មេពន្ធដារពន្យល់ពីមូលហេតុការប្រមូលពន្ធឆមាសទី១ ឆ្នាំ២០២០ កើនឡើង១២% ទោះបីសេដ្ឋកិច្ចកម្ពុជា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

មេពន្ធដារពន្យល់ពីមូលហេតុការប្រមូលពន្ធឆមាសទី១ ឆ្នាំ២០២០ កើនឡើង១២% ទោះបីសេដ្ឋកិច្ចកម្ពុជា រងការយាយីដោយកូវីដ១៩ (Video inside)

(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកដ្ឋាន នៃអគ្គនាយកដ្ឋានពន្ធដារ បានពន្យល់ពីមូលហេតុដែលការប្រមូលពន្ធ ក្នុងឆមាសទី១ ឆ្នាំ២០២០នេះ នៅតែកើនឡើង ទោះបីសេដ្ឋកិច្ចកម្ពុជា រងការយាយីដោយជំងឺកូវីដ១៩ក្ដី។

ការពន្យល់របស់លោកអគ្គនាយកដ្ឋានពន្ធដារ ធ្វើឡើងក្នុងកម្មវិធី Live ក្នុង Page Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានពន្ធដារស្ដីពី «ការផ្ដល់សេវា និងបច្ចុប្បន្នភាពព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ»។

លោក គង់ វិបុល បានថ្លែងថា «ទោះបីកម្ពុជាស្ថិតក្រោមការយាយីពីជំងឺកូវីដ១៩ក្ដី ប៉ុន្ដែការប្រមូលពន្ធនៅក្នុងឆមាសទី១ ឆ្នាំ២០២០ បន្ដកើនឡើងចំនួន១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ កំណើនបានដោយសារតែ ឆ្នាំសារពើពន្ធនៃការដាក់លិខិតប្រកាសបង់ពន្ធ នៃប្រាក់ចំណេញប្រចាំឆ្នាំ២០១៩ លើសផែនការជាង២៣ភាគរយ ដូច្នេះកំសួលនៃកំណើនក្នុងឆ្នាំ២០១៩នេះ នៅបន្ដមានសន្ទុះដល់ឆ្នាំ២០២០ ដោយសារតែការប្រកាសបង់ពន្ធនៃប្រាក់ចំណេញ នៅឆ្នាំ២០១៩ ត្រូវយកមកប្រកាសនៅក្នុងឆ្នាំ២០២០ ហើយកម្រិតនៃការចំណេញឆ្នាំ២០១៩ ដែលប្រកាសបង់ក្នុងឆ្នាំ២០២០ មានការកើនឡើងជាងឆ្នាំ២០១៨ទៅទៀត»។

លោកបានបន្ដថា ក្នុងខែមិនា ក្នុងឆ្នាំ២០២០នេះ ចំណូលបានប្រមាណជា៦៦៤លានដុល្លារ ហើយយកមកផ្គួបផ្សំគ្នាបានធ្វើឲ្យចំណូលនេះ មានការកើនឡើងជាងឆ្នាំ២០១៩ ប្រមាណជា១២ភាគរយ ប៉ុន្ដែនិយាយជារួមចំណូលពន្ធដារ បន្ទាប់ពីខែ៣មក មានការថយចុះផងដែរ ដោយសារតែជំងឺកូវីដ១៩ ពិសេសប៉ះពាល់សេដ្ឋកិច្ចកម្ពុជាខ្លាំងណាស់ ក៏ដូចជាប៉ះពាល់សេដ្ឋកិច្ចពិភពលោកទាំងមូល ជាពិសេសលើវិស័យទេសចរណ៍ ជាក់ស្ដែងក្នុងខេត្តសៀមរាប វិស័យទេសចរណ៍ស្ទើរតែស្មើនឹងសូន្យ ប៉ុន្ដែទន្ទឹមនឹងការថយចុះនៃវិស័យទេសចរណ៍ ក៏មានវិស័យផ្សេងទៀតមានភាពនឹងធឹង និងកើនឡើងខ្លះផងដែរ។

លោកបញ្ជាក់ថា «៦ខែក្នុងឆ្នាំ២០២០នេះ ចំណូលរបស់អគ្គនាយកដ្ឋាពន្ធដារទប់ទល់បាន ហើយយើងព្យារកណ៍ទុកថា ក្នុងខែកក្កដា, ខែសីហា និងខែកញ្ញា ចំណូលអាចមានការថមថយ ដោយសារការប៉ះពាល់សេដ្ឋកិច្ច ដែលគ្មានដំណើរការលើវិស័យមួយចំនួនជាក់ស្ដែងដូចជា ភោគជនីយដ្ឋានមួយចំនួនបានបិទ ទាំងនេះជាការប៉ះពាល់ ប៉ុន្ដែយ៉ាងណាមិញចំណូល៦ខែនេះ នៅមានភាពល្អប្រសើរនៅឡើយ ហើយសម្រាប់ចុងឆ្នាំនេះ យើងគ្រាន់តែរំពឹងទុកថា ជំងឺកូវីដ១៩នេះអាចថមថយ តែបើតាមស្ថានភាពជាក់ស្ដែងមើលទៅ ហាក់បីដូចជាមិនថមថយនោះឡើយ ដូច្នេះចំណូលយើងក៏មានការប្រុងប្រយ័ត្ន និងមានការទប់ស្កាត់ផងដែរ»។

សូមជម្រាបថា នៅឆមាសទី១ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ បានប្រមូលចំណូលពន្ធ-អាករ សម្រាប់ថវិកាជាតិចំនួន ៦ ៨២០.៤៨ប៊ីលានរៀល (ប្រមាណជា ១ ៦៨៤.០៧លានដុល្លារអាមេរិក) ស្មើនឹង៥៩.០៩% នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៧៣៥,៨២ ប៊ីលានរៀល (ប្រមាណជា ១៨១.៦៨ លានដុល្លារអាមេរិក) ស្មើនឹង១២%៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.