(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០% នោះទេ កម្ពុជាបានត្រៀម..

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០% នោះទេ កម្ពុជាបានត្រៀមស្មារតីរួចជាស្រេចចំពោះការបាត់ EBA (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានថ្លែងបញ្ជាក់ជាថ្មីថា កម្ពុជានឹងមិនស្នើសុំប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ២០ភាគរយ ពីសហភាពអឺរ៉ុបទៀតនោះទេ ដោយសារកម្ពុជាបានត្រៀមស្មារតី ចំពោះការបាត់បង់ EBA ២០%នេះរួចហើយ។

ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពិធីថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 និងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា «កម្ពុជាបានបម្រុងទុករួចហើយថា នឹងមិនមានការវិលត្រឡប់របស់ EBA ដែល EU បានព្យួរនោះទេ។ សូមបញ្ជាក់ជូនប្រជាពលរដ្ឋកម្ពុជា និងអ្នកនយោបាយកម្ពុជាឲ្យបានជ្រាបថា កម្ពុជានឹងមិនស្នើសុំត្រឡប់មកវិញនូវ EBA ២០ភាគរយនោះទេ នេះជាការឆ្លើយតបបញ្ជាក់ឲ្យច្បាស់ ហើយកុំមកធ្វើចលនាអ្វីឲ្យសោះ ហើយអ្នកនយោបាយក្នុងប្រទេសកុំសង្ឃឹមថា ខ្មោចដែលវាងាប់ទៀតហើយ វាអាចរស់ឡើងវិញបានឲ្យសោះ សូមកុំរង់ចាំ! កម្ពុជាបានត្រៀមស្មារតី ទៅលើបញ្ហាការបាត់បង់ EBA ប្រមាណជា២០ភាគរយ ៨០ភាគរយទៀតហើយនាំចូលធម្មតា ២០ភាគរយត្រូវបង់ពន្ធឲ្យគេ»។

សម្តេចតេជោ ហ៊ុន សែន សង្កត់ធ្ងន់ថា «កម្ពុជាមិនអាចយកច្បាប់របស់ខ្លួនអធិបតេយ្យរបស់ខ្លួន ទៅដោះដូរនូវភាពអនុគ្រោះ២០ភាគរយត្រឡប់មកវិញទេ អ្នកសម្រេចក៏សម្រេចទៅចុះ ហើយ ហ៊ុន សែន មិនស្នើសុំឲ្យមានការយោគយល់ថា បោះឆ្នោតជំទាស់ ឬបោះឆ្នោតប្រឆាំងអ្វីទេ គឺអនុវត្តន៍ចុះ ប៉ុន្តែអ្នកត្រូវតែយល់ថា កម្ពុជាកំពុងដើរលើផ្លូវដែលខ្លួនបានជ្រើសរើស »។

ពាក់ព័ន្ធការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ពី EU នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រាប់ដល់កម្មករ កម្មការិនីសូមកុំព្យាបារម្ភឲ្យសោះ រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថិភាពដើម្បីនឹងទទួលខុសត្រូវ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បើយោងតាមការគិតគូរទំនិញ ដែលកម្ពុជាត្រូវបង់ពន្ធឲ្យអឺរ៉ុបបន្ទាប់ពីព្យួរផ្នែកខ្លះនៃ EBA ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ទៅ ការបង់ពន្ធរបស់កម្ពុជាឲ្យ EU មានត្រឹមត្រូវរង្វង់១០០លានដុល្លារ ដូច្នេះសម្តេចមិនយកអធិបេត្យភាពរបស់កម្ពុជា ទៅដោះដូរនឹងជំនួយនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងករណីរោងចក្រសហគ្រាស ត្រូវព្យូរការងារ ដោយសារខ្វះវត្ថុធាតុដើម ដោយសារវីរុសកូរ៉ណា និងEBA នោះ កម្មករកម្មការិនីកាត់ដេរ នឹងទទួលប្រាក់ខែ៦០% លើប្រាក់ខែអប្បរិមា ដោយនៅក្នុងនោះប្រាក់ខែ៤០% ជាបន្ទុករបស់ថៅកែរោងចក្រ និងប្រាក់២០% ទៀតទទួលបានពីការឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ដើម្បីទទទួលបានប្រាក់ខែនេះ កម្មករកម្មការិនី ត្រូវចូលរួមវគ្គបណ្តុះបណ្តាល ដែលរៀបចំឡើយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ការបណ្តុះបណ្តាលជំនាញខ្លីៗនេះ នឹងជំរុញសមត្ថភាពការងារដល់កម្មករកាន់តែប្រសើរឡើង។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងខិតខំស្វែងរកការងារ ជូនកម្មករធ្វើទៀតផង។

ចំពោះជំនួយដល់រោងចក្រសហគ្រាសវិញ គឺរាជរដ្ឋាភិបាល អាចលើកលែងពន្ធពី៦ខែទៅ១ឆ្នាំ ចំពោះរងចក្រសហគ្រាសណា ដែលរងគ្រោះផលប៉ះពាល់ ពីវីរុសកូរ៉ូណា និង EBA។ សម្តេចតេជោបានប្រកាសពីវិធានការជាច្រើនទៀត ក្នុងការជួយផ្នែកឧស្សាហកម្មកាត់ដេរនេះ៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv