រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ចេញវីដេអូដែលបុគ្គល ព្រំ បូរ ធ្វើពុតជាឈឺធ្ងន់ និងចោទថាអាជ្ញាធរប្រើហិង្សា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ចេញវីដេអូដែលបុគ្គល ព្រំ បូរ ធ្វើពុតជាឈឺធ្ងន់ និងចោទថាអាជ្ញាធរប្រើហិង្សា ហើយត្រូវបានប្រធានគណបក្សខ្មែរក្រោក យកទៅផ្សាយផ្ទុយពីការពិត

(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោយពីបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ ដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយខុសពីការពិត ពីសំណាក់ប្រធាន គណបក្សខ្មែរក្រោក ដែលចោទថា បុគ្គលម្នាក់ឈ្មោះ ព្រំ បូរ ត្រូវបានអាជ្ញាធរប្រើហិង្សារហូតសន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌ បានបញ្ចេញវីដេអូជាក់ស្ដែង ដោយបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល ព្រំ បូរ បានសម្ដែងធ្វើជាឈឺធ្ងន់ធ្ងរ និងដេកសន្លប់ស្ដូកស្ដឹងក្នុងបន្ទប់ប្រជុំ។

យោងតាមវីដេអូកាមេរ៉ាដែលបំពាក់នៅក្នុងបន្ទប់ប្រជុំ របស់សាលាខណ្ឌឫស្សីកែវ បានបង្ហាញថា បុគ្គល ព្រំ បូរ មុនដំបូងបានឈរផ្អែកនឹងជញ្ជាំង បន្ទាប់មកបានអង្គុយ រួចដេកផ្កាប់មុខ រហូតធ្វើឲ្យសាច់ញាតិរបស់ខ្លួនដែលនៅក្រៅបន្ទប់ប្រជុំ ចូលមកថត និងទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ ដោយអះអាងថា ឈឺធ្ងន់ធ្ងរ និងសន្លប់ស្ដូកស្ដឹង។

ការបញ្ចេញភស្ដុតាងបន្ថែម របស់រដ្ឋបាលខណ្ឌឫស្សីកែវ នៅពេលនេះដើម្បីឲ្យសាធារណជនទាំងអស់ កុំមានការភ័ន្ដច្រឡំតទៅទៀត និងការផ្សាយព័ត៌មានខុសពីការពិត របស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាបុង ដោយធ្វើការចោទប្រកាន់ មកលើអាជ្ញាធរមានសមត្ថកិច្ច។

សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌឫស្សីកែវ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកដែលបានបន្ត ផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈគេហទំព័រ Facebook William Guang ដោយមិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានក្លែងក្លាយ មិនមានការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យមួលបង្កាច់ ធ្វើឱ្យសាធារណមតិមានការភ័ន្តក្រឡំ។

បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ ឈ្មោះ ព្រំ បូរ បានធ្វើការរារាំងការ អនុវត្តវិធានការរដ្ឋបាលរបស់សាលាខណ្ឌឫស្សីកែវ ហើយក្រុមការងារ បានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំអំពីផ្លូវច្បាប់ ប៉ុន្តែឈ្មោះ ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និងដេកសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ប្រជុំ ដោយមានរថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ហើយក្រុមការងារក៏បានប្រគល់ឈ្មោះ ព្រំ បូរ ជូនក្រុមគ្រួសារដោយមានការធានា និងការទទួលខុសត្រូវយ៉ាងត្រឹមត្រូវ មិនមានការប្រើអំពើហិង្សាដូចការផ្សព្វផ្សាយដោយប្រកាន់ឡើយ។

ដើម្បីជាព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ រដ្ឋបាលសាលាខណ្ឌឫស្សីកែវ ស្នើឱ្យប្រធានគណបក្សខ្មែរក្រោក ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ។ ក្នុងករណីចាំបាច់ សូមប្រធានគណបក្សខ្មែរក្រោករូបនេះ មកសាលាខណ្ឌដោយផ្ទាល់ ដើម្បីបំភ្លឺ និងផ្ទៀងផ្ទាត់បញ្ជាក់ការពិតជាមួយរូបភាព វីដេអូដែលថតដោយកាមេរ៉ា វីដេអូសុវត្ថិភាព ដែលមានបំពាក់នៅក្នុងបន្ទប់ប្រជុំ៕