ពលរដ្ឋ៖ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ប្រើគ្រឿងចក្រជួសជុលផ្លូវ បណ្ដាលឲ្យប៉ះពាល់ផ្ទះ សួនច្បារ និងសម្ដី...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

ពលរដ្ឋ៖ ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ប្រើគ្រឿងចក្រជួសជុលផ្លូវ បណ្ដាលឲ្យប៉ះពាល់ផ្ទះ សួនច្បារ និងសម្ដីមិនសមអ្នកដឹកនាំ

(ភ្នំពេញ)៖ លោក ស្តើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ រងការចោទប្រកាន់ថា បានបញ្ជាគ្រឿងចក្រទៅឈូសឆាយជួសជុលផ្លូវ ទាំងគ្មានការជូនដំណឹងជាមុន និងប្រើសម្ដីមិនសមជាអ្នកដឹកនាំ ដែលបណ្ដាលឲ្យប៉ះពាល់ ខូចខាតសួនច្បារ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរស់នៅមួយកន្លែង ស្ថិតក្នុងក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញ។

ប្រជាពលរដ្ឋ ដែលរងការខូចខាតសួនច្បារ និងផ្ទះសម្បែងនូវមួយអន្លើ ដោយសារចៅសង្កាត់គីឡូម៉ែត្រលេខ៦ បញ្ជាគ្រឿងចក្រទៅឈូសឆាយជួសជុលផ្លូវបណ្ដាលឲ្យប៉ះពាល់ខាងលើនេះ តាមរយៈភ្នាក់ងារព័ត៌មាន Fresh News លោក ហាស់ កំសាន្ដ នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអះអាងថា «ពិតជាមានការពេញចិត្ត និងសាទរ ចំពោះការអភិវឌ្ឍន៌ក្នុងមូលដ្ឋាន (ជួសជុលផ្លូវ) តែបើការអភិវឌ្ឍន៌ ធ្វើឲ្យប្រជាពលរដ្ឋកើតការក្តៅក្រហាយ មិនសប្បាយចិត្តបែបនេះ គួរតែធ្វើការពិចារណាឡើងវិញផង»។

ប្រជាពលរដ្ឋ ដែលរងការខូចខាតសួនច្បារ និងផ្ទះសម្បែងនេះ ក៏សូមសំណូមពរដល់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏ដូចជាថ្នាក់ដឹកនាំនានា មេត្តាជួយពិនិត្យឡើងវិញ បើសិនជាអាច សូមជួយអប់រំបន្ថែមចំពោះរបៀបរបបធ្វើការ និងចាត់វិធានការណ៍ ទៅតាមបែបបទរដ្ឋបាលទៅលើលោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦។

ប្រជាពលរដ្ឋជាម្ចាស់សួនច្បារ និងផ្ទះដដែលនេះ អះអាងទៀតថា ពេលគ្រឿងចក្រកំពុងដំណើរការឈូសឆាយកាយជួសជុលផ្លូវបណ្ដាលឲ្យប៉ះពាល់ជញ្ជាំងផ្ទះ សួនច្បារ ដែលជាកម្មសិទ្ធិឯកជននេះ ពួកគាត់ បានទាក់ទងតាមទូរស័ព្ទសាកសួរចង់ដឹងពីមូលហេតុទៅលោក ស្ដើង ម៉ានិត ប៉ុន្តែការឆ្លើយតបមកវិញ បែបច្រងេងច្រង៉ាង សម្តីសម្តៅមិនសមជាអ្នកដឹកនាំសោះឡើយ ដោយគាត់ថា៖ «គាត់អត់ធ្វើការថ្ងៃសៅរ៏-អាទិត្យទេ ចាំថ្ងៃចន្ទមកដោះស្រាយនៅសង្កាត់ ខូចខាតឫប៉ះពាល់អីគាត់ចេញសងវិញ ហើយក៏បិទទូរស័ព្ទ»។

យ៉ាងណាក៍ដោយ ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ ភ្នាក់ងារ Fresh News បានព្យាយាមទំនាក់ទំនងទៅលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវដែរ ដើម្បីសុំការបញ្ជាក់ខ្លះៗ ប៉ុន្តែលោក បានជម្រុញឲ្យមកសួរនាំលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌវិញ នៅតែគ្មានការឆ្លើយតប ឯលោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ឯណេះវិញ ក៍ខលទូរស័ព្ទមិនចូលដែរ សង្ស័យអាចបណ្ដាលមកពីថ្ងៃអាទិត្យទី២២ ខែធ្នូនេះ រដ្ឋមិនធ្វើការ ហើយបិទទូរស័ព្ទចោលតែម្ដង៕