រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចែកក្រុមការងារ ៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូង...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចែកក្រុមការងារ ៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី-ខេត្ត (Video inside)

(ភ្នំពេញ)៖ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ក្រសួងបានបែងចែកក្រុមការងារជា ៤តំបន់ ដើម្បីដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ហើយលោកបានអះអាងថា នឹងទទួលបានជោគជ័យលើកកិច្ចការនេះ។

ការបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន ប្រកាសបើកយុទ្ធនាការ ដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត នៅទីស្តីការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ។

លោក កើត រិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដើម្បីធានាដល់ការអនុវត្តយុទ្ធនាការ ជាពិសេសជួយតម្រង់ទិស ក៏ដូចជាដោះស្រាយបញ្ហាប្រឈម នូវនឹងកន្លងតាមសាលាដំបូងនីមួយៗ ក្រសួងយុត្តិធម៌ បានសម្រេចបង្កើត ឱ្យមានយន្តការ១ គឺគណៈកម្មការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ហើយនៅទីនេះ យើងបង្កើតក្រុមការងារ ៤ ហើយកំណត់តំបន់ទទួលខុសត្រូវ នៅតាមសាលាដំបូងរាជធានី-ខេត្ត ដើម្បីអាចឱ្យក្រុមការងារនីមួយៗ ដែលដឹកនាំដោយរដ្ឋលេខាធិការម្នាក់ និងមានថ្នាក់ដឹកនាំក្រសួងចូលរួម អាចចុះទៅធ្វើសកម្មភាព ក្នុងការដឹកនាំអនុវត្តយុទ្ធនាការ ជាពិសេសដោះស្រាយបញ្ហាប្រឈម និងគាំទ្របច្ចេកទេសដល់តុលាការ [...] សូមបញ្ជាក់ថា ចំណុចនេះ ក្រុមការងារទាំង ៤នេះ មិនមែនជាក្រុមការងារអនុវត្តយុទ្ធនាការដោយផ្ទាល់ទេ តួអង្គប្រតិបត្តិពិតប្រាកដ សម្រាប់ការដោះស្រាយការកកស្ទះសំណុំរឿង គឺចៅក្រម និងព្រះរាជអាជ្ញា»។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្រុមការងារទាំង៤ ដែលបានបង្កើតឡើង គឺដើម្បីជួយក្នុងការជំរុញការអនុវត្តយុទ្ធនាការ ដោយឡែកការដោះស្រាយការកកស្ទះសំណុំរឿង ជាការងាររបស់ចៅក្រម និងព្រះរាជអាជ្ញា នៅតាមសាលាដំបូងរាជធានី-ខេត្ត។ ក៏ប៉ុន្តែ ក្រុមការងារទាំង៤នេះ ក៏ដើរតួនាទីជាយន្តការត្រួតពិនិត្យផងដែរ។

លោក កើត រិទ្ធ បានបន្ថែមទៀតថា ក្រុមការងារសម្រាប់ដោះស្រាយការកកស្ទះសំណុំរឿងនេះ រួមមាន៖ លោក កឹម សន្តិភាព ទទួលខុសត្រូវរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តព្រៃវែង និងខេត្តស្វាយរៀង ដែលក្រុមការងារទី១នេះ គឺមានសំណុំរឿងច្រើនជាងគេ, ទី២៖ លោក ឡុង ណារិន្ទ ដែលទទួលបន្ទុកតំបន់សាលាឧទ្ធរណ៍ ខេត្តត្បូងឃ្មុំ, ទី៣៖ លោក ជា សុងហាក់ ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តបាត់ដំបង បូករួមខេត្តកំពង់ឆ្នាំង និងទី៤៖ លោក ជិន ម៉ាលីន ទទួលខុសត្រូវតំបន់សាលាឧទ្ធរណ៍ ខេត្តព្រះសីហនុ រួមទាំងខេត្តតាកែវ និងខេត្តកំពង់ស្ពឺ។ បន្ថែមពីនេះ ក្រុមការងារទាំង ៤នេះ មានលេខាធិការដ្ឋាន មួយសម្រាប់ជួយដល់ផ្នែករដ្ឋបាល បច្ចេកទេស និងហិរញ្ញវត្ថុ។

