មន្ទីរពេទ្យខ្នាតយក្សមួយនៅខេត្តត្បូងឃ្មុំ សាងសង់បាន៨០ភាគរយ ចំណាយថវិកាជាង ៥០លានដុល្លារ

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

មន្ទីរពេទ្យខ្នាតយក្សមួយនៅខេត្តត្បូងឃ្មុំ សាងសង់បាន៨០ភាគរយ ចំណាយថវិកាជាង ៥០លានដុល្លារ (Video inside)

(ភ្នំពេញ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា មន្ទីរពេទ្យខ្នាតយក្សមួយនៅក្នុងខេត្តនេះ សាងសង់បាន ៨០ភាគរយហើយ និងថ្លែងទៀតថា បន្ទាប់ពីសាងសង់រួច មន្ទីរពេទ្យមួយនេះ អាចនឹងក្លាយទៅជាមន្ទីរពេទ្យសម្រាប់តំបន់ផងដែរ។

ថ្លែងក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព ទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ» នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព លោកអភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងទៀតថា មន្ទីរពេទ្យដ៏ធំមួយនេះ ទទួលបានថវិកាពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន មានតម្លៃជាង ៥០លានដុល្លារអាមេរិក។

លោក ជាម ច័ន្ទសោភ័ណ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកំពុងតែសាងសង់មន្ទីរពេទ្យខ្នាតធំ ឬយើងអាចហៅថាមន្ទីរពេទ្យខ្នាតយក្សនោះ ដែលជាថវិការបស់រាជរដ្ឋាភិបាលយើង និងមិត្តចិន សម្រេចបាន ៨០ភាគរយហើយ ដែលចំណាយថវិកា ៥០លានដុល្លារអាមេរិក។ ខ្ញុំគិតថា ថ្ងៃក្រោយមន្ទីរពេទ្យនេះអាចក្លាយជាមន្ទីរពេទ្យតំបន់ក៏ថាបានដែរ ដោយសារធំទូលំទូលាយហើយ យើងបានបំពាក់នូវសម្ភារបច្ចេកទេសល្អៗថែមទៀត»។

បើតាមលោកអភិបាលខេត្ត បានឲ្យដឹងបន្ថែមថា ខេត្តត្បូងឃ្មុំ មានស្រុកប្រតិបត្តិ ចំនួន០៧ មន្ទីរពេទ្យបង្អែក០៦ (កម្រិត២មាន៣ និង កម្រិត១ មាន៣) មណ្ឌលសុខភាពចំនួន៧១ និងប៉ុស្តិសុខភាពចំនួន១ មានគ្រែអ្នកជំងឺចំនួន ៣៨០គ្រែ មានបុគ្គលិពេទ្យសរុបចំនួន ៩៩៨នាក់ ក្នុងនោះវេជ្ជបណ្ឌិតឯកទេស ចំនួន៤ នាក់ វេជ្ជបណ្ឌិតចំនួន ១០៥នាក់ គ្រូពេទ្យមធ្យម ចំនួន១១នាក់ ឱសថការី ចំនួន ២២នាក់ ក្រៅពីនេះ មានទន្តបណ្ឌិត គិលានុប្បដ្ឋាកា ឆ្មប អ្នកបច្ចេកទេសមន្ទីរពិសោធន៍ អ្នកបច្ចេកទេសវិទ្យុសាស្រ្ត មន្រ្តីជំនាញក្រៅសុខាភិបាល អ្នកបច្ចេកទេសព័ត៌មានវិទ្យា និងគណនេយ្យចំនួន ៨៥៦នាក់។

ចាប់ពីឆ្នាំ២០១៨ ដល់២០២០ ការផ្តល់សេវាសុខភាពជូនដល់ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផល រួមមាន៖

* ការពិនិត្យពិគ្រោះ និងការព្យាបាលជំងឺ មានចំនួន ៦៥៨ ៨៧៣ ករណី គឺមានការកើនឡើង ១.១៧% ។

* អ្នកជំងឹដែលបានសម្រាកព្យាបាល នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ មានចំនួន ៣៦ ៨៧៥នាក់ គឺមានការកើនឡើង ៣៣.៥% ក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៨-២០១៩ ដែលមានចំនួនត្រឹមតែ ២៧ ៦១៨នាក់។

* ចំពោះអត្រាស្លាប់ជាមធ្យមនៅតាមមន្ទីរពេទ្យ បានបន្តថយចុះជាលំដាប់ ក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា ហើយនៅក្នុងឆ្នាំ២០១៩-២០២០ អត្រាស្លាប់មានត្រឹមតែ ០,១២%ប៉ុណ្ណោះ។

* ស្រ្តីមានគភ៌ដែលបានសម្រាលកូនដោយបុគ្គលិកសុខាភិបាលសាធារណៈ នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទូទាំងខេត្ត ពីឆ្នាំ២០១៩ ដល់បច្ចុប្បន្ន មានចំនួន ១០ ៤៦០នាក់។ អត្រានេះប្រហាក់ប្រហែលជាមួយលទ្ធផលឆ្នាំមុនៗ ពោលគឺសម្រេចបានតាមគោលដៅកំណត់ប្រចាំឆ្នាំ។

* ការប្រយុទ្ធនឹងជំងឺឆ្លង ដោយផ្តោតអន្តរាគមន៍ជាសំខាន់គឺ កាត់បន្ថយបន្ទុកមេរោគអេដស៍ របេង និងជំងឺឆ្លងដ៏ទៃទៀត។ ជាក់ស្ដែង អ្នកជំងឺអេដស៍សកម្មចំនួន ១ ៥១៤នាក់ បានទទួលការថែទាំ និងព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ឬប្រមាណជា៩៩,៩៣% នៃផ្ទុកមេរោគអេដស៍ទាំងអស់ ចំណែកឯអត្រារស់រានមានជីវិត ក្រោយការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ស្ថិតក្នុងកម្រិតខ្ពស់លើសពី ៩០% ក្នុងរយៈពេល ៥ឆ្នាំជាប់ៗគ្នា និងបានកើនដល់ ៩៧,២៥% នៅឆ្នាំ២០២០នេះ ។

* ការប្រយុទ្ធប្រឆាំងនឹងជំងឺរបេង អត្រាជាសះស្បើយនៃការព្យាបាលជំងឺរបេងស្ថិតក្នុងកម្រិតខ្ពស់លើសពី ៩៦,០៨% និងបានកើនដល់ ៩៨,៤៥% នៅឆ្នាំ២០២០៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.