ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន គ្រោងសាងសង់លើផ្ទៃដីប្រមាណ ២៥ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន គ្រោងសាងសង់លើផ្ទៃដីប្រមាណ ២៥ហិកតា ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ (Video inside)

(ពោធិ៍សាត់)៖ គម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន «SAMDACH HUN SEN SPORT CENTER» ដែលមានតម្លៃខ្ទង់លានដុល្លារត្រូវបានលោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ពិភាក្សាអនុម័តលើគម្រោងសាងសង់ ដើម្បីជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡា និងដើម្បីជំរុញវិស័យកីឡាបាល់ទាត់កម្ពុជា ឱ្យកាន់តែរីកចម្រើន។

រដ្ឋបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា បើតាមកិច្ចប្រជុំពិភាក្សាគម្រោងសាងសង់ពហុកីឡដ្ឋានសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅសាលវីដេអូ Conference សាលាខេត្តពោធិ៍សាត់, លោក កែវ រតនៈ និងលោក ម៉ៅ ធនិន បានលើកឡើងថា គម្រោងអភិវឌ្ឍន៍នេះសាងសង់ឡើង ដើម្បីបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្តផង និងអាចជាការឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជាផងដែរ។

ការសម្រេចចិត្តសាងសង់ពហុកីឡាដ្ឋានថ្មីនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកភាពគាំទ្រ ក្នុងឱកាសដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខកម្មករ-កម្មការិនីនៅរោងចក្រ សហគ្រាសនានា ក្នុងខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ ដើម្បីអភិវឌ្ឍវិស័យកីឡារបស់កម្ពុជា និងមួយផ្នែកទៀត សម្រាប់កម្ពុជាឈានឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាតំបន់អាស៊ាន «Sea Game» នៅឆ្នាំ២០២៣។

ថ្នាក់ដឹកនាំទាំង២ បានបន្ថែមថា គម្រោងពហុកីឡដ្ឋាននេះ អាចសាងសង់នៅលើផ្ទៃដីប្រមាណ ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ (វាលសម្តេចយស)។ ពហុកីឡដ្ឋាននេះរួមមាន៖ ទីលានបាល់ទាត់ខ្នាតអន្តរជាតិ, ទីលានមហោស្រព, ទីលានបាល់ទះ, ទីលានបាល់បោះ, ទីលានរត់ប្រណាំង, ទីលានវាយសី, កន្លែងអង្គុយទស្សនា, កន្លែងហាត់ប្រាណ, ប្រព័ន្ធផ្លូវខ្វាត់ខ្វែង (៨ទៅ១០ម៉ែត្រ), វាលស្មៅ, កន្លែងក្មេងលេង, កន្លែងអង្គុយលេង, ស្រះទឹក និងកន្លែងចតរថយន្ត ។ល។

បច្ចុប្បន្នរដ្ឋបាលខេត្ត ក្រុមការងារចុះមូលដ្ឋានស្រុកក្រគរ មន្ទីរជំនាញ និងផ្នែកឯកជន កំពុងសហការគ្នាអនុវត្តន៍គម្រោងនេះ ដោយបានឈូសឆាយចាក់ដីបានមួយផ្នែកហើយ៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយគ្របដណ្តប់ទូទាំងប្រទេសតាមរយៈផ្កាយរណប និងខ្សែកាប PPCTV ប៉ុស្តិ៍ 76, DTV ប៉ុស្តិ៍ 19, SkyOne ប៉ុស្តិ៍ 26, One TV ប៉ុស្តិ៍ 18, CCTV ប៉ុស្តិ៍ 37 និងទូរទស្សន៍ខ្សែកាប ២៥រាជធានី-ខេត្ត និងផ្សាយព័ត៌មានថ្មីៗចុងក្រោយតាមប្រព័ន្ធ App, Website, TV Channel, Radio, YouTube, Facebook, English, Chinese, Telegram.