រដ្ឋមន្ដ្រីក្រសួងអប់រំ ប្រាប់យុវជនបង្កើនស្វ័យសិក្សា ក្នុងយុគ្គសម័យឌីជីថល ដើម្បីឱកាសការងារ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋមន្ដ្រីក្រសួងអប់រំ ប្រាប់យុវជនបង្កើនស្វ័យសិក្សា ក្នុងយុគ្គសម័យឌីជីថល ដើម្បីឱកាសការងារ

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានក្រើនរំលឹកដល់យុវជន យុវតីជាសិស្សានុសិស្សឱ្យបង្កើនស្វ័យសិក្សាក្នុងយុគ្គសម័យឌីជីថល ដើម្បីបង្កើនឱកាសការងារ ដែលពោរពេញដោយភាពប្រកួតប្រជែង។

ក្នុងបទសម្ភាសន៍ស្តីពី «ការអប់រំតាមបែបឌីជីថល» តាមរយៈទំព័រ Facebook របស់ក្រសួងអប់រំនៅថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០នេះ លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានលើកឡើងថា យុវជន យុវតី ត្រូវតែត្រៀមលក្ខណៈសម្បត្ដិឱ្យបានគ្រប់គ្រាន់ ចំពោះទីផ្សារពលកម្មនៅក្នុងយុគ្គសម័យឌីជីថលនេះ ព្រោះថាវាប្រែប្រួលឥតឈប់ឈរ ហើយត្រូវការជំនាញថ្មីៗជាប់ជានិច្ច។

លោករដ្ឋមន្ត្រី បានថ្លែងគូសបញ្ជាក់បែបនេះ «យុវជន ត្រូវតែពង្រឹងសកម្មភាពខ្លួនឯង ទាំងសមត្ថភាពស្វ័យសិក្សា សមត្ថភាពក្នុងការស្រាវជ្រាវ សមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ចេះប្រើប្រាស់ឧបករណ៍ឌីជីថល និងជំនាញផ្សេងៗ»។

លោកបណ្ឌិត បានបន្ថែមថា «យុវជន ត្រូវត្រៀមលក្ខណ ចំពោះទីផ្សារពលកម្ម ដែលជានិច្ចកាល នឹងប្រែប្រួលឥតឈប់ឈរ។ ទីផ្សារការងារនេះ គឺយើងឃើញថា គេនឹងត្រូវការជំនាញថ្មីៗ»។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា គេមិនដឹងថា ២០-៣០ឆ្នាំទៅមុខទៀត ទីផ្សារការងារនឹងប្រែប្រួលទៅជាយ៉ាងណានោះទេ? ដោយសារតែបច្ចេកវិទ្យាវិវឌ្ឍន៍លឿន។ ដូច្នេះយុវជនត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ ត្រូវមានគុណសម្បត្ដិ មានឥរិយាបទវិជ្ជមាន ហើយសំខាន់បំផុតការសិក្សាពេញមួយជីវិត។

លោករដ្ឋមន្ត្រី បានមើលឃើញដែរថា ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងរបស់យុវជន យុវតីក្នុងយុគ្គសម័យឌីជីថលនេះ ទាមទារឱ្យមានការពង្រឹង និងការគ្រប់គ្រងនៅតាមសាលារៀនផងដែរ។ ពោលគ្រប់សាលាត្រូវកែលម្អវប្បធម៌សាលារៀន ហើយបង្កើនបរិយាកាស «រៀន និងបង្រៀន» ឱ្យបានល្អប្រសើរ។

ក្នុងបទសម្ភាសន៍លោក ហង់ជួន ណារ៉ុន ក៏បានស្នើដល់គ្រូ និងនាយកសាលា ត្រៀមលក្ខណៈ ដើម្បីផ្ដល់ការអប់រំមួយដល់យុវជន ដើម្បីឱ្យក្លាយជាពលរដ្ឋល្អ ហើយសកម្មដោយមានទាំងវិជ្ជាសម្បទា បំនិនសម្បាទា ចរិយាសម្បាទា កាយសម្បទានរឹងមាំ សុខភាពល្អ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្នុងយុគ្គសម័យឌីជីថលនេះ។

បើតាមលោករដ្ឋមន្ត្រីក្នុងយុគ្គសម័យឌីជីថលនេះ ក្រសួងអប់រំ បានដាក់ចេញកម្មវិធីអប់រំជាច្រើន។ ជាក់ស្ដែងក្រសួងដាក់ចេញនូវកម្មវិធីសិក្សាថ្មីមួយ គឺសាលារៀនជំនាន់ថ្មី ក្នុងបំណងធ្វើឱ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួន ក្នុងតំបន់ និងលើពិភពលោក។

បច្ចុប្បន្នមានសាលាចំនួន១០ហើយ កំពុងដាក់ឱ្យអនុវត្តកម្មវិធីសិក្សាសាលារៀនជំនាន់ថ្មីនេះ។ ក្នុងនោះសាលាបឋមសិក្សាមានចំនួន៤ និងសាលាមធ្យមសិក្សាមានចំនួន៦។ កម្មវិធីសិក្សានេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ លើការបញ្ចូលប្រព័ន្ធបច្ចេកវិទ្យាទៅក្នុងការអប់រំទាំងអ្នករៀន និងអ្នកបង្រៀន ព្រមទាំងបំពាក់ឧបករណ៍សិក្សាសម្បូរបែប៕