មេពន្ធដារប្រាប់មន្ត្រីរបស់ខ្លួនឲ្យចងចាំថា...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

មេពន្ធដារប្រាប់មន្ត្រីរបស់ខ្លួនឲ្យចងចាំថា អង្គភាពពន្ធដារមិនមែនជាកន្លែងខ្លាញ់ សម្រាប់ប្រមូលលុយចូលហោប៉ាវទេ ប៉ុន្តែជាកន្លែងប្រមូលចំណូលជូនរដ្ឋ (Video inisde)

(ភ្នំពេញ)៖ ថ្លែងទៅកាន់មន្ត្រីពន្ធដារប្រមាណជាង៩០០នាក់ ដែលកំពុងបម្រើការងារ និងទើបប្រឡងជាប់ចូលបំពេញការងារថ្មី នៅអគ្គនាយកដ្ឋានពន្ធដារ, លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ បានប្រាប់ឲ្យមន្ត្រីរបស់ខ្លួន ជម្រុះចោលនូវផ្នត់គំនិតមួយចំនួន ដែលចាត់ទុកថា ការចូលបម្រើការងារនៅអង្គភាពពន្ធដារ គឺជាកន្លែងខ្លាញ់ដើម្បីប្រមូលលុយចូលហោប៉ាវរបស់ខ្លួន ប៉ុន្តែផ្ទុយទៅវិញត្រូវគិតថា បម្រើការងារនៅពន្ធដារ ដើម្បីប្រមូលចំណូលចូលថវិកាជាតិ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោក និងលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អញ្ជើញក្នុងកម្មវិធីធ្វើ បាឋកថា ស្តីពី «ច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ» ដោយអង្គភាពប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ នៅសណ្ឋាគារសូហ្វីតែល។

លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគិតថា ការស្វែងយល់ពីច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយនេះ មានសារសំខាន់ខ្លាំង សម្រាប់មន្ត្រីពន្ធដារដែលត្រូវតែចេះដឹង ដោយសារតែមានអ្នកខ្លះមានផ្នត់គំនិតមួយចំនួនថា មកបម្រើការងារនៅអង្គភាពពន្ធដារ ប្រហែលជាមកកន្លែងខ្លាញ់។ ខ្លាញ់មែនកន្លែងពន្ធដារ ប៉ុន្តែខ្លាញ់កន្លែងក្តៅ សម្រាប់ចំហៀវនំ ឬចេកចៀនអីទេ។ អីចឹងសូមកុំយល់ច្រឡំថា កន្លែងខ្លាញ់ឲ្យសោះ»។

ជាមគ្នានេះ លោកអគ្គនាយកបានរំលេចនូវសារសំខាន់ នៃតួនាទីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងកិច្ចពង្រឹងនូវអភិបាលកិច្ចល្អ របស់ប្រទេសកម្ពុជា។

លោកអគ្គនាយកបានសង្កត់ធ្ងន់ទៀតថា «អង្គភាពប្រឆាំងអំពើពុករលួយ បានដើរតួនាទីយ៉ាងសំខាន់ ជាត្រួតពិនិត្យ និងថ្លឹងថ្លែង [Check and Balance] សម្រាប់ឲ្យមន្ត្រីពន្ធដារយកទៅអនុវត្តន៍។ ខ្ញុំបានលើកថា ត្រូវជម្រះអារម្មណ៍គ្នានៅថ្ងៃនេះថា កន្លែងពន្ធដារ គឺមិនមែនជាកន្លែងខ្លាញ់ មកប្រមូលលុយសម្រាប់ខ្លួនទេ គឺជាកន្លែងប្រមូលលុយសម្រាប់រដ្ឋ។ ដូច្នេះសូមកុំភ្លេចយើងមានយន្តការនេះ រាជរដ្ឋាភិបាលបង្កើតនូវអង្គភាពប្រឆាំងអំពើពុករលួយនេះ ដើម្បីពង្រឹងនូវអភិបាលកិច្ចល្អសម្រាប់រដ្ឋទាំងមូល»។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានថ្លែង ចាត់ទុកជោគជ័យនៃការប្រមូលចំណូលពន្ធដារ របស់អង្គភាពពន្ធដារ គឺជាជោគជ័យរបស់ប្រទេសជាតិទាំងមូល។ លោកថា ជោគជ័យនៃការប្រមូលចំណូលពន្ធជូនជាតិនេះ បានរួមចំណែកលើកស្ទួយដល់ជីវភាពរបស់មន្ត្រីរាជការទូទាំងប្រទេស និងបម្រើដល់វិស័យផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការធ្វើកំណែទម្រង់របស់វិស័យពន្ធដារ ដែលបានធ្វើចំណូលពន្ធដារបានកើនឡើងខ្ពស់ ជាលំដាប់ពិសេសរយៈពេល៥ឆ្នាំចុងក្រោយនេះ ក្រោមការដឹករបស់លោក គង់ វិបុល៕


* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv