(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ COVID 19 ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ COVID-19 ធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា បញ្ហាបង្កឡើងដោយសារជំងឺរលាកសួតប្រភេទថ្មី របស់មេរោគ COVID-19 នឹងនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេបំផុត។

ការអះអាងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសដែលសម្តេចតេជោនាយករដ្ឋមន្ត្រី អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប ១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ។

ដោយអះអាងថា COVID-19 នឹងធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ខ្លាំងជាងគេ និងដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្នុងប្រទេសផងនោះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកចូលចិត្តដើរលេងក្រៅប្រទេស សូមបង្វែរមកលេងនៅក្នុងប្រទេសវិញ។ ប្រការនេះ ក៏ធ្វើឲ្យប្រជាពលរដ្ឋ ស្គាល់គ្រប់កន្លែងកម្សាន្តនានា ក្នុងប្រទេសផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «អញ្ចឹងទេខាងមុខនេះ ច្បាស់ណាស់ថា បញ្ហាប្រឈមធំជាងគេ គឺវិស័យទេសចរណ៍។ ចំណុចនេះ ខ្ញុំសុំស្នើនិងអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងខិតខំ។ មុននេះឆ្នាំកន្លងទៅ យើងមានទេសចរណ៍ខ្មែរយើង ចេញទៅលេងបរទេសជាង ១លាននាក់ ពេលនេះគួរតែបង្វែរទិសថា មកស្គាល់ស្រុកខ្មែរឲ្យអស់សិន»។

លើសពីនេះ សម្តេចតេជោ ហ៊ុន សែន ថែមទាំងបានជំរុញថា ប្រជាពលរដ្ឋខ្មែរ ដែលទៅលេងកម្សាន្តនៅរមណីយដ្ឋានអង្គរ គួរប្រើមគ្គទេសក៍ទេសចរណ៍ ដើម្បីបានយល់ដឹងពីប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់អ្នកមគ្គទេសក៍ផងដែរ។ សម្តេចបានគូសបញ្ជាក់ថា ការធ្វើបែបនេះមិនមែនជាការចាប់បង្ខំនោះទេ គ្រាន់តែជាការរួមគ្នាជួយដល់មគ្គទេសក៍ទេសចរណ៍។ សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យក្រសួងទេសចរណ៍គិតគូរលើបញ្ហានេះ។

សូមបញ្ជាក់ថា ប្រធានអង្គការនៃក្រុមប្រឹក្សាដំណើរកម្សាន្ត និងទេសចរណ៍ពិភពលោក (WTTC) លោកស្រី Gloria បាននិយាយថា ការរីករាលដាលនៃមេរោគ COVID-19 អាចនឹងធ្វើឲ្យវិស័យទេសចរណ៍ទូទាំងសកលលោក ខាតបង់ថវិកាជាង ២២ពាន់លានដុល្លារ ហើយការខូចខាតនេះ ក៏មានការចូលរួមចំណែកពីការធ្លាក់ចុះ នៃចំនួនអ្នកទេសចរចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

បើតាមលោកស្រី Gloria ទៀតថា ការគណនានេះគឺផ្អែកលើបទពិសោធន៍ នៃវិបត្តិដែលបង្កឡើងដោយជំងឺឆ្លងមុនៗដូចជាជំងឺ SARS ឬ H1N1 ព្រមទាំងផ្ដោតលើការធ្លាក់ចុះភ្ញៀវទេសចរចិន ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីនេះ។ អ្វីដែលជាភាពជាក់ស្តែងនោះ គឺការផ្អាកជើងហោះហើរ និងការណែនាំរបស់រដ្ឋាភិបាល ប្រទេសនានាទូទាំងពិភពលោក ឲ្យប្រជាជនពួកគេមានការប្រុងប្រយ័ត្ន និងកុំធ្វើដំណើរទៅកាន់បណ្តាប្រទេស ដែលមានការផ្ទុះមេរោគ COVID-19 ខ្លាំងក្លានោះ គឺសុទ្ធតែចំណាត់ការ ដែលបង្កផលប៉ះពាល់ធ្ងន់់ធ្ងរ ទៅដល់វិស័យទេសចរណ៍៕

* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv