មន្ត្រីមន្ទីររៀបចំដែនដីខេត្តប៉ៃលិន ស្បថមុខយាយយ៉ាតបញ្ជាក់ភាពស្អាតស្អំ ក្រោយបាត់ប្លង់ដីជាច្រើនសន្លឹក

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

មន្ត្រីមន្ទីររៀបចំដែនដីខេត្តប៉ៃលិន ស្បថមុខយាយយ៉ាតបញ្ជាក់ភាពស្អាតស្អំ ក្រោយបាត់ប្លង់ដីជាច្រើនសន្លឹក

(ប៉ៃលិន)៖ មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបាននាំយកទៅស្បថនៅមុខយាយយ៉ាត ដែលជាវត្ថុស័ក្តិសិទ្ធក្នុងខេត្ត ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគេ បន្ទាប់ពីវិញ្ញាបនបត្របញ្ជាក់ពីការកាន់កាប់ដីជាច្រើនសន្លឹកត្រូវបានបាត់។

ពិធីស្បថស្បែនេះបានធ្វើឡើងកាលពីថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធមួយចំនួនបានទៅពិនិត្យមើលការស្បថនេះផងដែរ។

នៅចំពោះមុខយាយយ៉ាត អ្នកដឹកនាំស្បថបានអានពាក្យសម្បថ ដែលគេបានសរសេររួចជាស្រេចនោះថា មន្ត្រីនៃមន្ទីរទាំងអស់ប្រព្រឹត្តដោយស្មោះត្រង់ទៅតាមច្បាប់ ហើយបើគេធ្វើផ្ទុយនោះ សូមឱ្យពួកគេជួបគ្រោះថ្នាក់ចរាចរណ៍ ពេលដើរតាមផ្លូវគោក ជួបគ្រោះលិចលង់ធ្វើដំណើរតាមផ្លូវទឹក ហើយបើនៅផ្ទះឱ្យភ្លើងឆេះផ្ទះ ស្លាប់ចោលឪពុកម្តាយវិនាសហិនហោចទ្រព្យសម្បត្តិ។

មន្ត្រីខេត្តប៉ៃលិន បានឱ្យដឹងថា ការស្បថនេះបានធ្វើឡើង បន្ទាប់ពីវិញ្ញាបនបត្រកាន់កាប់អចលនទ្រព្យរបស់ប្រជាពលរដ្ឋជាច្រើនសន្លឹក ត្រូវបានបាត់ និងមានភាពមិនប្រក្រតី។

ទន្ទឹមនឹងការស្បថនេះ មន្ត្រីអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងបើកការស៊ើបអង្កេតលើការបាត់ និងភាពមិនប្រក្រតីនៃការបាត់វិញ្ញាបនបត្រកាន់កាប់អចលនទ្រព្យនេះផងដែរ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.