ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវលើដីអតីតសមរភូមិតាមព្រំដែនកម្ពុជា-ថៃ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធផ្លូវលើដីអតីតសមរភូមិតាមព្រំដែនកម្ពុជា-ថៃ ប្រវែងជិត ២០០គីឡូម៉ែត្រ (Video inside)

(ភ្នំពេញ)៖ ផ្លូវជាតិលេខ៥៨ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា និងថៃ ប្រវែងជាង ១៧៤គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ បិទបញ្ចប់ការសាងសង់ជាស្ថាពរ និងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ស្អែកនេះហើយ។ ផ្លូវមួយខ្សែលើដែនដីអតីតសមប្រយុទ្ធ ក្នុងប្រវត្តិសាស្ត្រដ៏ឈឺចាប់របស់កម្ពុជានេះ បានចំណាយពេលសាងសង់ជិត ៤ឆ្នាំ ជាមួយថវិកាជិត ១២៣លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នឹងអញ្ជើញជាអធិបតីភាពរួមគ្នាសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវដ៏មានសារៈសំខាន់មួយខ្សែនេះ។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងប្រជាពលរដ្ឋរាប់ពាន់នាក់ ក៏នឹងអញ្ជើញចូលរួមអបអរសាទរចំពោះសមិទ្ធផល ជាប្រវត្តិសាស្ត្រលើដីជាយដែននេះផងដែរ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ៥៨ មានប្រវែងសរុប ១៧៤.១៦គីឡូម៉ែត្រ តភ្ជាប់ពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ ក្នុងនោះផ្លូវមេមានប្រវែង ១៦៥.១៨គីឡូម៉ែត្រ។ ផ្លូវនេះឆ្លងកាត់ខេត្តបន្ទាយមានជ័យ ប្រវែង ៩២គីឡូម៉ែត្រ និងខេត្តឧត្តរមានជ័យ ប្រវែង ៧៣.១៨គីឡូម៉ែត្រ និងផ្លូវខ្នែងចំនួន ០៤ខ្សែ មានប្រវែងសរុប ៨.៩៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៥៨ ចូលទៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ផ្លូវជាតិមួយខ្សែនេះ ត្រូវបានសាងសង់ស្របទៅតាមស្តង់ដារផ្លូវថ្នល់កម្រិត៣ នៃបទដ្ឋាន បច្ចេកទេសរបស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុប ១២ម៉ែត្រ ក្រាលកៅស៊ូពីរស្រទាប់ (DBST) ទទឹង ១០ម៉ែត្រ។ ផ្លូវមួយខ្សែនេះ ត្រូវបានសាងសង់ស្ពានតភ្ជាប់ចំនួន ៤៧កន្លែង ប្រវែងសរុប ១,៥៧៤ម៉ែត្រ។

លោករដ្ឋមន្ត្រីបន្តថា ផ្លូវមួយខ្សែនេះចំណាយថវិកាសរុប ១២២.៩៨លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។ ផ្លូវនេះសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃគ្រុប ខូអិលធីឌី (Shanghai Construction Group Co., Ltd.) និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co., Ltd) ដោយប្រើរយៈពេលសាងសង់ចំនួន ៤៣ខែ គិតចាប់ពីខែមិថុនា ឆ្នាំ២០១៥ ដល់ខែមករា ឆ្នាំ២០១៩។

ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ជាពិសេសតំបន់ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥៨ គឺជាអតីតសមរភូមិសង្គ្រាមរវាងខ្មែរ និងខ្មែរ ដ៏ស្រួចស្រាវបំផុតមុនឆ្នាំ១៩៩៨។ ផ្លូវជាតិលេខ៥៨ គឺជាសមិទ្ធផលដ៏ថ្លៃថ្លាមួយកើតចេញពីផ្លែផ្កានៃនយោបាយឈ្នះ-ឈ្នះរបស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានបញ្ចប់ទាំងស្រុងនូវសង្រ្គាមដ៏រ៉ាំរ៉ៃរវាងខ្មែរ និងខ្មែរ ហើយបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចពាសពេញផ្ទៃប្រទេស។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ផ្លូវជាតិលេខ៥៨ គឺជាខ្សែផ្លូវយុទ្ធសាស្រ្តសម្រាប់ការពារជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍ ស្ថិតនៅស្របតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដោយតភ្ជាប់ទំនាក់ទំនងរូបវ័ន្ត ស្ថាប័ន និងប្រជាជន រវាងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ និងជាមួយរាជធានី-ខេត្តផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី បានគូសរំលេចថា សុខសន្តិភាពពេញលេញទូទាំងប្រទេស បានប្រែក្លាយតំបន់នៅតាមសងខាងផ្លូវជាតិនេះ ដែលធ្លាប់តែជាសមរភូមិប្រយុទ្ធ និងដីចំការមីន ទៅជាតំបន់សំបូរទៅដោយដីមានជីវជាតិ មានប្រជាពលរដ្ឋរស់នៅច្រើនកុះករ ប្រកបមុខរបរធ្វើអាជីវកម្ម កសិកម្ម និងស្រែចំការ ជាពិសេសដំណាំស្រូវ និងដំណាំកសិ-ឧស្សាហកម្មជាច្រើនផ្សេងទៀត ដូចជា ដំឡូងមី ពោត សណ្តែកជាដើម។

លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា តាមរយៈខ្សែផ្លូវនេះ ការធ្វើដំណើរ និងការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សហកម្មរបស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនធុរកិច្ច ទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែនកម្ពុជា-ថៃ នៅប៉ោយប៉ែត អូរស្មាច់ អូរបីជាន់ បឹងត្រកួន ជប់គរគី និងថ្មដូន នឹងកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងចំណាយពេលតិច។ ទាំងនេះជាកត្តាយ៉ាងសំខាន់ ចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យប្រសើរឡើងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅទាញយកអត្ថប្រយោជន៍ឱ្យបានច្រើនលើសលប់ពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន តំបន់ និងពិភពលោក៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv