(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសរបស់អាមេរិកថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ ការប្រកាសរបស់អាមេរិកថា ស្រ្តីជនជាតិអាមេរិកាំង អាយុ៨៣ឆ្នាំ មិនមានផ្ទុក Covid-19 គឺជាការផ្តល់ទំនុកចិត្តលើកម្ពុជា (Video inside)

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ករណីមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងរបស់សហរដ្ឋអាមេរិក USCDC ថា ស្ត្រីជនជាតិអាមេរិក វ័យ៨៣ឆ្នាំនៅម៉ាឡេស៊ី គ្មានផ្ទុករោគសញ្ញា Covid-19 នោះទេ ការបញ្ជាក់នេះបានផ្ដល់នូវជំនឿទុកចិត្តបន្ថែមដល់កម្ពុជា និង សម្រាប់ការមកដល់របស់ទេសចរបរទេសនាវា ​Westerdam នៅកំពង់ផែព្រះសីហនុ។

ការបញ្ជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ រួមមានបញ្ហាអនុគ្រោះពន្ធ EBA, ពាក់ព័ន្ធមេរោគ Covid-19 នឹងបញ្ហាមួយចំនួនពាក់ព័ន្ធសេដ្ឋកិច្ច ដែលរៀបចំធ្វើឡើងនៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយ និងចោទប្រកាន់ពីសំណាក់បណ្តាញផ្សព្វផ្សាយមួយចំនួននោះដែលថា ប្រទេសកម្ពុជា ជាភ្នាក់ចម្លងជំងឺ កូរ៉ូណានោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសម្តងទៀតថា មកដល់ពេលនេះមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ឆ្លងវីរុស កូរ៉ូណា ឬ Covid-19 នោះទេ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ ប្រទេសរបស់យើងមិនទាន់មានពលរដ្ឋខ្មែរណាម្នាក់ ឆ្លងវីរុស Covid-19 នោះទេ អញ្ចឹងល្អសម្រាប់ភ្ញៀវទេសចរណ៍មកកាន់កម្ពុជា គឺនៅតែមានជំនឿទុកចិត្ត ករណីដែលម៉ាឡេស៊ី បានប្រកាសថា ស្ត្រីជនជាតិអាមេរិកកាំងម្នាក់ គ្មានរោគសញ្ញាទាក់ទិន នឹង Covid-19 ហើយការបញ្ជាក់ពីសហរដ្ឋអាមេរិកថា ស្ត្រីរូបនេះអត់មានទេ គឺមានផ្តល់នូវជំនឿទុកចិត្តបន្ថែមសម្រាប់ការមកដល់ នៃទេសចរណ៍បរទេស ទទ្ទឹមគ្នានឹងប្រទេសជាច្រើន ក្នុងតំបន់នេះមានមេរោគនេះរួចស្រេចទៅហើយ»។

តាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, រាជរដ្ឋាភិបាលបានដាក់ចេញវិធានការ៧ចំណុច ដើម្បីជំរុញបង្កើនការធ្វើកម្សាន្តនៅក្នុងស្រុក។
សម្តេចតេជោក៏បានណែនាំឱ្យបង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាមួយប្រទេសជិតខាង ដូចជាសៀមរាប-បាងកក សៀមរាប-ហូជីមិញ ពិសេសតាមរយៈរថយន្តក្រុង ឬតាមរថយន្តផ្ទាល់់ខ្លួន ដោយខិតខំសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាពនូវបញ្ហាប្រឈមនានា ដែលកើតមានឡើងនៅចំណុចទទួលសេវាឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធដទៃទៀត។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបង្គាប់ឱ្យក្រសួងទេសចរណ៍ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជាព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២០ ពិធីបុណ្យប្រពៃណីសាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូតសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។

សម្តេចតេជោក៏បានណែនាំឱ្យរក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែត្រូវបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ ក្នុងនោះសម្រាប់សំបុត្រមួយថ្ងៃអាចចូលមើលបានពីរថ្ងៃ សំបុត្របីថ្ងៃអាចចូលមើលបានប្រាំថ្ងៃ សំបុត្រប្រាំពីរថ្ងៃអាចចូលមើលបានដប់ថ្ងៃ ដើម្បីទាក់ទាញទេសចរឱ្យស្នាក់នៅបន្ថែមក្នុងប្រទេសកម្ពុជា។

សម្តេចបន្តណែនាំឱ្យក្រសួងទេសចរណ៍ ត្រូវរៀបចំកម្មវិធីបណ្ដុះបណ្ដាលដល់កម្មករនិយោជិត ដែលបាត់បង់ការងារពីវិស័យទេសចរណ៍ ដូចជាបុគ្គលិកបម្រើនៅតាមសណ្ឋាគារ ផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍ តាមរយៈការរៀបចំឱ្យមានវគ្គបណ្ដុះបណ្ដាលនូវមុខវិជ្ជាចំណេះដឹងថ្មី ឬការបង្កើតចំណេះដឹងបន្ថែម ការផ្ដល់នូវប្រាក់ខែសមរម្យ។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យបុរសម្នាក់ដែលទទួលកូនស្រីមកពីរៀននៅប្រទេសចិន ដែលថាគ្មានការត្រួតពិនិត្យ នៅព្រលានយន្តហោះ ទៅពិនិត្យមើលព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុងឱ្យបានច្បាស់លាស់ឡើងវិញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីក្រសួងសុខាភិបាល មន្រ្តីសុខាភិបាល ដែលបានធ្វើការត្រួតពិនិត្យគ្រប់ច្រកទាំងអស់ ក្រោយមានផ្ទុះកូរ៉ូណា៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv