(ប្រសាសន៍ដើម)៖ សម្តេចតេជោ ហ៊ុន សែន៖ កម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួល...

Thanks! Share it with your friends!

You disliked this video. Thanks for the feedback!

សម្តេចតេជោ ហ៊ុន សែន៖ កម្មករកាត់ដេរដែលបាត់បង់ការងារដោយឥទ្ធិពលជំងឺ COVID-19 ទទួលប្រាក់ឧបត្ថម្ភ១២០ដុល្លារ រយៈពេល៦ខែ (Video inside)

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការបន្ទាន់នានា ដើម្បីជួយដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ ដែលទទួលផលប៉ះពាល់ ដោយការខ្វះខាតវត្ថុធាតុដើមសម្រាប់ផលិត នឹងទទួលបានការឧបត្ថម្ភប្រាក់ចំនួន១២០ដុល្លារ សម្រាប់រយៈពេល៦ខែ និងទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈផងដែរ។

ការលើកឡើងយ៉ាងដូច្នេះរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសដែលសម្តេច ថ្លែងសារពិសេសមួយ ជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សម្រាប់រោងចក្រ សហគ្រាស ដែលផ្អាកសកម្មភាពផលិតរយៈពេលខ្លី ដោយខ្វះខាតវត្ថុធាតុដើម រោងចក្រ សហគ្រាស ត្រូវចេញប្រាក់ខែចំនួន៤០ភាគរយ នៃប្រាក់ខែអប្បរមារបស់កម្មករនិយោជិត ដែលមានចំនួន១៩០ដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២០ ខណៈរាជរដ្ឋាភិបាលនឹងចូលរួមចំណែក២០ភាគរយ នៃប្រាក់ខែអប្បរមាបន្ថែម សរុប៦០ភាគរយ នៃប្រាក់ខែអប្បបរមា ដែលប្រហែលជា១២០ដុល្លារក្នុង១ខែ។ ដើម្បីបានទទួលនៅការឧបត្ថម្ភនេះ ក្មួយៗជាកម្មករ និយោជិត ត្រូវចូលរួមវគ្គបណ្តុះបណ្តាលខ្លីៗ រវាងពី១ទៅ២សប្តាហ៍ ដែលរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»។

សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលក៏មានផ្តល់សេវាជួយរកការងារឲ្យកម្មករធ្វើ តាមរយៈទីភ្នាក់ងារមុខរបរ (NEA) ដែលអាចជំរុញកម្មករ-និយោជិត ដែលបាត់បង់ការងារឲ្យចាប់យកការងារបានឆាប់រហ័សផងដែរ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរោងចក្រ មិនបង់ប្រាក់វិភាគទានធានារ៉ាប់រងរបបហានីភ័យការងារ និងថែទាំងសុខភាព (បសស) ក្នុងកំឡុងពេលរោងចក្រព្យួរអាជីវកម្មនោះទេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ការផ្ទុះឡើងនៃជំងឺ COVID-19 ផលប៉ះពាល់ដល់ផ្នែកសំខាន់ៗរបស់កម្ពុជា ក្នុងនោះវិស័យ២ប៉ះពាល់ធ្ងន់ជាងគេ គឺទី១៖ វិស័យទេសចរណ៍ និងទី២៖ វិស័យកាត់ដេរ ដោយសារខ្វះវត្ថុធាតុដើម។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ដូចប្រទេសដទៃទៀតនៅក្នុងតំបន់ ជំងឺ COVID-19 នេះ ក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជាដែរ ដែលក្នុងនោះ តាមការវាយតម្លៃបឋម មានវិស័យពីរងផងប៉ះពាល់ធ្ងន់ជាងគេ គឺទី១៖ វិស័យទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកម្សាន្ត និងការបិទជើងយន្តហោះ និងទី២៖ វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិន មិនទាន់បើកដំណើរការឡើងវិញជាប្រក្រតី»។

ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើង ចំពោះវិស័យទាំង២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលមិនឱបដៃនៅស្ងៀម មើលសហគ្រាស និងក្រុមហ៊ុនរងគ្រោះនូវផលប៉ះពាល់ កម្មករ និយោជិតមួយចំនួនបាត់បង់ការងារ ហើយកំណើនសេដ្ឋកិច្ចថមថយចុះ ដែលអាចបង្កជាហានិភ័យ ដល់សង្គមជាតិទាំងមូលនោះឡើយ៕



* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយព័ត៌មានថ្មីៗរៀងរាល់មួយម៉ោងម្តង ពេញ២៤ម៉ោង និងទូទាំង២៥រាជធានី-ខេត្តក្រុង ! ផ្សាយតាមរយៈស្ថានីយ៍ទូរទស្សន៍ខ្សែកាបទូទាំងប្រទេស និងផ្សាយតាមរយៈប្រព័ន្ធ Sky One និង Smart TV, App, Website, Radio, Facebook និង Youtube

http://www.freshnewsasia.tv