លោក គុណ ញឹម៖ ចំណូលគយធ្លាក់ចុះបន្ដិចបន្ដួច នៅខែកុម្ភៈ ដោយសារកូវីដ១៩

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

លោក គុណ ញឹម៖ ចំណូលគយធ្លាក់ចុះបន្ដិចបន្ដួច នៅខែកុម្ភៈ ដោយសារកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ការប្រមូលចំណូលរបស់អគ្គនាយកដ្ឋានគយ មានការធ្លាក់ចុះបន្ដិចបន្ដួច នៅខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ ដោយសារតែកូវីដ១៩។

ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ លោក គុណ ញឹម ក៏បានអះអាងដែរថា ការប៉ះពាល់ដល់ចំណូលគយ សម្រាប់ខែកុម្ភៈកន្លងទៅ ក៏បណ្ដាលមកពីកត្ដា៣ផ្សេងទៀតផងដែរ។

តាមតួលេខដែលបង្ហាញដោយ លោក គុណ ញឹម ចំណូលគយនៅខែមករា ប្រមូលបានជាង២៥០លានដុល្លារ លើសអ្វីដែលជាការគ្រោងទុក ប៉ុន្ដែសម្រាប់ខែកុម្ភៈ ប្រមូលបានត្រឹម២៣៥លានដុល្លារ ចំនួននេះទាបជាងអ្វីដែលបានគ្រោង។

លោក គុណ ញឹម បានថ្លែងយ៉ាងដូច្នេះថា «ចង់ជម្រាបជាតួលេខតែម្ដង ការប្រមូលចំណូលគយខែមករាគឺល្អ ប៉ុន្ដែខែកុម្ភៈនេះដោយសារប៉ះពាល់ខ្លាំង ពីការធ្លាក់ទេសចរណ៍ផង កូវីដ១៩ផង ខែកុម្ភៈនេះ គឺចំណូលរបស់យើងទាបជាងផែនការបន្ដិច។ ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាផែនការដែលកំណត់ដោយច្បាប់ហរិញ្ញវត្ថុ គឺត្រូវប្រមូលឲ្យបានជាង២,៩០០លានដុល្លារ គិតជាមធ្យមប្រចាំខែយើងត្រូវប្រមូលឲ្យបានជិត២៥០លានដុល្លារ សម្រាប់ខែមួយ គឺប្រមូលបាន២៥៥លានដុល្លារ លើសផែនការបន្ដិច ហើយសម្រាប់ខែពីរនេះ យើងប្រមូលបានតែ២៣៥លានដុល្លារទេ ដូច្នេះខ្វះបន្ដិច»។

គួរជម្រាបថា ចំណូលគយ ដែលប្រមូលបានសម្រាប់ថវិកាជាតិ ឆ្នាំ២០១៩ មានរហូតដល់៣,២១៥លានដុល្លារអាមេរិក ដែលចំនួននេះលើសផែនការ ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ រហូតដល់ជិត១ពាន់លានដុល្លារ។

នៅឆ្នាំ២០១៩ ប្រភេទពន្ធសំខាន់ៗ ដែលជំរុញកំណើនចំណូលគយរួមមាន៖ ពន្ធនាំចូល ឬពន្ធគយមាន៥៩៣លានដុល្លារកើនឡើង៣០.៧ភាគរយបើធៀបនឹង ឆ្នាំ២០១៨, អាករពិសេសមានប្រមាណ១,៣២០លានដុល្លារ កើនឡើង៣៣ភាគរយ, អាករលើតម្លៃបន្ថែមប្រមូលបាន ១,១៥៣លានដុល្លារសហរដ្ឋអាមេរិក កើតឡើងជិត២៩ភាគរយ។

មុខទំនិញដែលជាប្រភពចំណូលសំខាន់ជាងគេ នៅឆ្នាំ២០១៩ រួមមាន យានយន្ដ និងគ្រឿងចក្រ ប្រមូលចំណូលបាន ១,៦៩៣,៧លានដុល្លារ មានកំណើនជិត៥០ភាគរយ, ប្រេងឥន្ធនៈ និងថាមពល ជាប្រភេទទំនិញខ្លាំងទី២ ប្រមូលចំណូលពន្ធបាន៥៣៧លានដុល្លារ មានកំណើនជិត១៤ភាគរយ និងទំនិញចម្រុះរួមទាំងគ្រឿងសំណង់ ប្រមូលបាន៩៨៤លានដុល្លារ មានកំណើនប្រមាណ១៤ភាគរយ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv