លោក វង្សី វិស្សុត៖ អ្នករកស៊ីកុំព្រួយបារម្ភ រាជរដ្ឋាភិបាលមិនចង់ឃើញអ្នករកស៊ីដួលរលំនោះទេ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក វង្សី វិស្សុត៖ អ្នករកស៊ីកុំព្រួយបារម្ភ រាជរដ្ឋាភិបាលមិនចង់ឃើញអ្នករកស៊ីដួលរលំនោះទេ ព្រោះពិបាកចិញ្ចឹមឡើងវិញណាស់ (Video inside)

(ភ្នំពេញ)៖ លោក វង្សី វិស្សុត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងទៅកាន់អ្នករកស៊ីនៅកម្ពុជា សូមកុំព្រួយបារម្ភ ចំពោះការបង្កើនចំណូលថវិកាជាតិជាង២០ភាគរយ នៅឆ្នាំ២០២០ ថាធ្វើឲ្យប៉ះពាល់ដល់ការរកស៊ីរបស់ខ្លួនឲ្យសោះ។

លោកថា ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមិនបង្កើតពន្ធថ្មី ឬធ្វើអ្វីដែលប៉ះពាល់ការរកស៊ីនៅកម្ពុជានោះទេ ផ្ទុយទៅវិញមានតែជួយថែរក្សា ឲ្យអ្នករកស៊ីកាន់តែដំណើរការ រកស៊ីបានរីកចម្រើនថែមទៀត។

ការថ្លែងបញ្ជាក់យ៉ាងដូច្នេះ របស់លោករដ្ឋលេខាធិការប្រចាំការ ធ្វើឡើងបន្ទាប់ពីលោកយល់ឃើញថា ការបង្កើតចំណូលថវិកាជាតិជាង២០ភាគរយ នៅឆ្នាំ២០២០ អាចធ្វើអ្នករកស៊ី បារម្ភថា រាជរដ្ឋាភិបាលមានការគៀបសង្កត់ផ្នែកពន្ធជាដើម ដើម្បីឲ្យសម្រេចគោលដៅបង្កើនចំណូលជាតិ ប៉ុន្តែលោក វង្សី វិស្សុត អះអាងថា «រាជរដ្ឋាភិបាល មិនចង់ឃើញអ្នករកស៊ី នៅក្នុងប្រទេសកម្ពុជាងាប់នោះទេ ពីព្រោះថាពិបាកចិញ្ចឹមឡើងវិញណាស់ ដូច្នេះគ្មានការបង្កើតពន្ធថ្មីទេ មានតែបន្ធូរបន្ថយផ្នែកពន្ធទៅវិញ»។

ក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកា ឆ្នាំ២០២០ នៅក្រសួងសេដ្ឋកិច្ច កាលពីពេលថ្មីៗនេះ លោក វង្សី វិស្សុត បានថ្លែងយ៉ាងដូច្នេះ៖ «ឆ្នាំ២០២០នេះ អត់មានយកពន្ធអីថ្មីនោះទេ កុំភ័យពេក ផ្ទុយទៅវិញមានតែគិតគូរ ឲ្យរួចពន្ធអ្នកក្រ អ្នកពិបាក អ្នករកស៊ីតូចតាចគឺរួច ជំហានទី១ យើងគិតគូរច្រើនពីការចាយលុយ៣ភាគរយ [កញ្ចប់ថវិកា៣ភាគរយនៃ GDP ប្រហែល៧០០លានដុល្លារ] ទៅលើការរុញកំណើនសេដ្ឋកិច្ច ប៉ុន្ដែជំហានទី២ គិតទៅលើអនុគ្រោះពន្ធ បើវិបត្ដិមកខ្លាំងហើយ យើងត្រូវតែហ៊ានលេង អ្នករកស៊ីធំក៏បានចំណេញដែរពេលហ្នឹង ដើម្បីគាត់រក្សាការងារ គាត់រក្សាការរកស៊ី»។

មន្ដ្រីជាន់ខ្ពស់ក្រសួងសេដកិច្ច រូបនេះ បានបន្ថែមទៀតថា «យើងមិនចង់ឲ្យអ្នករកស៊ីងាប់នោះទេ ពិបាកចិញ្ចឹមឡើងវិញណាស់ ត្រូវបន្ធូរគាត់ឲ្យគាត់រស់ កាលណាគាត់រស់ គាត់រក្សាការងារ ដែលមានស្រាប់ គាត់រក្សាមូលដ្ឋានពន្ធ ដែលយើងមានស្រាប់ ហើយគាត់ងាយរីកទៅវិញ ទៅពេលវាទៅបាត់ អាហ្នឹងយើងច្បាស់ណាស់ ជាទស្សនវិទ្យា នៃការគ្រប់គ្រងសេដ្ឋកិច្ច និងការគ្រប់គ្រងថវិកា»។

លោក វង្សី វិស្សុត នៅក្នុងឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកា សម្រាប់ជំរុញកំណើន (Stimulus) ប្រមាណ ៣% នៃផសស ដែលកញ្ចប់ថវិកានេះ ត្រូវបានរៀបចំឡើងដើម្បី៖

* ទី១ ៖ ទប់ទល់នឹងភាពមិនច្បាស់លាស់ និងហានិភ័យទាំងឡាយទាំងខាងក្នុង និងទាំងខាងក្រៅប្រទេសដូចជា ការថមថយកំណើន សេដ្ឋកិច្ចពិភពលោកនិងតំបន់, បញ្ហាសង្រ្គាមពាណិជ្ជកម្ម, បញ្ហាភូមិសាស្រ្តនយោបាយ ដែលកាន់តែតឹងតែង, ការប្រែប្រួល អាកាសធាតុ និងលទ្ធភាព នៃការដកប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម (EBA) ពីសហភាពអ៊ឺរ៉ុប ព្រមទាំងករណីការរាលដាល នៃវីរ៉ុសកូរ៉ូណានៅប្រទេសចិន ដែលជាដៃគូសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជា។

* ទី២ ៖ បន្តអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដូចមានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ក៏ដូចជាអាទិភាពគោលនយោបាយ ផ្សេងៗទៀត របស់រាជរដ្ឋាភិបាល ដើម្បីបន្តចាក់គ្រឹះ និងអាចឈរជើងងើបឡើង ពីការគាប់សង្កត់, ពីភាពថមថយ ឬពីវិបត្តិណាមួយ ហើយប្រែក្លាយការគម្រាមកំហែង, វិបត្តិ និងហានិភ័យទាំងនេះ ឱ្យក្លាយទៅជាឱកាសនៃការកែទម្រង់សម្រាប់ការឈានឡើងរបស់កម្ពុជា ក្នុងរយៈពេលវែង ក្នុងដំណើរឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០ ប្រកបដោយភាពជោគជ័យ តាមការរំពឹងទុក៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv