រដ្ឋមន្ត្រីធនធានទឹក សំណូមពរឱ្យផ្សាយការពិតពីបញ្ហាទឹក...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋមន្ត្រីធនធានទឹក សំណូមពរឱ្យផ្សាយការពិតពីបញ្ហាទឹក ព្រោះអ្នកខ្លះយករូបចាស់ផ្សាយបំភ្លៃ ធ្វើជារឿងនយោបាយ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះបានសំណូមពរឱ្យប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ធ្វើការផ្សព្វផ្សាយនូវអ្វី ដែលជាបច្ចុប្បន្នភាពគឺជាព្រឹត្តិការណ៍ពិតទាក់ទងនឹងបញ្ហាធនធានទឹក។

ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទព័ត៌មានស្តីពី «បច្ចុប្បន្នភាពគ្រោះទឹកជំនន់» និង «ការកាត់បន្ថយថ្ងៃឈប់សម្រាកការងារ» លោករដ្ឋមន្ត្រី បានឱ្យដឹងថា មូលហេតុដែលលោកសំណូមពរបែបនេះ ដោយសារតែមានបណ្តាញសារព័ត៌មានខ្លះ បានយករូបចាស់ទៅផ្សព្វផ្សាយ និងអត្ថាធិប្បាយបំភ្លៃ ដើម្បីធ្វើជារឿងនយោបាយ។

លោក លឹម គានហោ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្វីជាការសំណូមពររបស់ខ្ញុំ គឺផ្សព្វផ្សាយអ្វីដែលជាបច្ចុប្បន្នភាព ព្រោះជាក់ស្តែងមានរួចមកហើយ អ្នកខ្លះទៅយករូបចាស់ពីណាមកយកមកផ្សាយ ឧទាហរណ៍ថា តំបន់រាំងស្ងួត ទៅថតស្រូវតាំងពីអង្កាល់ណាមកនោះ យកមកផ្សាយ។ តែជាក់ស្តែងវាអត់មាន ខ្ញុំតាមដានណាស់»។

លោកបន្តថា «អញ្ចឹងសំណូមពរពេលនេះ គឺទី១៖ សុំឲ្យធ្វើជាបច្ចុប្បន្នភាពតែម្តង ជាក់ស្តែងតែម្តង យើងខ្ញុំនឹងសប្បាយរីករាយ សហការទទួលយក ដើម្បីមានវិធានការដោះស្រាយ។ ទី២៖ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយនេះផងដែរ ឬការធ្វើអត្ថាធិប្បាយ ខ្ញុំសំណូមពរកុំយកបញ្ហា បច្ចេកទេសនេះ ទៅបំភ្លៃ ឬទៅវាយប្រហារ ឬទៅធ្វើអាជីវកម្ម ទៅជារឿងនយោបាយទៅវិញ ដូចជាមិនមានលក្ខណៈល្អប្រសើរទេ សុំនិយាយរឿងឲ្យចំៗតែម្តង ហើយរឿងជំនាញគឺជំនាញ មិនពាក់ព័ន្ធនឹងរឿងនយោបាយទេ»។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទថា ទោះបីជាខេត្តខ្លះរងគ្រោះ ដោយសារជំនន់ទឹកភ្លៀង ប៉ុន្តែក៏មានខេត្តខ្លះរងគ្រោះ ដោយសារខ្វះទឹកភ្លៀង ធ្វើឲ្យខូចខាតដំណាំស្រូវផងដែរ។ ខេត្តដែលខ្វះខាតទឹកភ្លៀង មានដូចជា បាត់ដំបង បន្ទាយមានជ័យ និងសៀមរាប។

លោកបញ្ជាក់ថា «ខេត្តបាត់ដំបង ខូចខាតជាង១ម៉ឺនហិកតា ខេត្តបន្ទាយមានជ័យ ប៉ះពាល់ក្បែរ៣ម៉ឺនហិកតា តែមិនទាន់គិតពីការខូចខាតបាន។ ដោយឡែក នៅខេត្តសៀមរាប ស្រូវដែលខូចខាតមានជាង ១ម៉ឺន ៨ពាន់ហិកតាហើយ»។

សូមបញ្ជាក់ដែរថា មានខេត្តចំនួន៨ បានរងគ្រោះដោយទឹកជំនន់ ក្នុងនោះក៏បានធ្វើឱ្យប៉ះពាល់ ដល់ប្រជាពលរដ្ឋរហូតដល់ជិត ៨ពាន់គ្រួសារផងដែរ ដែលក្នុងនោះបានបណ្តាលឱ្យមនុស្ស ៤នាក់បាត់បង់ជីវិត។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩នេះ។

ខេត្តដែលបានរងផលប៉ះពាល់ដោយសារទឹកជំនន់រួមមាន៖ ខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តបាត់ដំបង និងខេត្តកំពង់ធំជាដើម ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជន ៩៥២០នាក់។ បើតាមរបាយការណ៍នេះ គឺជំនន់ទឹកភ្លៀង នៅខេត្តទាំង៨ បានធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងចំនួន ៦៩០០កន្លែង ប៉ះពាល់ដល់សត្វពាហនៈ ៥៤៤៧ក្បាល ប៉ះពាល់សន្ទូង ៥២០៨ហិកតា ខូចខាតសន្ទូង ៣០០ហិកតា និងប៉ះពាល់ដំណាំ ២២៧៥ហិកតា ខូចខាតដំណាំ ៩៤០ហិកតា៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv