជា-វៀតណាម, កម្ពុជា-ឡាវ អីអង្គការសហប្រជាជាតិគេមកដោះស្រាយឱ្យយើង។ ខ្លាំងណាស់គេបញ្ជូនយើងឱ្យទៅអង្គការក្រុងឡាអេឱ្យដោះស្រាយ ព្រោះហ្នឹងជាស្ថាប័នរបស់អង្គការសហប្រជាជាតិ។ កុំចេះតែនិយាយឱ្យធូរមាត់ និយាយឱ្យតែរួចពីមាត់ ដូច្នេះវាមានតែអំណត់ដោះស្រាយទ្វេភាគីជាមួយគ្នាដោយសន្តិភាព ដោយការចរចា ដោយវិធីសាស្ត្រណាដែលយើងអាចសម្រុះសម្រួលគ្នាបាន»៕
#កម្ពុជា
#វៀតណាម
#Cambodia
#Vietnam
#Border
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv