លោក ជិន ម៉ាលីន៖ ច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មិនមែនបំបិទសិទ្ធិសេរីភាព...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន៖ ច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» មិនមែនបំបិទសិទ្ធិសេរីភាពពលរដ្ឋទេ តែដើម្បីប្រយោជន៍រួម និងពង្រឹងនីតិរដ្ឋ (Video inside)

(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានលើកឡើងថា ច្បាប់ស្ដីពី «ការគ្រប់គ្រងប្រទេសជាតិ ស្ថិតក្នុងភាពអាសន្ន» មិនមែនជាការបំបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ ពោលគឺដើម្បីតែផលប្រយោជន៍ប្រជាពលរដ្ឋ និងពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សតែប៉ុណ្ណោះ។

ក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន បានអះអាងថា ការបង្កើតច្បាប់នេះ ធ្វើឡើងស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់ ក្នុងមាត្រា២២ថ្មី។ លោកថា ប្រសិនបើមិនបង្កើតច្បាប់នេះ នៅពេលប្រទេសជាតិមានភាពអាសន្ន ម្ល៉េះរាជរដ្ឋាភិបាលច្បាស់ជាពិបាកក្នុងគ្រប់គ្រង និងកំណត់សិទ្ធិរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាថា ច្បាប់នេះមានភាពចាំបាច់ដើម្បីការពារនូវ ប្រយោជន៍សាធារណៈ ការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ការការពារសន្ដិសុខជាតិ ស្ថិរភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមទាំងការការពារនូវបរិស្ថានរបស់ជាតិ។ ទោះបីជាមានការកំហិតនូវសិទ្ធិសេរីភាពមែន ប៉ុន្ដែវិធានការនេះមានភាពចាំបាច់មិនអាចខ្វះបានដើម្បីការពារប្រយោជន៍សាធារណៈ។

លោក ជិន ម៉ាលីន បានថ្លែងយ៉ាងដូច្នេះថា «បើមើលទៅលើគោលការណ៍ ជាការអនុវត្តជាអន្ដរជាតិ និងបញ្ញត្តិច្បាប់សិទ្ធិមនុស្សជាតិ អន្ដរជាតិ ការរឹតត្បិតនេះមិនមែនជាការរំលោភបំពានសិទ្ធិមនុស្សនោះទេ។ កន្លងមកមានការចោទប្រកាន់ថា ការរឹតត្បិតនេះជាការរំលោភបំពានសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ»។

បើតាមលោក ជិន ម៉ាលីន ដែលបានគូសបញ្ជាក់នោះ ការអនុវត្តរបស់ប្រទេសកម្ពុជា ក៏មិនខុសពីការអនុវត្តរបស់ប្រទេសផ្សេងៗនៅលើពិភពលោកដែរ ពោលក្នុងកាលៈទេសៈបែបនេះ គឺតម្រូវឲ្យមានការដាក់ចេញនូវវិធានការមួយចំនួនដែលជាការរឹតត្បិតសិទ្ធិសេរីភាព ដើម្បីប្រយោជន៍សាធារណៈ ដើម្បីសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ រូបនេះបានចាត់ទុកថា ការព្រួយបារម្ភរបស់បុគ្គលមួយចំនួនជុំវិញការបង្កើតច្បាប់នេះ គឺជាការយល់ខុស និងមិនបានសិក្សាច្បាស់អំពីច្បាប់នេះ ហើយមួយទៀតអាចជាផលប្រយោជន៍នយោបាយតែប៉ុណ្ណោះ។ លោកបន្ថែមថា ការចោទប្រកាន់នេះក៏មានលក្ខណលម្អៀង និងអយុត្តិធម៌សម្រាប់កម្ពុជាផងដែរ។

លោកបន្ថែមថា បើទោះបីច្បាប់នេះចូលជាធរមានក៏ដោយ ប៉ុន្ដែមិនមែនមានន័យថា រាជរដ្ឋាភិបាលយកច្បាប់នេះមកប្រើនោះទេ ពោលប្រសិនបើស្ថានភាព ដូចពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលគ្មានការចាំបាច់ណាដើម្បីយកច្បាប់នេះមកប្រើប្រាស់នោះទេ។ ហើយច្បាប់នេះទៀតសោទ ក៏បានកំណត់ថា ការដាក់ប្រទេសក្នុងគ្រាអាសន្ន គឺធ្វើឡើងម្ដងរយៈពេល៣ខែ ប៉ុន្ដែប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា អាចបញ្ចប់នៅពេលណាមួយ ប្រសិនបើយល់ឃើញថា ប្រទេសអាចគ្រប់គ្រងបានហើយនោះ។

គួរជម្រាបថា សេចក្តីព្រាងច្បាប់ «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នេះមាន៥ជំពូក និង១២មាត្រា ដែលរៀបចំដោយរាជរដ្ឋាភិបាល ដើម្បីដឹកនាំប្រទេសជាតិពេលដាក់ឲ្យស្ថិតនៅក្នុងភាពអាសន្ន បានទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ដើម្បីឲ្យស្ថាប័ននេះពិនិត្យមើលធម្មនុញ្ញភាព ហើយក្រុមប្រឹក្សាធម្មនុញ្ញនឹងមានកិច្ចប្រជុំមួយ ក្នុងពេលឆាប់ៗនេះ។

សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» បានឆ្លងផុតព្រឹទ្ធសភា ក្រោមការអនុម័តគាំទ្រ ដោយសំឡេង៥៤ លើ៥៤ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០កន្លងទៅ ដើម្បីបើកផ្លូវឲ្យសេចក្តីព្រាងច្បាប់នេះ ឈានទៅដល់ការប្រកាសឲ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខ។

«សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន» នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព របស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។

សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិ ក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិ ប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.