លោក កើត រិទ្ធ បានបញ្ជាក់ថា ដើម្បីអនុវត្តយុទ្ធនាការនេះ ឱ្យមានភាពម៉ឹងម៉ាត់ ក្រសួងយុត្តិធម៌ បានដាក់ចេញនូវអភិក្រមចំនួន២ គឺអភិក្រមទី១៖ ការដោះស្រាយរឿងក្តីទាំងអស់ នៅក្នុងការកកស្ទះសំណុំរឿង គឺត្រូវធ្វើឡើងដោយផ្អែកតាមច្បាប់ ត្រូវធ្វើឱ្យបានត្រឹមត្រូវ និងម៉ឹងម៉ាត់ តាមផ្លូវច្បាប់ទាំងអស់ និងទី២៖ គឺយុទ្ធនាការនេះដាក់ចេញក្រុមការងារទាំង៤ ជាមួយសាលាដំបូងរាជធានី-ខេត្ត ត្រូវប្រកាន់ខ្ជាប់ជាមួយនឹងគោលការណ៍ដ៏ធំមួយ ដើម្បីជៀសវាងឱ្យបាននូវសកម្មភាព «ត្រីងៀតឆ្លៀតពង» ដូច្នេះត្រូវប្រកាន់នូវគោលការណ៍សុច្ចរិត ស្មោះត្រង់ និងមិនពុករលួយ។

លោករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការដាក់ចេញជាយុទ្ធនាការមួយបានក្លាយទៅជារឿងមួយដ៏ចាំបាច់បំផុត ដើម្បីបម្រើឱ្យគោលបំណងចំនួន ៣យ៉ាង រួមមាន៖ ការកាត់បន្ថយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ក្នុងគោលដៅដើម្បីពន្លឿនការរកយុត្តិធម៌ ជូនដល់ប្រជាពលរដ្ឋ ឱ្យបានឆាប់រហ័ស, ទី២៖ កាត់បន្ថយបានការកកស្ទះសំណុំរឿង មានន័យស្មើរនឹងការលើកកម្ពស់សមត្ថភាពស្ថាប័នមួយនេះ ដើម្បីអាចឆ្លើយតបទៅនឹងសំណុំរឿង ដែលនឹងចូលមកថ្មីបន្តទៀត ជាពិសេសគឺការផ្តល់សេវាយុត្តិធម៌ កាន់តែប្រសើរជាងមុន និងមានភាពឆាប់រហ័សជាងមុន និងគោលបំណងទី៣៖ ការកាត់បន្ថយការកកស្ទះនេះ នឹងមានបច្ច័យមួយរួមចំណែក ដល់ការកាត់បន្ថយភាពចង្អៀតណែន នៅតាមពន្ធនាគារផងដែរ។

ដើម្បីអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត ជាពិសេសការកាត់បន្ថយការកកស្ទះសំណុំរឿង នៅក្នុងដំណាក់កាលស៊ើបសួរ លោករដ្ឋមន្ដ្រី កើត រិទ្ធ បានណែនាំ និងលើកទឹកចិត្តឱ្យអយ្យការអមសាលាដំបូងរាជធានី-ខេត្តទាំងអស់ យកចិត្តទុកដាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការផ្ដល់អាទិភាពប្រើវិធីចោទប្រកាន់ចំពោះបទមជ្ឈឹម តាមរយៈបញ្ជូនទៅជំនុំជម្រះផ្ទាល់ ឬការបង្ហាញខ្លួនភ្លាម ដោយផ្អែកតាមអង្គហេតុ នៅក្នុងសំណុំរឿងនីមួយៗ និងផ្អែកតាមលក្ខខណ្ឌ និងនីតិវិធីដែលមានចែង នៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។

គួរជម្រាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការនៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩,១៥២ សំណុំរឿង (គ្រឿងញៀនមានចំនួន ៦,២៦០សំណុំរឿង) និងមានអ្នកជាប់ឃុំសរុបមានចំនួន ១២,៦៥១នាក់ (អ្នកជាប់ឃុំនៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦,៩០០នាក់)។

ផ្អែកតាមទិន្នន័យដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែលនៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២,០០០សំណុំរឿង ហើយសំណុំរឿងដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿង ក្នុងមួយខែដែលបានធ្វើឲ្យ សាលាដំបូងរាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្នមិនអាចឆ្លើយតបដោះស្រាយបញ្ហាប្រឈមនេះបានដោយខ្លួនឯងនោះទេ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 47, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.